Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតនៃប្រទេសអាល្លឺម៉ង់ប្រចាំនៅកម្ពុជាកោតសរសើរប្រព័ន្ធធនាគារនៅកម្ពុជាដែលបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩

កាលពីចុងសប្តាហន៍មុននេះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា  បានអនុញ្ញាតឱ្យ ឯកឧត្តម Cristian Berger ឯកអគ្គរដ្ឋទូតនៃប្រទេសអាល្លឺម៉ង់ប្រចាំនៅកម្ពុជា និងគណៈប្រតិភូដែលរួមមានតំណាងក្រុមហ៊ុនបោះពុម្ពក្រដាសប្រាក់ និងក្រុមហ៊ុន KFW របស់ប្រទេសអាល្លឺម៉ង់ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនៅធនាគារជាតិនៃកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម Cristian Berger បានកោតសរសើរប្រព័ន្ធធនាគារនៅកម្ពុជាដែលបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។ ទន្ទឹមនេះ ឯកឧត្តមក៏បានអបអរសាទរចំពោះ ឯកឧត្តម ទេសាភិបាល ដែលទទួលបានពានរង្វាន់ជាទេសាភិបាលឆ្នើម និងធនាគារជាតិនៃកម្ពុជា ជានិយ័តករឆ្នើមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលទាំងនេះឆ្លុះបញ្ចាំងនូវការទទួលស្គាល់ពីការដឹកនាំក៏ដូចជាការបំពេញភារកិច្ចរបស់ធនាគារជាតិនៃកម្ពុជាប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ទេសាភិបាល បានថ្លែងអំណរគុណចំពោះ ឯកឧត្តម Cristian Berger ដែលតែងតែពង្រឹងការរឹតចំណងសាមគ្គីភាពរវាងប្រទេសអាល្លឺម៉ង់និងកម្ពុជា និងគាំទ្រដល់ធនាគារជាតិនៃកម្ពុជា ក៏ដូចជាការអភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជា។

យ៉ាងណាមិញ ទុនវិនិយោគដែលមានប្រភពមកពីប្រទេសអាល្លឺម៉ង់បានរួមចំណែកយ៉ាង សំខាន់ក្នុងការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុ ចាប់តាំងពីការកកើតដំបូងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នាដើមទសវត្សរ៍ឆ្នាំ១៩៩០ មកម៉្លេះ។

ឯកឧត្តម ទេសាភិបាល ក៏ស្នើឱ្យភាគីអាល្លឺម៉ង់បន្តគាំទ្រការអភិវឌ្ឍប្រព័ន្ធធនាគារកម្ពុជាបន្តទៀត។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសាភិបាល ក៏បានអញ្ជើញគណៈប្រតិភូទៅទស្សនកិច្ចសារមន្ទីសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ដែលបង្ហាញអំពីប្រវត្តិរឿងរ៉ាវនៃស្ថានភាពសេដ្ឋកិច្ចនិងរូបិយវត្ថុកម្ពុជាចាប់តាំងពីសតវត្សរ៍ទី១រហូតដល់បច្ចុប្បន្ន៕

×