ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ បានប្រកាសបញ្ចប់នេះ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលធ្វើឱ្យរោងចក្រ សហគ្រាសភាគច្រើន បានចាប់ផ្តើមមានដំណើរការជាប្រក្រតីឡើងវិញ និងយោងសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងបងប្អូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប មេត្តាជ្រាបថា រាជរដ្ឋាភិបាល បានសម្រេចបញ្ចប់ការអនុវត្តវិធានការរាជរដ្ឋាភិបាល ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារអាមេរិក ក្នុង ១ខែ សម្រាប់កម្មករ និយោជិតដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើ ដំណើរ និងកាបូប គិតចាប់ពីខែមករា ឆ្នាំ២០២២ តទៅ ខណៈបងប្អូនកម្មករនិយោជិតដែលព្យួរកិច្ចសន្យា ការងារក្នុងវិស័យទេសចរណ៍នៅទទួលបានប្រាក់ឧបត្ថម្ភដដែល រហូតដល់វិស័យនេះមានសភាពធូរស្បើយ ជាងនេះ។
ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ត្រូវអនុវត្តការព្យួរកិច្ចសន្យាការងារ ស្របតាម ខ្លឹមសារមាត្រា៧១ និង ៧២ នៃច្បាប់ស្ដីពីការងារ ឬតាមការព្រមព្រៀងគ្នារវាងនិយោជក និងកម្មករនិយោជិត។
ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងបងប្អូនកម្មករ និយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ជ្រាបជាព័ត៌មាន៕