Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ២០២១ ផលនេសាទសរុបសម្រេចបានចំនួន ៨៥៦ ៤០០តោន ដែលគិតសរុបជាប្រាក់ ស្មើនឹង ១៧១២ ៨០០ ០០០ដុល្លារ

ភ្នំពេញ៖ យោងលើរបាយការណ៍ របស់រដ្ឋបាលជលផលបង្ហាញថា ក្នុងឆ្នាំ២០២១ ផលនេសាទសរុបសម្រេចបានចំនួន ៨៥៦ ៤០០តោន ក្នុងនេះ ផលនេសាទទឹកសាបសម្រេចបានចំនួន ៣៨៣ ០៥០តោន សមុទ្រចំនួន ១២៥ ០០០តោន និងផលវារីវប្បកម្មសម្រេចបានចំនួន ៣៤៨ ៣៥០តោន ដែលគិតសរុបជាប្រាក់ស្មើនឹង ១៧១២ ៨០០ ០០០ដុល្លារ។

យោងលើរបាយការណ៍របស់រដ្ឋបាលជលផលបង្ហាញថា ក្នុងឆ្នាំ២០២១ ការងារសម្រេចបាន ៖

  • ផលវារីវប្បកម្មបាន ៣៤៨ ៣៥០តោន ផលិតកូនត្រីពូជបាន ៣២៤លានក្បាល ចិញ្ចឹមក្រពើបាន ២៩២ ១០០ក្បាល បង្កើតបណ្តុំវារីវប្បករចំនួន ៣២៦កន្លែង មានសមាជិកចំនួន ១១ ០០០នាក់។
  • ធ្វើអធិការកិច្ចទីតាំងកែច្នៃបានចំនួន ១៣៤កន្លែង ក្នុងខេត្តចំនួន១៧ ផ្តល់វិញ្ញាបនបត្របញ្ជាក់ការអនុវត្តអនាម័យល្អចំនួន ៥ច្បាប់ និងវិញ្ញាបនបត្រសុខភាពចំនួន ៦៧ច្បាប់។
  • កន្លែងអភិរក្សសរុបចំនួន ៦៨២កន្លែង បោះបង្គោលបេតុងព្រំប្រទល់កន្លែងអភិរក្សចំនួន ១៨៥ ដើម បង្គោលឈើចំនួន ២ ៧៥០ដើម ទម្លាក់ប្រអប់បេតុងចំនួន ២៥០ នៅតំបន់ឆ្នេរ បានការពារតំបន់ផ្កាថ្ម និងស្មៅសមុទ្រទំហំ ៧ ០០០ហ.ត ដាំព្រៃលិចទឹកចំនួន ១៥០ហ.ត និងសាងសង់ស្នាក់ការល្បាតចំនួន ៤ខ្នង។
  • សហគមន៍នេសាទសរុបចំនួន ៥១៦ (ទឹកសាប ៤៧៥ សមុទ្រ ៤១) មានសមាជិកសរុបចំនួន ១៤៧ ៥១៨គ្រួសារ ស្មើនឹង ៣៣២ ១៦៨នាក់ ចុះបញ្ជីសហគមន៍នេសាទចំនួន ៤៣៥ និងបានផ្តល់ថវិកាគាំទ្រដល់សហគមន៍ចំនួន ១៥០ (៤លានរៀល/សហគមន៍) ដាក់ស្លាកសញ្ញាកន្លែងអភិរក្សសហគមន៍ចំនួន ១១០ស្លាក ទម្លាក់ប្រអប់បេតុងចំនួន១៥០ និងបោះបង្គោលការពារស្មៅសមុទ្រក្នុងកន្លែងសហគមន៍ចំនួន ២០០ដើម។
  • បានបោះបង្គោលព្រំប្រទល់ការពារព្រៃលិចទឹកចំនួន ១៣៦ដើម នៅខេត្តជុំវិញបឹងទន្លេសាប បូកយោងសរុបចំនួន ១ ០២១ដើម។
  • បង្រ្កាបបទល្មើសជលផលបានចំនួន ៣២៣១ករណី បំផ្លាញចោលវត្ថុតាង ២៩៦២ករណី ពិន័យអន្តរការណ៍ ៧៩ករណី បញ្ជូនទៅតុលាការ ១៩០ករណី និងបានផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តចំនួន ១៤០វគ្គ អ្នកចូលរួម ១ ៤៥០នាក់។
  • សិក្សាស្រាវជ្រាវ ជីវសាស្រ្តវារីសត្វ តាមដានប្រភេទកូនត្រី ការធ្វើចរាចរណ៍ត្រី និងការពងកូនរបស់ត្រីនៅតាមដងទន្លេ សិក្សា DNAត្រី សិក្សាស្រាវជ្រាវការបង្កាត់ភ្ញាស់ត្រីគ្រំ ត្រីខ្យា ត្រីខ្ជឹង ត្រីកន្ធរមាស និងតាមដានផលនេសាទដាយត្រី។
  • ការនាំចេញផលនេសាទបានចំនួន ៣ ៤៦៩តោន។
  • ការប្រមូលចំណូល អនុវត្តបានចំនួន ៦២១ ៩១២ ៩៧៦ រៀល។
  • ផលនេសាទសរុបសម្រេចបានចំនួន ៨៥៦ ៤០០តោន ក្នុងនេះ ផលនេសាទទឹកសាបសម្រេចបានចំនួន ៣៨៣ ០៥០តោន សមុទ្រចំនួន ១២៥ ០០០តោន និងផលវារីវប្បកម្មសម្រេចបានចំនួន ៣៤៨ ៣៥០តោន ដែលគិតសរុបជាប្រាក់ស្មើនឹង ១៧១២ ៨០០ ០០០ដុល្លារ។

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ មានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបការងារវិស័យជលផលប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងមានការអញ្ជើញជាកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំក្រសួង ឯកឧត្តមថ្នាក់ដឹកនាំស្ថាប័នក្រោមឱវាទក្រសួង ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ។

ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានថ្លែងថាសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២១ ជាពិសេសលទ្ធផល នៃការអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ២០២១ ឱ្យទប់ស្កាត់ បង្រ្កាបការទន្ទ្រានឈូសឆាយ និងដក ហូតដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប។ ជាក់ស្តែងគិតត្រឹមថ្ងៃទី២៣ ខែមករា មានប្រជាពលរដ្ឋ ១៤ ៤៩០គ្រួសារ បានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញក្នុងទំហំ ៦០ ៣៦០,៤ហិកតា បានដាំកូនឈើព្រៃលិចទឹកចំរុះបានចំនួន ៣៤ ៩១១ដើម ឬស្សីចំនួន ៧ ៦៨៩ដើម កូនត្នោតចំនួន ៣៣៩ដើម និងកប់គ្រាប់ត្នោតចំនួន ២០៥ ៣៨៥គ្រាប់។ ព្រមជាមួយគ្នានេះ ឯកឧត្តមប្រតិភូ បានចង្អុលបង្ហាញអំពីផែនការសកម្មភាព និងទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២២ ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ថា ការខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលជលផលក្នុងការអនុវត្តគោលនយោបាយ ផែនការអភិវឌ្ឍ ការងារគ្រប់គ្រប់ ស្រាវជ្រាវ បណ្តុះបណ្តាល ផ្សព្វផ្សាយ ការការពារ និងអភិរក្សធនធានធម្មជាតិ កិច្ចសហប្រតិបត្តិការអន្តរជាតិ ការងារទប់ស្កាត់ និងបង្រ្គាបបទល្មើសជលផល ការកាប់ទន្ទ្រានព្រៃលិចទឹក និងព្រៃកោងកាងយកធ្វើជាកម្មសិទ្ធិ ការអភិវឌ្ឍវិស័យវារីវប្បកម្មទឹកសាប និងសមុទ្រ និងការអភិវឌ្ឍសហគមន៍នេសាទ ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ សម្រេចបានលទ្ធផលគួរជាទីមោទន។ សមិទ្ធផលទាំងអស់នេះ ពិតជាបានចូលរួមចំណែកអភិវឌ្ឍវិស័យជលផលឱ្យមានការរីកចម្រើនទាំងពេលបច្ចុប្បន្ន និងអនាគត។

យោងលើរបាយការណ៍របស់ឯកឧត្តមប្រតិភូ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ ពីការលំបាកស្មុគស្មាញក្នុងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តមួយចំនួន បច្ចេកទេស បទបញ្ជា និងជាពិសេសបញ្ហានៃការរីករាលដាលជំងឺកូវីថ-១៩ ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រីនៅតែសង្ឃឹម និងជឿជាក់ថា ក្នុងឆ្នាំ២០២២នេះ ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ តួអង្គពាក់ព័ន្ធ រដ្ឋបាលជលផលនឹងទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត។

ឆ្លៀតយកឱកាសនេះ ដើម្បីឈានទៅសម្រេចបានជោគជ័យ ទៅតាមផែនការដែលបានគ្រោងទុក ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗ ទុកជាធាតុចូល ជាពុទ្ធិ និងជាត្រីវិស័យចង្អុលបង្ហាញ និងបំភ្លឺបន្ថែមដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរដ្ឋបាលជលផលគ្រប់ជាន់ថ្នាក់យកទៅដោះស្រាយ កែលម្អ សម្របសម្រួល សហការ និងអនុវត្តភារកិច្ចរបស់ខ្លួនឲ្យចំទិសដៅ ទាន់សភាពការណ៍ មានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់ ស្របតាមផែនការយុទ្ធសាស្រ្តនៃការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព និរន្តរភាព បរិយាប័ន្ន និងការប្រែ ប្រួលអាកាសធាតុ។ អ្វីដែលសំខាន់គឺត្រូវបន្តខិតខំយកចិត្តទុកដាក់ ពង្រឹងការអនុវត្តអនុសាសន៍ឆ្នាំ២០២១ឲ្យកាន់តែល្អប្រសើរថែមទៀត ធ្វើយ៉ាងណាឲ្យស្របទៅនឹងបរិបទនៃស្ថានភាពសេដ្ឋកិច្ច និងសង្គមជាតិយើងនាពេលបច្ចុប្បន្ន។

ដោយឡែក សម្រាប់ឆ្នាំថ្មី២០២២ នេះ រឿងសំខាន់ដែលគួរផ្តល់អាទិភាពខ្ពស់យកមកគិតគូដោះស្រាយ និងចាប់ផ្តើមអនុវត្តជាបន្ទាប់នោះគឺ៖ – ថ្នាក់ដឹកនាំរដ្ឋបាលជលផលត្រូវខិតខំគិតគូ ដោះស្រាយជាមួយសហភាពអឺរ៉ុបអំពីបញ្ហា “កាតក្រហម” – បន្តយកចិត្តទុកដាក់ គាំទ្រ និងលើក ទឹកចិត្តឲ្យប្រជានេសាទនាំទូកនេសាទគ្រប់ប្រភេទមកចុះបញ្ជីដើម្បីងាយធ្វើការគ្រប់គ្រងទាំងជាលក្ខណ:ច្បាប់ និងលក្ខណ:បច្ចេកទេស – សិក្សាអំពីការពង្រីកទីតាំងធ្វើវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ ដោយធ្វើការកៀរគរ និងសហការជាមួយវិស័យឯកជនទាំងក្នុង និងក្រៅប្រទេស – សិក្សាពីលទ្ធភាពស្តារបឹងទន្លេឆ្មាដើម្បីធ្វើវារីវប្បកម្ម ឬហ៊ុំព័ទ្ធជាកន្លែងអភិរក្សាពូជត្រីរបស់ជាតិ – ជំរុញការស្រាវជ្រាវពូជត្រីទាំងត្រីទឹកសាប និងទឹកប្រៃនៅតាមគ្រប់ស្ថានីយ និងមជ្ឈមណ្ឌលស្រាវជ្រាវបង្កាត់ពូជត្រីរបស់រដ្ឋ និងឯកជន – ត្រូវបន្តជំរុញ គាំទ្រ និងលើកទឹកចិត្តឲ្យវារីវប្បករចងក្រងបណ្តាញ ឬបណ្តុំវារីវប្បកម្ម ដើម្បីធានាបាននូវបរិមាណផ្គត់ផ្គង់ គុណភាព ទីផ្សារ តម្លៃ និងឥណទាន។ ឯកឧត្តមរដ្ឋមន្ត្រីក៏មិនភ្លេចផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំ មន្រ្តីជំនាញគ្រប់ជាន់ថ្នាក់ត្រូវប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ ទប់ស្កាត់រាល់សកម្មភាពបំបែកបំបាក់ផ្ទៃក្នុង និងការគ្រប់គ្រងលើមន្ត្រីរាជការប្រកបដោយសមធម៌ យុត្តិធម៌ និងប្រសិទ្ធភាពតាមក្រមសីលធម៌មន្ត្រីរាជការ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×