ក្រុមក្មេងទំនើង សូមអ្នកកុំនិយាយថា ខ្ញុំគ្រាន់តែកាន់ដាវលេងសោះហ្នឹង ខុសដែរ ? គឺ ខុស… ស្មើនឹងការលាក់ទុកអាវុធដោយខុសច្បាប់, អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពត បានឱ្យដឹងថា អយ្យការអមសាលាដំបូងខេត្ត បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ទាក់ទិននឹងក្មេងទំនើងចំនួន ៣នាក់ បានធ្វើសកម្មភាព ថតវីដេអូ កាន់ដាវ និងកាំបិតផ្គាក់ បង្ហោះនៅលើបណ្តាញព័ត៌មានសង្គមហ្វេសប៊ុក រាំលេងគ្រវីចុះឡើង សម្ញែងអ្នកដទៃជាសាធារណៈ។
តាមដំណើររឿងបាបបង្ហាញថា ឈ្មោះ ភីន ភា ភេទប្រុស បានប្រមូលកាំបិតនៅក្នុងផ្ទះមកដាក់តម្រៀបគ្នា គឺកាំបិតផ្កាក់ ចំនួន ០៤ដើម និងដាវដែក ចំនួន ០១ដើម សរុប ៥ដើម , រួចថតវីដេអូឃ្លីប និងបានយកវីដេអូនោះ ទៅបង្ហោះនៅលើបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក ដែលប្រព្រឹត្តនៅភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។
ក្រោយពីធ្វើសកម្មភាពបង្ហោះឃ្លីបវីដេអូ និងរូបភាពរួចមក កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ និងដកហូតបានវត្ថុតាង កាំបិតផ្គាក់ ចំនួន ០៤ដើម និងដាវដែក ចំនួន១ដើម។
តំណាងអយ្យការបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ និងពិនិត្យល្អិតល្អន់ទៅលើភស្តុតាង ព្រមទាំងបានស្តាប់ចម្លើយ ជនសង្ស័យខាងលើ, តំណាងអយ្យការបានសម្រេចចោទប្រកាន់ លើជនសង្ស័យចំនួន ៣នាក់ រួមមាន :
១- ឈ្មោះ យឿង កាំង ភេទប្រុស អាយុ១៥ឆ្នាំ,
២- ឈ្មោះ ភីម ភា ភេទប្រុស អាយុ១៦ឆ្នាំ , និង
៣- ឈ្មោះ ឃឿន រ័ត្នធូ ភេទប្រុស អាយុ១៥ឆ្នាំ ,
ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ( កាន់កាំបិតផ្គាក់ និងដាវ ថតវីដេអូ និងបង្ហោះរូបភាពនៅលើបណ្តាញព័ត៌មានសង្គម ហ្វេសប៊ុក ) ប្រព្រឹត្តនៅភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ តាមបញ្ញត្តិ មាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ , តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ លេខ ១៨ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។
សូមកុំឆ្ងល់ថា គ្រាន់តែបង្ហាញកាំបិតផ្គាក់ហ្នឹង ខុសដែរ ? កាំបិតផ្គាក់ក៏ដោយ ដាវដែកក៏ដោយ គឺសុទ្ធសឹងតែជាអាវុធសម្លាប់មនុស្សបាន មិនចាំបាច់តែកាំភ្លើងមួយមុខនោះទេ ដូច្នេះ ការយកកាំបិតផ្គាក់ ដាវដែក មកអួតសម្ញែងជាសាធារណៈបែបនេះ គឺពិតណាស់ ជាការខុសច្បាប់ ពីបទកាន់កាប់អាវុធដោយគ្មានច្បាប់អនុញ្ញាត, ប៉ុន្តែបើកាំបិតទុកក្នុងផ្ទះសម្រាប់ប្រើការ កាប់ឆ្កាព្រៃ ច្បារដំណាំ វាមិនខុសច្បាប់នោះទេ។ ពេលនេះសំណុំរឿងក្មេងទំនើង ដែលបង្ហោះបង្អួតពីអាវុធ កាំបិតផ្គាក់ និងដាវដែក កំពុងស្ថិតក្នុងដៃតុលាការ ធ្វើនីតិវិធីតាមផ្លូវច្បាប់ មិនលើកលែងឡើយ៕ ពិសិដ្ឋ CEN