តូបលក់ពោតលីងមួយកន្លែង មានទីតាំងស្ថិតនៅទីក្រុង Mabalact, ខេត្ត Pampanga (ហ្វីលីពីន) កំពុងទទួលបានប្រជាប្រិយភាពមិននឹកស្មាន តាមរយៈបណ្តាញសង្គម ។ បើទោះបីផលិតផលរបស់ពួកគេ ជាមានរសជាតិឈ្ងុយឆ្ងាញ់ក៏ពិតមាន តែហេតុផលសម្រាប់ភាពល្បីល្បាញរបស់ពួកគេនាពេលនេះ គឺដោយសារតែម្ចាស់ «អ្នកលក់ស្អាតដូចទេពធីតា» បានទាក់ទាញអតិថិជនជាមួយស្នាមញញឹម និងផ្ទៃមុខដ៏មានមន្តស្នេហ៍របស់នាង ។
នារីវ័យក្មេងរូបនោះ ក្រោយមកបានបញ្ជាក់ឈ្មោះនៅលើហ្វេសប៊ុកថា Louri Caye ដោយនាងបានអះអាងថា នាងមិនមែនជាម្ចាស់រទេះនោះទេ ហើយក៏ពុំមែនជាអ្នកលក់នៅតូបនោះដែរ ដែលមានទីតាំងស្ថិតនៅ Mabalacat, Pampanga ។
យោងតាមនាង នោះនាងគ្រាន់តែជួយអ្នកលក់ពិតប្រាកដម្នាក់ ដែលជាកូនក្មេងតូច ពុំត្រូវបានចាប់អារម្មណ៍ពីអ្នកដំណើរ ។ ប៉ុន្តែ ភ្លាមៗនោះ នាងបានចូលទៅកាន់តូបនោះ និងជួយក្មេងនោះលក់ពោតលីង ។ នាងឲ្យដឹងថា គ្រាន់តែនាងឈរលក់ភ្លាម ស្រាប់តែមានមនុស្សជាច្រើនមកតម្រង់គ្នារង់ចាំទិញតែម្តង ដោយនាងពុំដឹងថាដោយសារមូលហេតុអ្វីដែរ? ។
យ៉ាងណាមិញអ្នកប្រើប្រាស់ឈ្មោះ Keren Kazia Bondad Casa បានថតរូប Louri ជាច្រើនប៉ុស្តិ៍ ដែលនាងបង្ហាញស្នាមញញឹមយ៉ាងស្រស់ស្រាយដល់អ្នកទិញគ្រប់ៗរូប ខណៈនាងឈរលក់ពោតលីង ។ បណ្តារូបថតទាំងនោះរបស់នាង បច្ចុប្បន្ន កំពុងរីករាលយ៉ាងលឿននៅលើបណ្តាញសង្គម ស្របពេលដែលអ្នកលេងជាច្រើនបានដាក់ឈ្មោះឲ្យនាងថា «ស្រីស្អាតពោតលីង» មកពី Mabalacat, Pampanga ៕ ចន្ទី