កំពង់ឆ្នាំង ៖ ឆ្នាំនេះខេត្តកំពង់ឆ្នាំងមានទូកចំនួន២៨ទៅចូលរួមអុំនិងចែវប្រណាំង នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ នៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹតទៅ នៅថ្ងៃទី២ដល់ថ្ងៃទី៤ ខែវិច្ឆិកា ។ មុនពេលចេញដំណើរអាជ្ញាធរខេត្ត បានរៀបចំធ្វើពិធីសំណេះសំណាលជាមួយកីឡាករកី ឡាការនីចំណុះទូក ទាំងអស់ នៅវត្តកំពង់ត្រឡាចក្រោម ស្រុកកំពង់ត្រឡាច កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។
លោកសៀត គឹមលៀង អភិបាលរងខេត្តកំពង់ឆ្នាំង និង ជាប្រធានគណកម្មការដឹកនាំទូកបានអោយដឹងថា ឆ្នាំនេះខេត្តកំពង់ឆ្នាំង បានបញ្ជូនទូកអុំ ទូកចែវ ចំនួន២៨ទូក អោយទៅចូលរួម អុំនិងចែវប្រណាំងនៅរាជធានីភ្នំពេញដែលមកពីក្រុង ស្រុកចំនួន៦ និងមានកីឡាករ កីឡាការនីសរុបចំនួន១៤៦៧នាក់ ។
លោកអភិបាលរងខេត្តបានបញ្ជាក់ទៀតថា ខេត្តកំពង់ឆ្នាំងចាប់ផ្តើមបញ្ជូនទូកចែវ ទូកអុំ ទៅប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក ចាប់តាំងពីឆ្នាំ១៩៩១មកម្ល៉េះ ក្នុងពេលរាជរដ្ឋាភិបាល កម្ពុជាបានរៀបចំព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបជាលើកដំបូងមកម្លេះ ។ ហើយ រាល់ពេលប្រកួត កីឡាករ កីឡាការិនីខេត្តកំពង់ឆ្នាំងតែងតែនាំមកវិញនូវពានរង្វាន់ជ័យលាភី ជូនខេត្តជាច្រើនផងដែរ ។
មានប្រសាសន៍សំណេះសំណាលជាមួយកីឡាការនីនាពេលនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ពិធីបុណ្យប្រអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ តែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ។ ការប្រណាំងទូក មានរយះពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃ១៤ និង១៥កើត ដល់ថ្ងៃ ១រោចខែកក្តិក ហើយពេលយប់ ក៏មានការបណ្តែតប្រទីបផងដែរ។ ប្រារព្ធពិធីបុណ្យនេះឡើង ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹករបស់ខ្មែរ ដែលបានរំដោះទឹកដីពីខ្មាំងសត្រូវ ។ ពិធីបុណ្យអុំទូកនេះ ក៏បានភ្ជាប់នឹងពិធីផ្សេងៗទៀតផងដែរ គឺការបណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលជាការឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំ។
ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើដល់កីឡាក កីឡាការនីទាំងអស់ ត្រូវខិតខំអោយយកអស់ពីកម្លាំងកាយ កម្លាំងចិត្ត អនុវត្តអោយបានម៉ឺងម៉ាត់ តាមបទបញ្ជារបស់គណកម្មការបច្ចេកទេស ដោយរក្សាបាននូវសីលធម៌ គុណធម៌ សុជីវធម៌ អោយសក្តិសមជាកីឡាករ និង ត្រូវរក្សាទំនាក់ទំនងល្អ សាមគ្គីភាពគ្នា និងត្រូវចេះថែទាំសុខភាព៕ ដោយ៖ ចៅ សន