Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារអេស៊ីលីដា ទទួលបានចំណាត់ថ្នាក់ល្អ ពីស្ថាប័នវាយតម្លៃឥណទានអន្តរជាតិ សម្រាប់ឆ្នាំ២០២១

ភ្នំពេញ៖ សម្រាប់ឆ្នាំ២០២១នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានចំណាត់ថ្នាក់ល្អ ពីស្ថាប័នវាយតម្លៃឥណទានអន្តរជាតិ ដែលនិងជម្រុញឱ្យធនាគារកាន់តែមានទំនុកចិត្តពីអតិថិជន។ ធនាគារ​អេស៊ីលីដា បាន​ជូន​ដំណឹងថា ការទទួលបានចំណាត់ថ្នាក់នេះ គឺផ្អែកលើ ១.ស្ថានភាពធុរកិច្ចរឹងមាំ ស្ថស្ថិរភាព​លំហូរ​ប្រាក់ចំណូល និង​មូលដ្ឋាន​ប្រាក់​បញ្ញើ​រឹងមាំ និង​​២. ការគ្រប់គ្រង​គុណភាព​ទ្រព្យសកម្ម​បានល្អ​។

លោកស្រី ​ម៉ារ អមរា អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ហិរញ្ញវត្ថុ ​បាន​មានប្រសាសន៍ថា ​នៅ​ថ្ងៃទី​ ២៣ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបាន​ចំណាត់ថ្នាក់ Stand-Alone Credit Profile (SACP) កម្រិត “bb” និង Credit Ratings កម្រិត “B+/Stable/B” ដែលជា​ចំណាត់ថ្នាក់​មួយ​ខ្ពស់​គួរឱ្យកត់សម្គាល់ សម្រាប់​ធនាគារ​នៅ​កម្ពុជា ជាពិសេស​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩​។

លោកស្រី​បាន​បន្តថា​ ជាការ​ពិតណាស់​ការដែល​ធនាគារ អេស៊ីលីដា បានទទួល​ចំណាត់ថ្នាក់​ដ៏​ល្អ​នេះ គឺ​ដោយសារ​ធនាគារ មាន​មូលដ្ឋានគ្រឹះ​មួយចំនួន​ដូចជា​ ស្ថានភាព​ធុរកិច្ច​រឹងមាំ ស្ថិរភាព​លំហូរ​ប្រាក់ចំណូល និង​មូលដ្ឋាន​ប្រាក់​បញ្ញើ​រឹងមាំ និង​ការគ្រប់គ្រង​គុណភាព​ទ្រព្យសកម្ម​បានល្អ​។ លោកស្រី​បាន​បន្តទៀតថា​កត្តា​ទាំងអស់នេះ​ បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ភាពរឹងមាំ​នៃ​បណ្តាញ​ធុរកិច្ច​របស់​ធនាគារ តាមរយៈ​ការរក្សាបាន​នូវ​កំណើន ជោគជ័យ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ភាព​ធន់​។​

លោកស្រី​បាន​បញ្ជាក់ថា​ ការដែល​ធនាគារ​អេស៊ីលីដា ទទួល​ចំណាត់ថ្នាក់​ដ៏​ល្អ ពី​ស្ថាប័ន​វាយតម្លៃ​ឥណទាន​អន្តរជាតិ​នេះ​ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជួយផ្តល់​ជា​គំនិត និង​ការសម្រេច​ចិត្តបាន​យ៉ាង​ឆាប់រហ័ស​ដល់​វិនិយោគិន និង​អតិថិជន​អំពី​ភាព​អាច​ជឿជាក់​បាន ទំនុកចិត្ត ជំនឿ​ចិត្ត និង​សុវត្ថិភាព​ក្នុងការ​វិនិយោគ​ជាមួយ​ធនាគារ​តាមរយៈ​ការប្រើប្រាស់​សេវា ការទិញ​ភាគហ៊ុន ការដាក់​ប្រាក់​បញ្ញើ ការផ្តល់​ប្រាក់កម្ចី ការធ្វើជា​ដៃគូ​អាជីវកម្ម​ជាដើម​។

គួរបញ្ជាក់ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជទីមួយក្នុងប្រទេសកម្ពុជា ដែលបានបោះផ្សាយបោះផ្សាយ​មូលបត្រកម្មសិទ្ធជាសាធារណៈ នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា៕

×