Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ ប្រៃសណីយ៍កម្ពុជា ទិញមូលបត្របំណុល ១០លានដុល្លាររបស់ក្រុមហ៊ុន CAIC ដើម្បីគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន CAIC នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ បាន​ឱ្យដឹងថា ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានវិនិយោគទឹកប្រាក់១០លានដុល្លារ លើមូលបត្របំណុលរបស់ក្រុមហ៊ុន CAIC ដើម្បីចូលរួមគាំទ្រ គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ។

សូមជម្រាបជូនថា រហូតមកដល់បច្ចុប្បន្ននេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន២៨ភាគរយហើយ ដែលត្រូវនឹងទឹកប្រាក់ សរុប៣៧៥លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលថ្លៃដី ដែលវិនិយោគរួច ដោយក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) នោះទេ។

ទឹកប្រាក់វិនិយោគ ដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល ជាមួយនឹងអត្រាការប្រាក់ របស់សញ្ញាបណ្ណនេះ គឺ៥.៥ភាគរយ ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC។

គួររំលឹកថា នៅក្នុងឱកាសអញ្ជើញពិនិត្យដំណើរការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី៩ ខែធ្នូ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ទាំងក្នុង និងក្រៅប្រទេស ឲ្យជួយទិញសញ្ញាបណ្ណ (មូលបត្របំណុល-Bond) របស់ក្រុមហ៊ុន CAIC ដែលសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ។ ការចូលរួមទិញសញ្ញាបណ្ណនេះ គឺជាការចូលដល់ការអភិវឌ្ឍន៍ ព្រលានយន្តហោះថ្មី ដែលកាត់បន្ថយនូវការប្រើប្រាស់ទុន ពីក្រៅប្រទេស។

អាកាសយានដ្ឋានអន្តរជាតិតេជោ មានទីតាំងស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានផ្ទៃដីសរុបចំនួន២.៦០០ហិចតា ដោយបានចាប់ផ្តើមសាងសង់ កាលពីខែមករា ឆ្នាំ២០២០។ គម្រោងទាំងមូល នឹងត្រូវចំណាយទឹកប្រាក់ សរុប១.៥០០លានដុល្លារ មិនបូកបញ្ចូលតម្លៃដី​ ដើម្បីសាងសង់។ គួរបញ្ជាក់ថា​​​ គម្រោងសាងសង់អាកាសយានដ្ឋាននេះ ចែកចេញជា៣ដំណាក់កាល ដោយមានទីតាំងស្ថានីយទី១ នឹងសាងសង់រួចរាល់ នៅឆ្នាំ២០២៣ខាងមុខ ដោយនឹងអាចទទួលអ្នកដំណើរ បានប្រមាណ១៣លាននាក់ ក្នុងមួយឆ្នាំ ឯស្ថានីយតំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណ៣០លាននាក់ ក្នុង១ឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ២០៥០ ដែលអាចនឹងទទួលបានអ្នកដំណើរ រហូតដល់៥០លាននាក់ ក្នុងមួយឆ្នាំ៕

×