Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១១ខែ ឆ្នាំ២០២១នេះ ការប្រមូលចំណូលគយ និងរដ្ឋាករ មានប្រមាណ ២ពាន់លានដុល្លារអាមេរិក

ភ្នំពេញ៖ នៅក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១នេះ ចំណូលដែលប្រមូលបានដោយ គយ និង រដ្ឋាករ មានប្រមាណ ២ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ឬស្មើនឹង៩៧%នៃផែនការកំណត់ដោយច្បាប់ ​ខណៈឯកឧត្តម គុណ ញឹម បានអះលើកឡើងថា ការប្រមូលចំណូលនៅពេញមួយឆ្នាំ២០២១នេះ ទំនងជាមិនគ្រប់តាមផែនការកំណត់ដោយច្បាប់នោះទេ

មន្រ្តីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឱ្យដឹងថា តាមច្បាប់ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគយត្រូវប្រមូលថវិកាជាតិឱ្យលើសអគ្គនាយកដ្ឋានពន្ធដារ។ ក៏ប៉ុន្តែ ជាក់ស្ដែង ឆ្នាំ២០២១នេះ ការប្រមូលពន្ធដោយអគ្គនាយកដ្ឋានគយ ហាក់មិនទាន់សម្រេចតាមផែនការដែលបានកំណត់នោះទេ ខណៈការប្រមូលចំណូលពន្ធដាររបស់អគ្គនាយកដ្ឋានពន្ធដារឯណោះវិញសម្រេចបានលើសផែនការរហូត១៤%ទៅហើយ នៅ១១ខែឆ្នាំ២០២១នេះ។

នេះគឺជាការថ្លែងរបស់ឯកឧត្តម គុណ ញឺម នាឱកាសសន្និសីទសារព័ត៌មានតាមប្រព័ន្ធអនឡាញ ស្ដីពី «វឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធ និងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស» កាលពីថ្ងៃទី១៥ ខែធ្នូកន្លងទៅ។

ឯកឧត្តម គុណ ញឺម បានគូសបញ្ជាក់ថា វិបត្តិកូវីដ-១៩ នៅតែជាបញ្ហាចម្បង ដែលរាំងស្ទះផែនការប្រមូលថវិកាជាតិ គួបផ្សំ ការអនុគ្រោះ និងការពន្យារពេលដល់រថយន្តគ្មានពន្ធ កន្លងមក។ ឯកឧត្តម អះអាងថា គិតត្រឹមថ្ងៃទី១៤ ខែធ្នូ អគ្គនាយកដ្ឋានគយប្រមូលចំណូលបានប្រមាណ ២៧លានដុល្លារ ពីរថយន្តអត់ពន្ធចំនួន ២ពាន់៦រយគ្រឿង ស្មើនឹង១ភាគ៣ ដែលម្ចាស់បានចូលមកបង់ពន្ធនិងប្រកាសពន្ធ ខណៈតាមការប៉ាន់ប្រមាណរបស់អគ្គនាយកដ្ឋានគយ រថយន្តគ្មានពន្ធដែលមានក្នុងប្រទេសបច្ចុប្បន្នប្រមាណ ១ម៉ឺនគ្រឿង ឯណោះ។​

គួរបញ្ជាក់ឡើងវិញថា ក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ២០២១ កម្ពុជា ទទួលបានចំណូលជាតិសរុបជាង ៤ពាន់លានដុល្លារ ពីការប្រមូលពន្ធដារនិងពន្ធគយ។ ក្នុងនោះ ចំណូលពីការប្រមូលចំណូលពន្ធដារ មានប្រមាណ ២ពាន់៥រយលានដុល្លារ ខណៈចំណូលពីការប្រមូលពន្ធគយ មានប្រមាណ២ពាន់លានដុល្លារ៕

×