សៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរមួយដែលកើតឡើងដោយរថយន្តឡិចស៊ីលមួយគ្រឿងបើកលើសល្បឿនកំណត់ បានបុកគ្នាជាមួយរថយន្តធុនធំមួយគ្រឿងទៀត បណ្តាលឲ្យស្លាប់ និងរបួសម្នាក់ ដែលហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃអាទិត្យ ទី២៩ ខែមេសាឆ្នាំ២០១៨ ម៉ោង៤និង៤០នាទី លើផ្លូវជាតិលេខ៦Aចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៥០-៣៥១ក្នុងភូមិផ្លាំងឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាលជំនាញបានឲ្យដឹងថា ៖ រថយន្តម៉ាកឡិចស៊ីសRX300ព៌ណស្ករ ពាក់ស្លាកលេខបន្ទាយមានជ័យ 2A 9455 បើកបរ ដោយបរដោយឈ្មោះ គិម វ៉ាន់ថា ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិគោកស្វាយ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដឹកឈ្មោះ សាន ផានិត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បើកបរទិសដៅពីកើតទៅលិចបានបុកជាមួយរថយន្តម៉ាកហ្វុយសូ ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខតាកែវ 3A 1948 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (បានរត់គេចខ្លួនបាត់) បើកបរទិសដៅពីលិចទៅកើត។ ក្នុងករណីនេះ បណ្តាលឲ្យស្លាប់មនុស្ស១នាក់ ឈ្មោះ គិម វ៉ាន់ថា និងរងរបួសស្រាលមនុស្ស១នាក់ ឈ្មោះ សាន ផានិត និងខូចខាតរថយន្ត២គ្រឿងធ្ងន់ ដោយមូលហេតុ អ្នកបើកបររថយន្តម៉ាកឡិចស៊ីស Rx300 បើកបរលើសល្បឿនកំណត់។ ក្រោយការពិនិត្យ និងវាស់វែងរួច កម្លាំងផ្នែកជំនាញ បានប្រគល់សព ជូនគ្រួរសារយកទៅធ្វើបុណ្យ និងប្រមូលវត្ថុតាង មករក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖បញ្ញាស័ក្តិ