ភ្នំពេញ៖ នៅទីក្រុងឌុយបៃនៃសហភាពអារ៉ាប់រួម ក្នុងពិព័រណ៍ពិភពលោក២០២០ ប្រទេសកម្ពុជា បានប្រារព្ធ«ទិវាជាតិកម្ពុជា» ដោយបានរៀបចំកម្មវិធីបង្ហាញមុខម្ហូបខ្មែរចំនួន ០២ មុខ គឺអាម៉ុកត្រី និងគុយទាវភ្នំពេញ ដោយចុងភៅកម្ពុជាមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា, វេទិកាជំរុញការវិនិយោគ និងទេសចរណ៍កម្ពុជា និងការសម្តែងសិល្បៈបង្ហាញវប្បធម៌ខ្មែរជូនពិភពលោកបានស្គាល់។
ពិព័រណ៍ពិភពលោក២០២០នៅទីក្រុងឌុយបៃនៃសហភាពអារ៉ាប់រួម មានប្រទេស និងអង្គការអន្តរជាតិធំៗ ប្រមាណជាង ៥០ បានចូលរួមអបអរសាទរ។
ក្នុងនាមជាតំណាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអំពាវនាវ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះធុរជន និងវិនិយោគិននានា ដែលចង់ស្វែងរកឱកាសបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងស្វាគមន៍ទេសចរអន្តរជាតិទាំងទ្បាយ ដែលមានបំណងទៅទស្សនាកម្ពុជា ដើម្បីស្វែងយល់ពីសម្បត្តិវប្បធម៌ អរិយធម៌ និងធនធានធម្មជាតិដ៏សម្បូរបែប ដែលនៅមានឋិតថេរពីបុរាណរហូតមកដល់បច្ចុប្បន្ន។
ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន់ សូរស័ក្ត បានបន្តថា ដោយសារចំណុចពិសេសទាំងនេះ ទើបធ្វើឱ្យពន្លាជាតិកម្ពុជា ត្រូវបានគណៈកម្មការជ្រើសរើសចូលក្នុងបញ្ជីប្រទេសចំនួន ៣០ ក្នុងចំណោម ១៩០ ប្រទេស ដែលបានរៀបចំពន្លាជាតិស្អាតជាងគេ និងមានលក្ខណៈពិសេសស្របតាមប្រធានបទនៃពិព័រណ៍ សម្រាប់បើកទទួលភ្ញៀវសាកល្បងមុនពេលពិព័រណ៍ពិភពលោកបើកសម្ពោធជាផ្លូវការមួយថ្ងៃ។ ដោយចាប់តាំងពីពេលបើកដំណើរការ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ពន្លាជាតិកម្ពុជាបានទទួលភ្ញៀវចូលទស្សនាចំនួនជាង ១៧ម៉ឺននាក់ ក្នុងនោះគ្រាន់តែក្នុងរយៈពេល ១ ថ្ងៃ នៃការបើកសាកល្បងដំបូង ពន្លាជាតិកម្ពុជា បានទទួលភ្ញៀវចូលទស្សនារហូតដល់ ជាង ១,០០០នាក់។
សូមជម្រាបជូនថា ពិព័រណ៍ពិភពលោក២០២០ ឌុយបៃ គឺជាព្រឹត្តិការណ៍កម្រិតពិភពលោកលើកដំបូង ដែលរៀបចំឡើងនៅតំបន់មជ្ឈឹមបូព៌ាមានរយៈពេល ០៦ ខែ ហើយបើកចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ស្មើនឹងចំនួន ១៨២ថ្ងៃ៕