មន្ត្រីព្រំដែនបារាំងក្នុងចក្រភពអង់គ្លេសបានបង្វែរទិសដៅជនជាតិអង់គ្លេសដែលរស់នៅស្របច្បាប់ក្នុងបណ្តាប្រទេសនៃសហភាពអឺរ៉ុបវិញ ដោយនិយាយថា ពួកគេមិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ប្រទេសបារាំងតាមផ្លូវគោកដើម្បីទៅចូលទៅកាន់ប្រទេសរបស់ពួកគេទៀតនោះទេ។
អ្នកដំណើរអង់គ្លេសមួយចំនួនដែលព្យាយាមទៅកាន់ប្រទេសនានា រួមទាំងហូឡង់ និងបែលហ្ស៊ិកដោយរថយន្តផងនោះ ត្រូវបានប្រទេសទាំងអស់នោះបង្វែរឱ្យត្រឡប់មកប្រទេសដើមវិញ ដោយមន្ត្រីព្រំដែនបារាំងក្នុងចក្រភពអង់គ្លេសកាលពីថ្ងៃពុធ បន្ទាប់ពី Eurotunnel បានចេញការព្រមានអំពីអ្វីដែលខ្លួនបានលើកឡើងថា ជាច្បាប់ធ្វើដំណើរថ្មី។
ក្រុមហ៊ុនបាននិយាយថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលបារាំងកាលពីថ្ងៃអង្គារនេះមានន័យថា លុះត្រាតែពួកគេស្នាក់នៅប្រទេសបារាំងនោះ ពលរដ្ឋអង់គ្លេសឥឡូវនេះត្រូវបានចាត់ទុកថា ជាពលរដ្ឋប្រទេសទីបី ហើយមិនអាចឆ្លងកាត់ប្រទេសបារាំងតាមផ្លូវគោកដើម្បីទៅដល់ប្រទេសរបស់ពួកគេនៅក្នុងសហភាពអឺរ៉ុបបានទៀតទេ។
ក្រុមហ៊ុន P&O Ferries បានចេញសារតាមប្រព័ន្ធផ្សព្វផ្សាយ Tweetដោយព្រមានថា មានតែអ្នកដែលមានទីលំនៅជាជនជាតិបារាំងប៉ុណ្ណោះដែលនឹងត្រូវបានអនុញ្ញាតឱ្យចូលប្រទេសបារាំង។ ស្ថានទូតអង់គ្លេសនៅទីក្រុងប៉ារីសបាននិយាយកាលពីសប្តាហ៍មុនថា ជនជាតិអង់គ្លេសអាចឆ្លងកាត់ប្រទេសបារាំងបាន លុះត្រាតែធ្វើដំណើរតាមយន្តហោះ។
ទោះជាយ៉ាងណាក៏ដោយ ជនជាតិអង់គ្លេសដែលធ្វើដំណើរឆ្លងកាត់ប្រទេសបារាំងទៅកាន់ស្រុកកំណើតរបស់ពួកគេក្នុងប្រទេសបែលហ្សិកដោយសេវារថភ្លើង Eurostar បានរាយការណ៍ថា គ្មានបញ្ហានោះទេ ក្នុងការទៅដល់គោលដៅរបស់ពួកគេ ហើយអ្នកជំនាញបានចោទសួរអំពីភាពស្របច្បាប់នៃការរឹតបន្តឹងថ្មីនេះ៕