ភ្នំពេញ-ស្ងាត់ៗផលិតកម្ម C2Go បានប្រកាសថាខ្លួនកំពុងតែមានបទចម្រៀងចំនួនប្រមាណជា៣វ៉ុល និងមានភាពយន្តសម្រាប់ដាក់បញ្ចាំងក្នុងរោងដល់ទៅ២រឿងរួចហើយដែលបានថតចប់។ ផលិតករ បានពញ្ញាក់អារម្មណ៍ថា ខ្លួនមិនចង់បង្ហាញមុនឡើយ ពោលលុះត្រាតែសន្សំបានច្រើនទើបបញ្ចេញតែម្តង។
លោក Aten ជានិច្ច ម្ចាស់ផលិតកម្ម C2Go បានលើកឡើងថា លោកអត់ទាន់ប្រកាសបើកដំណើរការផលិតកម្មនៅក្នុងកាលៈទេសៈនេះទេ ដរាបណាផលិតកម្មរបស់លោកមិនទាន់មានស្នាដៃទាំងការផលិតរឿង និងផលិតបទចម្រៀងអោយពេញលក្ខណៈដើម្បីធ្វើការដាក់បង្ហាញ។ លោកថា លោកចង់សម្ងំផលិតបទមិនចម្លងអោយបានច្រើនវ៉ុលសិន ហើយក្នុងពេលដែលប្រកាសអោយដឹងពីផលិតកម្មគឺនឹងបញ្ចេញបទចម្រៀងល្អៗ ដើម្បីអោយមានការប្រកួតប្រជែងតែម្ដង។ ក្នុងនោះលោកក៏ប្រកាសនឹងយកតារាចម្រៀងរបស់លោកអោយបានចេញទៅច្រៀងនៅក្រៅប្រទេសដូចជានៅប្រទេសថៃ កូរ៉េ និងប្រទេសអូស្ត្រាលីជាដើម អោយបានម្ដងពីរដងសិន ដើម្បីអោយថ្ងៃប្រកាសអោយដឹងពីផលិតគឺគេឃើញពីសមិទ្ធផលរបស់តួសម្ដែង និងតារាសម្ដែង។ ជាក់ស្ដែងលោកបានសម្ងំផលិតបាន២រឿងហើយគឺរឿង«ខ្មោចស៊ីឈ្នួល»ដែលត្រៀមដាក់បញ្ចាំងនៅដើមខែមករាខាងមុខនិងរឿង«កំពូលចុងភៅពិសេស»ដែលទើបតែថតបញ្ចប់កាលពីចុងខែតុលាថ្មីៗ។ សម្រាប់បទចម្រៀង គឺអត់មានគោលការណ៍ធ្វើបទបកប្រែនោះទេ គឺនឹងនិពន្ធថ្មីទាំងអស់ តែនឹងមានការច្រៀងឡើងវិញនូវបទប្រភេទចាស់ ដើម្បីរំលឹកពីមរតកខ្មែរ ចំណែកបទចម្លងបរទេសគឺលោកអត់ធ្វើនោះទេ បើទោះជាអាចកាត់បន្ថយការចំណាយបានខ្ពស់។ លោកថារាល់ថ្ងៃផលិតកម្មC2Go ផលិតភាពយន្តខ្នាតធំបាន២រឿង និងផលិតបទចម្រៀងបានប្រមាណជាង៣វ៉ុលហើយ ដោយសមិទ្ធិផលទាំងនេះ គឺមានការទទួលស្គាល់តែម្ដងនៅពេលដាក់បំបុកគ្នានៅលើទីផ្សារ។
ចំណែក ព្រះតេជគុណ នុន ណារ៉ុង គង់នៅវត្តឧណ្ណាលោម ដែលបានសហការនិពន្ធប៉ារ៉ូលចម្រៀង ទម្រង់អប់រំៗ និងនិពន្ធភាពយន្តប្រភេទអប់រំប្រចាំនៅក្នុងផលិតកម្មនេះបានអះអាងថា ផលិតកម្មC2Go ដែលជាផលិតកម្មរបស់លោក ជានិច្ច ជាម្ចាស់អង្គការ «ខ្ញុំខ្មែរ» ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី បានបើកដំណើរការមួយរយៈខ្លីប៉ុណ្ណោះ ប៉ុន្តែគឺមានសមិទ្ធផលក្នុងដៃតែម្ដង ដោយទើបតែបានបញ្ចប់ការផលិតភាពយន្តចំនួន២រឿង ត្រៀមដាក់បញ្ចាំងរោង និងបានផលិតបទចម្រៀងOriginal Song ប្រមាណជា ៦០បទ ដោយបទចំនួន ៣០ជាងត្រូវបានថតច្រៀងរួចហើយ តែមិនទាន់បង្ហោះទូលំទូលាយ។
ព្រះតេជគុណមានថេរៈដីកាថា ធៀបនឹងផលិតកម្មបើកថ្មី ភាគច្រើន ព្រះអង្គយល់ថា ផលិតកម្មមួយនេះមានទម្រង់ខុសប្លែកពីគេ ដោយសារតែមិនទាន់មានការបើកសម្ពោធ ឬបើកប្រកាសពីក្រុមហ៊ុននៅឡើយផង ប៉ុន្តែសម្រុកចេញបទចម្រៀង និងចេញថតរឿងតែម្ដង ដោយព្រះអង្គក៏មានការពេញព្រះទ័យ ដោយសារតែម្ចាស់ផលិតកម្មដែលជាបងធម៌បានផ្ដល់ឱកាសអោយព្រះអង្គបានរួមចំណែកផលិតគំនិត ដែលបានចេះដឹងមួយចំនួននៅក្នុងបទចម្រៀង និងក្នុងសាច់រឿង ដើម្បីដាក់បញ្ចូលក្នុងស្នាដៃសិល្បៈ។ ព្រះអង្គបន្តថា ទ្រង់ស្នាដៃពាក់ព័ន្ធនឹងព្រះគុណម៉ែ និងស្នាដៃដែលមានទម្រង់អប់រំៗច្រើនគួរសម ដើម្បីអោយផលិតកម្មមួយនេះបានដាក់បញ្ចូលនៅក្នុងភាពយន្ត និងបទចម្រៀង ដើម្បីជាប្រយោជន៍ដល់អ្នកទស្សនា៕ ដោយ-គីម ស្រីរ័ត្ន