ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅថ្ងៃសុក្រ ទី១៧ បានសម្រេចបោះឆ្នោតគាំទ្រក្នុងការបង្កើតក្រុមអ្នកជំនាញមួយដើម្បីរាយការណ៍អំពីបញ្ហារំលោភសិទ្ធិមនុស្សក្នុងអំឡុងពេលសង្គ្រាមដែលអូសបន្លាយអស់រយៈពេលមួយឆ្នាំនៅក្នុងប្រទេសអេត្យូពី ទោះបីជាមានការតវ៉ាពីទីក្រុង Addis Ababa ក៏ដោយ។
ជាក់ស្តែង ប្រទេសអេត្យូពីបានរិះគន់ចំពោះអ្វីដែលខ្លួនហៅថា «ចិត្តគំនិតអាណានិគមនិយម» បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយសហភាពអឺរ៉ុប ដើម្បីជំរុញឱ្យមានសម័យប្រជុំពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដើម្បីចូលរួមដោះស្រាយបញ្ហាឧក្រិដ្ឋកម្មសង្រ្គាម ដែលអាចកើតមាននៅក្នុងប្រទេសអេត្យូពី។ដំណោះស្រាយនេះត្រូវបានបោះឆ្នោតដោយសហភាពអឺរ៉ុប ហើយជាលទ្ធផលគឺមានការអនុម័តដោយរដ្ឋចំនួន ២១ គាំទ្រ និងជំទាស់មានចំនួន១៥ប្រទេស ក្នុងនោះមានរុស្ស៊ី និងចិន និង១១សម្លេង(ប្រទេស)ផ្សេងទៀ គឺអនុប្បវាទ។
លោក Nada al-Nashif ស្នងការរងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានឱ្យដឹងថា សម័យប្រជុំកាលពីថ្ងៃសុក្រគឺ «ការិយាល័យរបស់យើងបន្តទទួលបានរបាយការណ៍គួរឱ្យទុកចិត្តអំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការរំលោភបំពានដោយគ្រប់ភាគីទាំងអស់»។ការបោះឆ្នោតនេះ បានធ្វើឡើងនៅក្នុងវេទិកាមួយដែលមានសមាជិកចំនួន៤៧រូប នាទីក្រុងទីក្រុងហ្សឺណែវ ប្រទេសស្វីស
ខណៈប្រទេសអាហ្រ្វិកមួយចំនួនដូចជាសេណេហ្គាល់ និងស៊ូដង់បានបដិសេធមិនចូលរួមការបោះឆ្នោត ដែលជាការបង្ហាញមួយនៃក្តីព្រួយបារម្ភរបស់ពួកគេពាក់ព័ន្ធទៅនឹងការរំលោភបំពានសិទ្ធរបស់ពួកគេ ដោយសារពួកគេមិនបានបោះឆ្នោតទេ។
ក្នុងនោះ ក្រុមអ្នកជំនាញនឹងស៊ើបអង្កេតការចោទប្រកាន់អំពីការរំលោភសិទ្ធិ និងការរំលោភបំពានដោយគ្រប់ភាគីជម្លោះនេះផងដែរ។
បន្ថែមពីនេះ បើតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីខែមុន ដែលជាការស៊ើបអង្កេតរួមគ្នារវាងគណៈកម្មាធិការសិទ្ធិមនុស្សរបស់ប្រទេសអេត្យូពី និងការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ត្រូវបានអ្នកសង្កេតការណ៍លោកខាងលិចចាត់ទុកថាមិនគ្រប់គ្រាន់។ លោកស្រីLaetitia Bader នាយិកាតំបន់Horn of Africa ប្រចាំអង្គការឃ្លាំមើលសិទ្ធមនុស្ស (Human Rights Watch) បានបញ្ជាក់ថា «នេះគឺជាអ្វីដែលយើងបានអំពាវនាវជាយូរមកហើយ»។ លោកស្រីបានបន្ថែមថា៖ «ភាពធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្មទាមទារការស៊ើបអង្កេតឲ្យបានហ្មត់ចត់៕