សៀមរាប ៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពី ការរៀបចំប្រារព្ធពិធីបុណ្យ “រំលឹកគុណអង្គរ” នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ដោយមានការសម្តែងល្ខោនស្បែកធំ នាពេលរាត្រី និង ការរៀបចំស្តង់ពិពរណ៍សមិទ្ធផល និងសកម្មភាពការងាររបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជាការបើកការទស្សនាការដ្ឋាន ជួសជុលនានាក្នុងរមណីយដ្ឋានអង្គរជូនភ្ញៀវជាតិ-អន្តរជាតិ។
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់មេត្តាជ្រាបថា៖ ដើម្បីចូលរួមអបអរសាទរខួបជិត ៣០ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ដែលជានិមិត្តរូបជាតិ វឌ្ឍនភាពជាតិ សាមគ្គីភាព និងសុខសន្តិភាព ក៏ដូចជារំលឹកគុណដល់បុព្វបុរស និងបុព្វការីជនខ្មែរ គ្រប់ជំនាន់ អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធីបុណ្យ “រំលឹកគុណអង្គរ” នៅក្នុងរមណីយដ្ឋានអង្គរ ដែលនឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។
ពិធីបុណ្យដ៏មានសារៈសំខាន់នេះ នឹងរួមមានការប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ និងការដាក់បាតព្រះសង្ឃ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅថ្ងៃបើកពិធីបុណ្យ “រំលឹកគុណអង្គរ” ការសម្តែងល្ខោនស្បែកធំ នាពេលរាត្រី និង ការរៀបចំស្តង់ពិពរណ៍សមិទ្ធផល និងសកម្មភាពការងាររបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជាការបើកការទស្សនាការដ្ឋាន ជួសជុលនានាក្នុងរមណីយដ្ឋានអង្គរជូនភ្ញៀវជាតិ-អន្តរជាតិ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ផងដែរ។
ដោយឡែក មុនការប្រារព្ធពិធីនេះ ក៏នឹងមានការប្រារព្ធពិធីសាសនា និងការសម្ដែងសិល្បៈ ជាពិសេសការ សម្តែងល្ខោនបាសាក់ឧបត្ថម្ភគាំទ្រ ដោយវិស័យឯកជនផងដែរ នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅបរិវេណ ប្រាសាទភ្នំបាខែង និងទីលានជល់ដំរី ក្រុងអង្គរធំ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី