Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិនៃកម្ពុជា ប្រកាសជាផ្លូវការនូវការអនុវត្ត យុទ្ធសាស្ត្រជាតិស្តីពី បរិយាបន្ន ហិរញ្ញវត្ថុឆ្នាំ២០១៩ -២០២៥ និងការដាក់ឱ្យដំណើរការ យុទ្ធនាការ “តោះ! និយាយាពី លុយ៖ តក់ៗពេញបំពង់”

ធនាគារជាតិនៃកម្ពុជា បានប្រកាសជាផ្លូវការនូវការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ និងការដាក់ឱ្យដំណើរការជាផ្លូវការ យុទ្ធនាការ “តោះ! និយាយាពីលុយ៖ តក់ៗពេញបំពង់”។ កម្មវិធីនេះបានធ្វើឡើងកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដែលមានអ្នកចូលរួមជាង ៤០០នាក់។ ក្នុងនោះជាង ៣០០នាក់ទស្សនាការផ្សាយផ្ទាល់តាម ZOOM។

ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា លោកជំទាវ អ៊ុក ម៉ាលី មានប្រសាសន៍​ក្នុងសិក្ខាសាលា​ផ្សព្វផ្សាយស្តីពី ការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីបរិ​យាបន្ន​ហិរញ្ញវត្ថុ ​ឆ្នាំ​២០១៩-២០២៥ និងការដាក់ឱ្យដំណើរការជាផ្លូវការ យុទ្ធនាការ “តោះ! និយាយពីលុយ៖ តក់ៗពេញបំពង់” ថា៖«យុទ្ធសាស្រ្តជាតិ ស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ត្រូវបានរៀបចំឡើងស្របតាម​​ចក្ខុវិស័យនៃយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប​ដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា ដែ​ល​ផ្តល់អាទិភាពដល់ការរៀបចំគោលនយោបាយអភិ​វឌ្ឍតាមវិស័យ និងកំណត់វិធានការជាក់ស្តែងជាអាទិភាព។»

លោកជំទាវ អ៊ុក ម៉ាលី មានប្រសាសន៍បន្តថា៖«យុទ្ធសាស្រ្តជាតិនេះ ជាក្រ​បខ័ណ្ឌ​គោលនយោ​បា​យ​ជាតិដោយផ្តោតការយកចិត្តទុ​កដាក់លើការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅ​កម្ពុជា ដែលជាឧបករណ៍សំខាន់មួយគាំទ្រការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០១៦-២០២៥ សំ​ដៅធានាស្ថិរភាពគោលនយោ​បា​យម៉ាក្រូសេដ្ឋកិច្ច និងរក្សាកំណើនសេ​ដ្ឋ​កិច្ចប្រកបដោយចី​រ​ភាព។»

លោកជំទាវបានមានប្រសាសន៍បន្ថែមថា យុទ្ធសាស្រ្តជាតិនេះ បានលើកឡើងនូវគោលនយោបាយ​ដែលចង្អុលបង្ហាញពីគោលដៅ​ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដូចជា៖  ការបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាព កាត់បន្ថយអត្រាស្រ្តី​​ដែល​មិនទាន់ទទួលបានសេវាហិរញ្ញវត្ថុឱ្យបានពាក់កណ្តាល ពី ២៧% មក ១៣% និងពង្រី​ក​ការប្រើប្រាស់​សេវាហិរញ្ញវត្ថុផ្លូវការ ពី ៥៩% ទៅ ៧០% ត្រឹមឆ្នាំ២០២៥ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាព គ្រួសារ និ​ង​គាំទ្រកំណើនសេដ្ឋកិច្ច តាមរយៈសកម្មភាពអាទិភាពចំនួន ៦ រួមមាន៖ ១/- លើកទឹកចិត្តឱ្យមានការសន្សំនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ, ២/- ជំរុញនវានុវត្តន៍សេវាឥណទានសម្រាប់សហគ្រាសធុនតូចនិងមធ្យម, ៣/- ពង្រីកសមត្ថភាពប្រព័ន្ធទូទាត់, ៤/- ពង្រីកការផ្តល់សេវាធានារ៉ាប់រងឱ្យ​បានទូលំទូលាយ, ៥/- ពង្រឹងសមត្ថភាពនិយ័តករវិស័យហិរញ្ញវត្ថុ និង ៦/- លើកកម្ពស់សិទ្ធិនិងបង្កើន កិច្ចការពារអតិថិជន ព្រមទាំងបង្កើនតម្លាភាពក្នុងវិស័យហិរញ្ញវត្ថុ។

លោកជំទាវ អ៊ុក ម៉ាលី មានប្រសាសន៍បញ្ជាក់ទៀតថា ការអនុវត្តនូវយុទ្ធសាស្រ្តជាតិ ស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ នឹងរួមចំណែក​ដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការបង្កើតយុទ្ធសាស្រ្ត សេវាហិរ​ញ្ញ​វត្ថុ និងម៉ូឌែល​អាជីវកម្មដែលមានគុណតម្លៃកាន់តែប្រសើរចំពោះប្រជាជនដែលមានប្រា​ក់​ចំណូ​ល​ទាប និងជួយដល់​កំណើនសេដ្ឋកិច្ចនិងសុខុមាលភាពសង្គម ព្រមទាំងជំរុញឱ្យមានកិច្ចសហការកាន់តែជិតស្និទ្ធរវាងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានាផងដែរ។

គួរបញ្ជាក់ថា ផ្នែកមួយនៃការអនុវត្តនូវយុទ្ធសាស្រ្តជាតិ ស្តីពី បរិយា​ប​ន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ថ្ងៃនេះ ធនាគារជាតិនៃកម្ពុជានឹងដាក់ឱ្យដំណើរការជាផ្លូវការយុទ្ធនាការ “តោះ! និយា​យ​ពីលុ​យ​៖ តក់ៗពេញបំពង់”។  ធនាគារជាតិនៃកម្ពុ​ជា​ បានសហការជាមួយអង្គការ Good Return ក្នុងការអនុវត្តគម្រោ​ង​នៃយុទ្ធនាការផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ ឈ្មោះថា “តោះ! និយាយពីលុយ” កាលពីឆ្នាំ២០១៦ ដែលយុទ្ធនាការនេះទទួ​ល​បានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន។

ដោយយល់ឃើ​ញពីភាពជោគជ័យនៃយុទ្ធនាការនេះ និងក្នុងគោលបំណងលើកកម្ពស់ការផ្សព្វផ្សាយ​ចំណេះដឹងផ្នែកហិរញ្ញវត្ថុបន្ថែមទៀត យុ​ទ្ធនាការថ្មីមួ​យ​ទៀតដែលមានឈ្មោះថា “តោះ! និយា​យ​ពីលុ​យ​៖ តក់ៗ ពេញបំពង់” ត្រូវបានបង្កើតឡើង ដោយផ្តោតជាចម្បងលើសារៈសំខាន់នៃការ​គិតគូរឱ្យបាន​ដិតដល់ ការថ្លឹងថ្លែងជម្រើសផលិ​ត​ផ​​ល​និងសេវាហិរញ្ញវត្ថុ និងការរៀបចំផែនការសក​ម្ម​ភាព ដើ​ម្បី​ជួយអ្នក​ប្រើប្រាស់ឱ្យទទួលបានការយល់ដឹងកាន់តែប្រ​សើ​រអំពីសិទ្ធិ ការទទួលខុសត្រូវ និ​ង​ការចូលរួមក្នុងការ​សម្រេចចិត្តផ្នែកហិរ​ញ្ញ​វត្ថុ។ យុទ្ធនាការថ្មីនេះ មានប្រធានបទគន្លឹះចំនួន ៤ រួមមាន៖ ១/- ការគ្រប់គ្រងលុយកាក់របស់អ្នកឱ្យ​បានកាន់តែប្រសើ​រ, ២/- ការត្រៀមខ្លួនសម្រាប់រឿងដែលកើតឡើងដោយមិនបានព្រាងទុក, ៣/- ការយល់ដឹងអំពីសិទ្ធិនិងការទទួលខុសត្រូវ និង ៤/- និយាយចេញមក។

ថ្លែងចំណាប់អារម្មណ៍អបអរសាទរ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ឈាង វណ្ណារិទ្ធ មានប្រសាសន៍ថា៖«ការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ និងការដាក់ឱ្យដំណើរការជាផ្លូវការ យុទ្ធនាការ “តោះ! និយាយាពីលុយ៖ តក់ៗពេញបំពង់” ពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់ការចូលរួមចំណែក និង ពង្រឹងការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តវិធានការគោលនយោបាយនានា ដែលបានដាក់ចេញ ដើម្បីសម្រេចឲ្យ បាននូវគោលដៅរួម គឺការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា»។

លោក ឈាង វណ្ណារិទ្ធ បានបន្តថា ការបន្តជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិ ស្តីពី បរិយា​ប​ន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ប្រកបដោយប្រសិទ្ធភាពខ្ពស់ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុង ការបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ដែលមានគុណភាព តម្លៃសមរម្យ និងមានកិច្ចការពារស្របច្បាប់ ជាពិសេស កាត់បន្ថយអត្រាក្រុមជនដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុ ដើម្បីធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពសង្គម បង្កើនប្រាក់ចំណូល ដល់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងចូលរួមចំណែក ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជារួម។

ជាក់ស្តែង លោកថា យុទ្ធសាស្រ្តនេះ បានដាក់ចេញ សកម្មភាពអាទិភាពសំខាន់ៗ ដូចជា៖ លើកទឹកចិត្តឲ្យមានការសន្សំនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ជំរុញនវានុវត្តន៍ផលិតផលឥណទានសម្រាប់សហគ្រាសធុនតូចនិងមធ្យម ពង្រីកសមត្ថភាពប្រព័ន្ធទូទាត់ ពង្រីកការផ្តល់សេវាធានារ៉ាប់រងឲ្យបានទូលំទូលាយ លើកកម្ពស់សិទ្ធិអតិថិជន និងបង្កើនតម្លាភាពក្នុងវិស័យហិរញ្ញវត្ថុ។ ជាងនេះទៅទៀត ការបន្តជំរុញការអនុវត្តនូវ យុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ក៏ជាកិច្ចការមួយយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកសម្រេចឲ្យបានជោគជ័យនូវ យុទ្ធសាស្រ្តអភិវឌ្ឍន័វិស័យហិរញ្ញវត្ថុ ឆ្នាំ ២០១៦-២០២៥ ជាពិសេស ក្នុងការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ ដែលជាមូលដ្ឋានចាំបាច់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពធន់៕

×