បាត់ដំបង៖ ដោយបានវិវត្តខ្លួនចេញពីគម្រោងមួយគាំទ្រពីអង្គការពលកម្មអន្តរជាតិ អេស៊ីលីដាបានពង្រីករីកខ្លួនយ៉ាងឆាប់រហ័ស និងបានក្លាយជាធនាគារពាណិជ្ជខ្មែរដ៏ធំបំផុតនៅប្រទេសកម្ពុជា។
នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ ជាថ្ងៃខួប៣០ឆ្នាំនៃការចាប់កំណើតឡើងរបស់ធនាគារអេស៊ីលីដា ព្រមជាមួយនឹងការប្រារព្ធកម្មវិធីខួប៣០ឆ្នាំត្រូវធ្វើឡើងនៅខេត្តបាត់ដំបងដែលជាខេត្តមួយអេស៊ីលីដាចាប់កំណើតមុនគេ។
នៅក្នុងសន្និសីទកាសែតក្នុងពេលប្រារព្ធខួប៣០ឆ្នាំនៅខេត្តបាត់ដំបង លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា មានប្រសាសន៍ថា រយៈពេល៣០ឆ្នាំមកនេះ ធនាគារអេស៊ីលីដាបានវិវត្តខ្លួនយ៉ាងលឿនចេញពីសមាគមទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាតាមរយៈគម្រោងមួយរបស់អង្គការសហប្រជាជាតិមានដើមទុនជាង៦០ម៉ឺនដុល្លារអាមេរិក បានក្លាយខ្លួនទៅជាធនាគារឯកទេសនៅឆ្នាំ២០០០ និងវិវត្តខ្លួនជាធនាគារពាណិជ្ជនៅឆ្នាំ២០០៣ ហើយបន្តពង្រីកខ្លួនធំឡើងជាលំដាប់រហូតក្លាយជាធនាគារពាណិជ្ជដ៏ធំបំផុតនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។
តាមការបញ្ជាក់របស់លោកបណ្ឌិត អ៉ិន ចាន់នី នៅពេលនេះទ្រព្យសកម្មរបស់ធនាគារអេស៊ីលីដាបានកើនឡើងរហូតដល់ទៅជាង៧ពាន់លានដុល្លារអាមេរិក។ បើធ្វើការប្រៀបធៀបទៅនឹងដំណាក់កាលនៃការចាប់ផ្តើមដំបូងវិញ ពោលគឺទ្រព្យសកម្មរបស់ធនាគារអេស៊ីលីដាបានរីកចម្រើនច្រើនជាងមុនរហូតដល់ទៅជាង១ម៉ឺនដងឯណោះ ឬអាចនិយាយដោយខ្លីថា ធនាគារអេស៊ីលីដាបានពង្រីកខ្លួនធំជាងមុនដល់ទៅជាង១ម៉ឺនដង។
សូមបញ្ជាក់ថា បច្ចុប្បន្នធនាគារអេស៊ីដាជាធនាគារពាណីជ្ជនៅប្រទេសកម្ពុជាដែលមានសាខា និងការិយាល័យច្រើនជាងគេ ដោយមានសាខា និងការិយាល័យសរុបរហូតដល់ទៅ១៦២គិតត្រឹមដើមឆ្នាំ២០២២នេះ ហើយអេស៊ីលីដាក៏គ្រោងនឹងពង្រីកសាខា និងការិយាល័យឲ្យបានច្រើនជាងនេះ៣ដងបន្ថែមទៀតក្នុងរយៈពេលឆ្នាំ៥ខាងមុខ៕