ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានទទួលជួបគណៈប្រតិភូធុរកិច្ចមកពីសមាគមអ៊ីនធឺណិតខេត្តគ្វីចូវ (Guizhou) នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍនវានុវត្តន៍បច្ចេកវិទ្យា សម្រាប់តម្រូវការរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នាទីស្តីការក្រសួង។
ក្នុងជំនួបនោះ លោក Yu Junfang ប្រធានសមាគមអ៊ីនធឺណិតខេត្តគ្វីចូវ បានលើកឡើងពីបទពិសោធន៍នៃបរិវត្តកម្មបច្ចេកវិទ្យារបស់ខេត្តគ្វីចូវ ដោយបានប្រែក្លាយពីខេត្តដែលមានការអភិវឌ្ឍតិចតួចនៅក្នុងប្រទេស ទៅជាមជ្ឈមណ្ឌលនវានុវត្តន៍ឈានមុខមួយ ក្នុងរយៈពេលត្រឹមតែមួយទសវត្សរ៍ តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យា AI និង 5G ដើម្បីធ្វើទំនើបកម្មឧស្សាហកម្ម និងសេដ្ឋកិច្ចរបស់ខេត្ត។
គណៈប្រតិភូដែលមានតំណាងមកពីក្រុមហ៊ុនបច្ចេកវិទ្យាចម្រុះ បានស្នើកិច្ចសហប្រតិបត្តិការ ដោយប្រើប្រាស់ជំនាញបច្ចេកវិទ្យារបស់ខ្លួន ដើម្បីបង្កើតដំណោះស្រាយជាក់លាក់របស់កម្ពុជា។ គណៈប្រតិភូបានបង្ហាញពីគម្រោងជោគជ័យមួយចំនួនក្នុងវិស័យទេសចរណ៍ បច្ចេកវិទ្យាវេជ្ជសាស្ត្រ និងថ្នាលបច្ចេកវិទ្យាសម្រាប់ជំរុញសេដ្ឋកិច្ចឌីជីថល។
លោក Yu Junfang បានលើកឡើងថា៖ “យើងចង់រៀបចំកម្មវិធីផ្គូផ្គងអាជីវកម្ម ដើម្បីផ្សារភ្ជាប់ក្រុមហ៊ុន
បច្ចេកវិទ្យាចិនជាមួយសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងគោលដៅជំរុញការផ្ទេរចំណេះដឹង និងបង្កើតភាពជាដៃគូដ៏រឹងមាំ។”
លោកក៏បានបង្ហាញចំណាប់អារម្មណ៍របស់សមាគមក្នុងការអនុវត្តគំនិតផ្តួចផ្តើមបច្ចេកវិទ្យារួមគ្នាជាមួយកម្ពុជា ដែលអាចនឹងដាក់ឱ្យដំណើរការដំណោះស្រាបបច្ចេកវិទ្យាមួយចំនួន នៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរជោគជ័យរបស់ខេត្តគ្វីចូវ ថាជាគំរូដ៏ល្អមួយ ដោយផ្សារភ្ជាប់នឹងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ខណៈដែលកម្ពុជាកំពុងត្រៀមចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។
ឯកឧត្តមបានលើកឡើងថា កម្ពុជាកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់ផលិតភាពរបស់ខ្លួន ដោយជំរុញឱ្យឧស្សាហកម្មក្នុងស្រុកចាប់យកបច្ចេកវិទ្យាទំនើបៗ និងប្រើប្រាស់ភាគលាភប្រជាសាស្រ្ត ស្របតាមអាទិភាពជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការជំរុញនវានុវត្តន៍បច្ចេកវិទ្យា។
ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញការគាំទ្រចំពោះគោលដៅរបស់សមាគម ក្នុងការកៀរគរក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតតូច និងមធ្យមរបស់ចិន ដើម្បីធ្វើជាដៃគូបង្កើតដំណោះស្រាយសម្រាប់បរិបទកម្ពុជា។ ឯកឧត្តមក៏បានបញ្ជាក់ជូនគណៈប្រតិភូពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញបរិយាកាសអំណោយផលសម្រាប់ភាពជាដៃគូនេះ ដែលគាំទ្រដោយរដ្ឋាភិបាលមួយដែលមានថ្នាក់ដឹកនាំវ័យក្មេង និងស្វាហាប់ ចំពោះការកសាង និងការផ្សារភ្ជាប់ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍រវាងប្រទេសទាំងពីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី