ការចុះបញ្ជីម៉ាកក្នុងស្រុក និងក្រៅស្រុក រួមទាំងការចុះបញ្ជីម៉ាកជាលក្ខណៈអន្តរជាតិតាមប្រព័ន្ធម៉ាឌ្រីដ គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ សរុបចំនួន ៨ ៤១២ ម៉ាក កើនឡើង ៥,១ភាគរយ ធៀបនឹងឆ្នាំ២០២០។នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មកម្ពុជា។
ការចុះបញ្ជីម៉ាកក្នុងស្រុកនិងក្រៅស្រុក (តាមប្រព័ន្ធជាតិ) ចំនួន ៦ ៦៣០ម៉ាក កើនឡើង ១៧,៨ភាគរយ។ ការចុះបញ្ជីម៉ាកអន្តរជាតិតាមប្រព័ន្ធម៉ាឌ្រីដ បានចំនួន ១ ៧៨២ ម៉ាក ថយចុះ ២៤ភាគរយ។
ក្រសួងបានដោះស្រាយទាំងស្រុងនូវបញ្ហាកកស្ទះម៉ាកដែលបានដាក់ស្នើសុំមុនឆ្នាំ២០២០ និងបានសម្រុះសម្រួលការរំលោភម៉ាកចំនួន៥ករណី និងលុបចោលចំនួន ១១ម៉ាក។ ក្នុងនោះក្រសួងពាណិជ្ជកម្មបានចុះបញ្ជីម៉ាក សម្គាល់ភូមិសាស្រ្តទំនិញ ទឹកឃ្មុំព្រៃមណ្ឌលគិរីនិងបាន និងកំពុងរៀបចំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ អំបិល និងផ្កាអំបិលកំពត ព្រមទាំងបង្កងតាកែវ និងទឹកស្រីកំពត-កែប ក្រោមជំនួយបច្ចេកទេសរបស់អង្គការអន្តរជាតិ៕