មន្ត្រីចិន និងជប៉ុនកាលពីថ្ងៃអាទិត្យបានប្តេជ្ញាថា នឹងកសាង និងការពារខ្សែសង្វាក់ផ្គត់ផ្គង់កាបូនទាប ជាពិសេសបរិយាកាសពាណិជ្ជកម្ម និងការវិនិយោគដោយយុត្តិធម៌ បើកចំហ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងការបើកតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងអំឡុងពេលទ្វេភាគីប្រចាំឆ្នាំ។ នេះជាការបញ្ជាក់ក្នុងវេទិកាស្តីពីការអភិរក្សថាមពល និងការការពារបរិស្ថានរវាងប្រទេសចិននិងជប៉ុន។
បើតាម ការកត់សម្គាល់របស់អ្នកសង្កេតការណ៍មួយរូបបានអះអាងថា ការបន្តនៃវេទិកាប្រចាំឆ្នាំនេះ ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ១៩ និងការវាយប្រហារនានាដែលបង្កឱ្យមានភាពតានតឹងមកលើប្រទេសចិនដោយអតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ជាពិសេសការបង្កហេតុម្តងហើយម្តងទៀតរបស់លោកចំពោះបញ្ហាតៃវ៉ាន់ ដែលបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់មហាអំណាចអាស៊ីទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនានា។
ជាក់ស្តែង ការជំរុញទៅលើការកាត់បន្ថយការបំភាយឧស្ម័នកាបូនពីប្រទេសចិន គឺជាការផ្លាស់ប្តូរជាប្រព័ន្ធយ៉ាងទូលំទូលាយ និងស៊ីជម្រៅសម្រាប់សេដ្ឋកិច្ច និងសង្គមរវាងប្រទេសទាំងពីរ។ ក្នុងនោះ លោក He Lifeng ប្រធានគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ (NDRC) បានថ្លែងក្នុងសន្ទរកថាមួយទៅកាន់សន្និសីទតាមប្រព័ន្ធវិឌីអូថា ប្រទេសចិនស្ថិតនៅលើផ្លូវឆ្ពោះទៅរកការកាត់បន្ថយអាំងតង់ស៊ីតេកាបូនខ្ពស់បំផុតរបស់ពិភពលោកក្នុងរយៈពេលដ៏ខ្លីបំផុតដែលវាមិនធ្លាប់មាន។ ជាការពិត ប្រទេសចិនបានកំណត់គោលដៅរបស់ខ្លួន ចំពោះការបំភាយកាបូនឱ្យបានខ្ពស់បំផុតនៅមុនឆ្នាំ២០៣០ និងក្លាយទៅជាកាបូនអព្យាក្រឹតនៅឆ្នាំ២០៦០។
ក្នុងនោះ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសកាលពីខែវិច្ឆិកាថា RCEP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក និងជាកិច្ចព្រមព្រៀងដ៏សំខាន់សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក គ្រោងនឹងចូលជាធរមានជាផ្លូវការនៅថ្ងៃទី១ ខែមករា ឆ្នាំ 2022ខាងមុខនេះ។ ហើយប្រទេសជាសមាជិកអាស៊ានចំនួនប្រាំមួយ ក៏ដូចជាប្រទេសចិន ជប៉ុន នូវែលហ្សេឡង់ និងអូស្ត្រាលីក៏បានតម្កល់ឧបករណ៍ផ្តល់សច្ចាប័ន ខណៈការផ្តល់សច្ចាប័នរបស់សមាជិកចំនួន១០ នឹងឈានដល់កម្រិតមួយសម្រាប់ការអនុវត្ត។
បន្ថែមពីនេះ នៅក្នុងសន្និសីទខាងដើម មន្ត្រីចិន និងជប៉ុនកាលពីថ្ងៃអាទិត្យ បានព្រមព្រៀងគ្នាឱ្យស៊ីជម្រៅបន្ថែមទៀត លើភាពជាដៃគូទ្វេភាគីចំពោះការច្នៃប្រឌិតបច្ចេកវិទ្យាបៃតង និងរួមគ្នាស្វែងរកទីផ្សារភាគីទីបី។ បើតាម សារព័ត៌មាន Nikkei Asia របស់ប្រទេសជប៉ុនបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសទាំងពីរនឹងរួមគ្នាបង្កើតជម្រើសមួយឱ្យបានល្អសម្រាប់ឧស្ម័នធម្មជាតិ ដើម្បីចូលរួមទាំងការប្រើប្រាស់ក្នុងឧស្សាហកម្មនិងការប្រើប្រាស់កាបូនស្អាតក្នុងគ្រួសារ៕ ប្រភព៖ Global Times