នៅពេលផ្សារហ៊ុនបិទនៅថ្ងៃអង្គារម្សិលមិញនេះ ភាគហ៊ុនជាច្រើននៅលើទីផ្សារមានការប្រែប្រួលចុះឡើង ក្នុងចន្លោះពី១០ ទៅ៤០ រៀលក្នុងមួយហ៊ុន។
រាប់ចាប់ពីភាគហ៊ុនដែលមានកំណើនខ្ពស់ជាងគេចុះមកក្រោម ភាគហ៊ុន កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) កើនឡើង ៤០រៀល ខណៈភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ភាគហ៊ុនផេសថិក (PEPC) និងភាគហ៊ុន ឌីប៊ីឌី (DBDE) វិញកើនឡើង ២០រៀល។
ផ្ទុយមកវិញ ភាគហ៊ុនអេស៊ីលីដា (ABC) និង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) បានធ្លាក់ចុះ ២០រៀល និង ១០រៀលរៀងគ្នា។ តម្លៃជួញដូរសរុបរបស់ទីផ្សារគោលមានចំនួន ៣១១,៥លានរៀល ចំណែកទីផ្សារកំណើនវិញមានចំនួន ៦,៧២លានរៀល។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះបន្តិចចំនួន ០,០៨ភាគរយ មកត្រឹម ៤៥៩,៨៩ពិន្ទុ៕