រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសថៃបានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចរបស់ប្រទេសថៃនឹងអាចសម្រេចបាននូវកំណើន៤ ភាគរយនាឆ្នាំ២០២២ខាងមុខ បើទោះបីជាមានភាពមិនច្បាស់លាស់លើការរីករាលដាលនៃមេរោគបំប្លែងខ្លួនថ្មី«អូមីក្រុង»ក៏ដោយ ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Arkhom Termpittayapaisith បានប្រាប់កម្មវិធី Money Expoថា វិស័យទេសចរណ៍ដ៏សំខាន់របស់ប្រទេសថៃគួរតែងើបឡើងវិញ បន្ទាប់ពីមានការបើកដំណើរការប្រទេសឡើងវិញជាបណ្តើរៗ ហើយសេដ្ឋកិច្ចពិភពលោកក៏នឹងគាំទ្រដល់សេដ្ឋកិច្ចធំទីពីររបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះផងដែរ។
ការលើកឡើងរបស់លោកគឺធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលរបស់ប្រទេសថៃ បានអនុវត្តឡើងវិញនូវការធ្វើចត្តាឡីស័ក្តចំពោះភ្ញៀវទេសចរណ៍បរទេស និងបានលុបចោលការលើកលែងការធ្វើចត្តាឡីស័ក្តដោយសារតែមេរោគបំប្លែងខ្លួនថ្មីអូមីក្រុង ខណៈប្រទេសថៃបានបើកដំណើរការឡើងវិញយ៉ាងទូលំទូលាយកាលពីខែមុន។
លោក Arkhom បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ៖«វាលឿនពេកក្នុងការវាយតម្លៃផលប៉ះពាល់របស់ អូមីក្រុងហើយយើងនឹងត្រូវរង់ចាំមើលស្ថានភាពនេះបន្ថែមទៀត។ លោក Arkhom បានប្រាប់អ្នកសារព័ត៌មានបន្ថែមថា រដ្ឋាភិបាលនៅតែគាំទ្រសកម្មភាពសេដ្ឋកិច្ចដដែល។
លោកបានលើកឡើងទៀតថា សេដ្ឋកិច្ចប្រទេសថៃនៅតែស្ថិតក្នុងដំណាក់កាលងើបឡើងវិញដដែល ហើយកំណើន៤ ភាគរយនេះនឹងនៅតែអាចទៅរួចសម្រាប់ឆ្នាំ២០២២ខាងមុខ។ ខណៈមានការចូលរួមចំណែកពីការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចភាគខាងកើត និងបរិមាណនៃការនាំចេញកើនឡើង។ សម្រាប់ឆ្នាំនេះ លោកបានព្យាករថានឹងមានកំណើន ១ ភាគរយ។
បើតាម លោកArkhom ៖«វាមិនទាន់ដឹងថាតើផលប៉ះពាល់ពីអូមីក្រុងនឹងធ្ងន់ធ្ងរដូចការរំពឹងទុកដោយធនាគារជាតិកណ្តាលដែរឬយ៉ាងណា»។ ជាក់ស្តែងកាលពីថ្ងៃពុធកន្លងទៅ ធនាគារកណ្តាលថៃ បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ ២០២២របស់ខ្លួនមកត្រឹម ៣.៤% ពី៣.៩% ដោយលើកឡើងអំពីបញ្ហាអូមីក្រុងជាហានិភ័យដ៏សំខាន់ចំពោះទស្សនវិស័យកំណើនសេដ្ឋកិច្ចជាតិថៃ៕ ប្រភព៖ CNA