Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធីលើទូរសព្ទដៃថ្មីជាភាសាខ្មែរ (New Khmer App) និងវេទិកានៃការសិក្សាតាមបែបអេឡិចត្រូនិក (E-Learning Platform) ត្រូវបានណែនាំ ដើម្បីគាំទ្រដល់បុគ្គលិកថែទាំសុខភាពក្នុងការផ្ដល់សេវាការសម្រាលកូនប្រកបដោយសុវត្ថិភាព

ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថា ជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលទទួលបានជោគជ័យក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទាក់ទងទៅនឹងសុខភាពរបស់មាតា និងទារក។ ទោះបីជាយ៉ាងនេះក៏ដោយ នៅក្នុងឆ្នាំ២០១៧ អត្រាមរណភាពមាតានៅតែត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១៦០នាក់ក្នុងចំណោមកំណើតរស់ ១០០.០០០នាក់ និងអត្រាមរណភាពទារកមានចំនួន ២៥នាក់ក្នុងចំណោមកំណើតរស់ ១.០០០នាក់។ ការធ្វើឱ្យប្រសើរឡើងនូវសុខភាពមាតា និងទារកគឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល ។

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានជួយគម្រោងលើកកម្ពស់ការថែទាំបន្តនៅកម្ពុជាផ្ដោតលើការថែទាំស្រ្ដី និងទារកក្នុងពេលសម្រាល និងក្រោយពេលសម្រាល (IINeoC Project) ដោយបានធ្វើការណែនាំ កម្មវីធីការសម្រាលកូនដោយសុវត្ថិភាព (Safe Delivery App) ដែលជាកម្មវិធីនៅលើទូរសព្ទដៃចល័ត និងវេទិកានៃការសិក្សាតាមបែបអេឡិចត្រូនិក (e-Learning Platform)  សម្រាប់ការរៀន និងជាឧបករណ៍បណ្តុះបណ្តាលដើម្បីគ្រប់គ្រងការសម្រាលកូននៅក្នុងប្រទេសកម្ពុជា ដែលជួយគាំទ្រដល់ឆ្មប និងអ្នកជំនាញខាងផ្នែកសម្រាលកូនក្នុងការងារប្រចាំថ្ងៃ និងការបណ្តុះបណ្តាលបន្តរបស់ពួកគេ។

នៅថ្ងៃទី១៧-១៩ ខែមករា ឆ្នាំ២០២២ គម្រោងលើកកម្ពស់ការថែទាំបន្តនៅកម្ពុជាផ្ដោតលើការថែទាំស្រ្ដី និងទារកក្នុងពេលសម្រាល និងក្រោយពេលសម្រាល (IINeoC Project) ជាមួយនឹង មន្ទីរសុខាភិបាលខេត្តកំពង់ចាមបានរៀបចំវគ្គបណ្តុះបណ្ដាលមួយស្ដីពីកម្មវិធីការសម្រាលកូនដោយសុវត្ថិភាព (Safe Delivery App) និងវេទិកានៃការសិក្សាតាមបែបអេឡិចត្រូនិក (e-Learning Platform)។ វគ្គបណ្ដុះបណ្ដាលនេះ បានរៀបចំឡើងនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម និងមានការចូលរួមពីឆ្មបដែលធ្វើការនៅមូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់ នៅក្នុងខេត្តកំពង់ចាម។ សិក្ខាកាមទាំងអស់បានរៀនពីរបៀបប្រើប្រាស់កម្មវិធីការសម្រាលកូនដោយសុវត្ថិភាព  (Safe Delivery​ App) និងវេទិកានៃការសិក្សាតាមបែបអេឡិចត្រូនិករបស់មជ្ឈមណ្ឌលជាតិគាំពាមាតានិងទារក (NMCHC’s e-Learning Platform) សម្រាប់ជាឧបករណ៍បណ្តុះបណ្តាល និងជំនួយដល់ការងាររបស់ពួកគេ។

កម្មវិធីការសម្រាលកូនដោយសុវត្ថិភាពនេះ (Safe Delivery App) គឺមិនគិតថ្លៃ និងដំណើរការរបស់កម្មវិធីគឺមិនប្រើប្រាស់អ៊ីនធឺណែតឡើយ ដើម្បីណែនាំបុគ្គលិកថែទាំសុខភាពអំពីមូលដ្ឋានសង្គ្រោះបន្ទាន់ក្នុងផ្នែកសម្ភព និងការថែទាំទារកទើបកើត។​​ ​វេទិកានៃការសិក្សាតាមបែបអេឡិចត្រូនិក (e-Learning Platform) មានផ្ទុកនូវវីដេអូ និងការណែនាំដែលមានចលនារស់រវើក ដើម្បីពន្យល់អំពីនីតិវិធីជាក់ស្តែង ដែលឆ្មបនិងបុគ្គលិកថែទាំសុខភាពតែងតែអាចយកជាឯកសារយោងគ្រប់ពេលវេលា ក៏ដូចជាផ្នែកមួយនៃការបណ្តុះបណ្តាលរបស់ពួកគេផងដែរ។

វាពិតជាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងស្ថានភាពបច្ចុប្បន្ន ដើម្បីកែលម្អគុណភាពនៃការផ្ដល់សេវាសុខភាព និងការផ្តល់ការថែទាំសុខភាពចាំបាច់ដោយសមធម៌។​ ដើម្បីបង្កើតវេទិកានៃសិក្សាតាមបែបអេឡិចត្រូនិកដែល​   មានភាគីច្រើនពាក់ព័ន្ធ និងការច្របាច់បញ្ចូលវេទិកានេះទៅក្នុងកម្មវិធីការអភិវឌ្ឍវិជ្ជាជីវៈបន្ត គឺជាការច្នៃប្រឌិតថ្មីបំផុត ហើយក៏ជាវិធីសាស្រ្តមួយប្រកបដោយនិរន្តរភាពសម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសជាមួយនឹងការពិចារណាទៅលើការកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ១៩៕

កម្មវិធីការសម្រាលកូនដោយសុវត្ថិភាព (Safe Delivery) អាចរកទាញយកបានដោយសេរីនិងឥតគិតថ្លៃនៅក្នុង Play Store និង App Store

App Store សម្រាប់ប្រភេទទូរសព្ទដៃ iPhone៖

Play Store សម្រាប់ទូរសព្ទដៃប្រើប្រាស់ប្រព័ន្ធ Android៖

ការកំណត់កំណែជាភាសាខ្មែរពី៖ ការកំណត់>>កំណែ>>Cambodia

វីដេអូណែនាំអំពី SDA៖ https://youtu.be/e21s3JGgJnk

វេទិកានៃការសិក្សាតាមបែបអេឡិចត្រូនិក៖ https://elearning.nmchc.gov.kh/

វីដេអូណែនាំអំពីវេទិកានៃការសិក្សាតាមបែបអេឡិចត្រូនិក៖ https://youtu.be/ShIBrPkOZe4

×