ភ្នំពេញៈ តុលាការកំពូលបានសម្រេចរក្សាតម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ទុកជាបានការដដែល គឺមិនអនុញ្ញាតអោយលោកកឹម សុខា នៅក្រៅឃុំនោះទេ។ លោកកឹម សុខា ត្រូវសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស»។
ការសម្រេចនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែតុលា នេះ។ សវនាការមិនមានវត្តមានលោកកឹម សុខា នោះទេ។ ប៉ុន្តែមានមេធាវីការពារក្តីចូលការពារក្នុងសវនាការ។
លោក សំ សុគង់ មេធាវីការពារក្តីលោកកឹម សុខា បានថ្លែងប្រាប់ក្រុមអ្នកកាសែតបន្ទាប់ពីចប់សវនាការថា ក្រុមមេធាវីបានប្តឹងសារទុក្ខរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ទាក់ទងសេចក្តីសម្រេចតម្កល់ដីកាឃុំខ្លួនលោកកឹម សុខា។ លោកបញ្ជាក់ថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានច្រានចោលបណ្តឹងសារទុក្ខរបស់ក្រុមមេធាវី និងរក្សាសាលដីការបស់សាលាឧទ្ធរណ៍កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ទុកជាបានការ។
លោក សំ សុគង់ មេធាវីការពារក្តីលោកកឹម សុខា
គួរបញ្ជាក់ដែរថាលោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបែកធ្លាយវីដេអូមួយបង្ហាញថា លោកបានអនុវត្ត តាមការបញ្ជារបស់សហរដ្ឋអាមេរិក ក្នុងការដណ្តើមអំណាចពីរាជរដ្ឋាភិបាលកម្ពុជាស្រប់ច្បាប់ប្រទេស ដែលកើតចេញពីការបោះឆ្នោត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំដាក់ពន្ធនាគារបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទ «ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។
ក្រោយការសម្រេចរបស់សាលាដំបូងក្រុមមេធាវីរបស់លោក កឹម សុខា ក៏បានប្តឹងប្រឆាំងការសម្រេចនេះទៅសាលាឧទ្ធរណ៍ ហើយត្រូវបានសាលាឧទ្ធរណ៍បើកសវនាការជំនុំជម្រះក្តីកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧កន្លងទៅ។ តែសវនាការនោះ ក្រុមេធាវីការពារក្តីរបស់លោក កឹម សុខា មិនបានចូលក្នុងបន្ទប់សវនាការនោះឡើយ។ បើទោះបីមិនមានវត្តមានរបស់ក្រុមមេធាវី តែលោក ឃុន លាងម៉េង អនុប្រធានសាលាឧទ្ធរណ៍ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរ សម្រេចតម្កល់ការសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញទុកជាបានការ ពោលគឺបន្តឃុំខ្លួនលោក កឹម សុខា ក្នុងពន្ធនាគារដដែល៕ ដោយៈ មុនីរាជ