បាត់ដំបង៖ បន្ទាប់ពីការជម្រុញឲ្យមានការប្រើប្រាស់សេវាកម្មផ្សេងៗ តាមរយៈបច្ចេកវិទ្យាឌីជីថល អស់រយៈពេល២ឆ្នាំមកនោះ នៅពេលនេះ ចំនួនអតិថិជន ដែលបានដាក់ពាក្យស្នើសុំកម្ចី ពីធនាគារអេស៊ីលីដាស្ទើតែ១០០%ទៅហើយ បានធ្វើឡើងតាមរយៈឌីជីថល។
លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា មានប្រសាសន៍ ក្នុងឱកាសចុះត្រួតពិនិត្យការិយាល័យអេស៊ីលីដា សាខាស្រុកសំពៅមាស ខេត្តបាត់ដំបងថា មកទល់ពេលនេះ ចំនួនអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថល របស់ធនាគារអេស៊ីដា មានរហូតដល់ ៩៤% ឯណោះ ខណៈអ្នកប្រើប្រាស់សេវាទីភ្នាក់ងារ និងបញ្ជរមានត្រឹមតែ ៦% ប៉ុណ្ណោះ។
បើតាមការបញ្ជាក់របស់លោកបណ្ឌិត អ៉ិន ចាន់នី បច្ចុប្បន្នចំនួនអ្នកស្នើសុំឥណទានតាមបញ្ជរ ឬទីភ្នាក់ងារទូទាំងប្រទេសរបស់ អេស៊ីលីដា មិនសូវមាននោះទេ។ ហើយមូលហេតុនៃការធ្លាក់ចុះចំនួនអ្នកស្នើសុំឥណទានតាមបញ្ជរ ឬទីភ្នាក់ងារនេះ ដោយសារតែធនាគារអេស៊ីលីដា បានបង្កើនការវិនិយោគលើការអភិវឌ្ឍន៍បច្ចេកវិទ្យាដើម្បីធ្វើឲ្យការផ្តល់សេវាកម្មរបស់ខ្លួនកាន់តែមានប្រសិទ្ធខ្ពស់ជាងមុនជាលំដាប់ ដោយផ្តល់នូវភាពងាយស្រួលជាងមុន ចំណាយពេលតិចជាងមុន និងសន្សំសំចៃជាងមុន។
សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២០មកទល់ពេលនេះ ចំនួនអ្នកស្នើសុំឥណទានតាមអេឡិចត្រូនិករបស់អេស៊ីលីដា មានកំណើន៤០ម៉ឺននាក់ ដែលនេះជាកំណើនមួយដ៏ខ្ពស់បំផុត៕