ប្រទេសចិនកាលថ្ងៃព្រហស្បតិ៍បានច្រានចោល ទៅលើការសម្រេចចិត្តរបស់កាណាដានិងចក្រភពអង់គ្លេសដោយចូលរួមធ្វើ ពហិការកាទូតជាមួយព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្នុងទីក្រុងប៉េកាំងជាមួយសហរដ្ឋអាមេរិកថាជារឿងមិនត្រឹមត្រូវនោះទេ។
ចិនក៏មិនខ្វល់ខ្វាយដែរថា អវត្តមានរបស់មន្ត្រីនានា នឹងបង្កឱ្យមានប្រតិកម្មខ្លាំងនោះទេ ព្រោះថាប្រមុខរដ្ឋ មេដឹកនាំរដ្ឋាភិបាល សមាជិកគ្រួសាររាជ្យវង្សជាច្រើនបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះរួចទៅហើយ។ នេះបើតាមលោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងប្រាប់សារព័ត៌មានជាប្រចាំថ្ងៃ។
ជារួមគិតមកទល់ពេលនេះ ប្រទេសចំនួន៣ហើយដែលបានបញ្ជាក់ថា ពួកគេនឹងមិនបញ្ចូលឥស្សរជនរដ្ឋាភិបាលទៅកាន់ព្រឹត្តិការណ៍កីឡាអូឡាំពិកដែលនឹងប្រារព្វឡើងចាប់ពីថ្ងៃទី ៤ កុម្ភៈដល់ថ្ងៃទី២០ កុម្ភៈ ដើម្បីធ្វើការតវ៉ាចំពោះការរំលោភបំពានសិទ្ធមនុស្សនៅក្នុងប្រទេសចិន។ ខណៈប្រទេសញ៉ូហ្សេលែនក៏បានអះអាងថា ខ្លួននឹងមិនបញ្ចូនមន្ត្រីណាម្នាក់ទៅកាន់ព្រឹត្តិការណ៍កីឡាអូឡាំពិកនេះទេ ដោយផ្អែកទៅលើការរឹតបន្តឹងការធ្វើដំណើរ ក៏ដូចជាបញ្ហាព្រួយបារម្ភជុំវិញសិទ្ធមនុស្សនៅក្នុងប្រទេសចិនផងដែរ។
ទោះបីស្ថិតនៅក្រោមពហិការកាទូត ប៉ុន្តែប្រទេសជាច្រើននៅតែបញ្ចូលអត្តពលិករបស់ពួកគេទៅចូលរួមការប្រកួតនោះដដែល។ លោក Wang បានលើកឡើងថា ៖«ប្រទេសចិនមិនបន្តការអញ្ចើញប្រទេសអាមេរិក កាណាដា រឺក៏ចក្រភពអង់គ្លេសឱ្យចូលរួមទៀទនោះទេ ហើយវាមិនជាបញ្ហាអ្វីនោះដែរទោះបីមន្ត្រីរបស់ពួកគេអញ្ចើញមករឺក៏អត់។ ប៉ុន្តែពួកគេនឹងឃើញពីភាពជោគជ័យនៃព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងទីក្រុងប៉េកាំង។»
លោកបន្តថា៖ «កីឡាមិនពាក់ព័ន្ធជាមួយនឹងនយោបាយនោះទេ ហើយពួកគេ គឺជាអ្នកដែលបានសរសេរ ដឹកនាំ និងអនុវត្តនូវរឿងមួយនេះ។»ជាក់ស្តែង ក្រុមសិទ្ធិមនុស្សបានអំពាវនាវឱ្យធ្វើពហិការទាំងស្រុងចំពោះកីឡារដូវរងានៅទីក្រុងប៉េកាំងនេះ ដោយពួកគេលើកឡើងពីការរំលោភសិទ្ធិមនុស្សរបស់ចិនប្រឆាំងនឹងជនជាតិភាគតិច អ៊ុយហ្គរ នៅក្នុងតំបន់ស៊ីនជាំង ភាគពាយ័ព្យ ប្រទេសចិន ដែលអ្នកខ្លះហៅថា ជាអំពើប្រល័យពូជសាសន៍៕
ប្រភព៖ The Global News