រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Hayashi Yoshimasa បានអះអាងថា ជប៉ុនមានគោលបំណងជំរុញឱ្យចិនទទួលខុសត្រូវនូវសកម្មភាពឯសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត ជាពិសេសបញ្ហាហុងកុង និងតំបន់ស្វយ័តជនជាតិអ៊ុយហ្គួរ ក្នុងខេត្តស៊ីនជាំង។
លោក Hayashi Yoshimasa បានបញ្ជាក់ថា ជប៉ុនប្រឆាំងជាមួយការប៉ុនប៉ងឯកតោភាគីរបស់ចិន ក្នុងការផ្លាស់ប្តូរស្ថានភាពនៅក្នុងសមុទ្រចិនខាងត្បូងនិងខាងកើត។ លោកបន្តថា ជប៉ុនក៏មានក្តីព្រួយបារម្ភខ្លាំងផងដែរ ជុំវិញទៅនឹងស្ថានភាពសិទ្ធមនុស្សនៅក្នុងទីក្រុងហុងកុង និងតំបន់ស្វយ័តស៊ីនជាំងដែលមានជនជាតិអ៊ុយហ្គួររស់នៅ។ នេះបើយោងតាម NHK World។
សូមបញ្ជាក់ថា ការលើកឡើងរបស់លោក Hayashi គឺធ្វើឡើងនៅក្នុងសម័យប្រជុំដំបូងនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស របស់សមាជិកG7 ដែលបានប្រព្រឹត្តឡើងនាទីក្រុង Liverpool របស់អង់គ្លេសកាលពីថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យពេលព្រឹកក្នុងប្រទេសជប៉ុន។ សម័យប្រជុំដំបូងនេះ គឺផ្តោតទៅលើប្រទេសចិន រុស្ស៊ី និងស្ថានភាពក្នុងតំបន់ផ្សេងទៀត។
បន្ថែមពីនេះ រដ្ឋមន្ត្រីការបរទេសជប៉ុនក៏បានថ្លែងអំពីទិដ្ឋភាពនៃការធ្វើពហិការកាទូតចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានាទីក្រុងប៉េកាំងផងដែរ។ ជាក់ស្តែង អ្នកចូលរួមទាំងអស់ គ្រោងនឹងចងក្រងឯកសារស្តីពីលទ្ធផលនៃការពិភាក្សារបស់មន្ត្រីជាន់ខ្ពស់G7 លើបញ្ហាសន្តិសុខ និងសិទ្ធិមនុស្ស ក៏ដូចជាវិធានការរបស់ពួកគេប្រឆាំងនឹងការរាតត្បាតនៃកូវីដ១៩។ ប្រភព៖ South Korea News