ជិត១ខែកន្លងផុតដែលឧក្រិដ្ឋជនបានបាញ់រះទៅលើហ្វូងមនុស្សក្នុងរាត្រីស្រមោលសតំបន់ជនបទនៅឡាវេហ្គាស បណ្តាលឲ្យមនុស្ស 59 នាក់ស្លាប់ ជាង៥០០នាក់រងរបួស។
លោក Dennis Carver និងអ្នកស្រី Lorraine Carver ជាគូស្វាមីភរិយាមកពី California បានចែករំលែកថា ” យើងខ្ញុំមានភ័ព្វសំណាងរួចផុតពីគ្រោះថ្នាក់ក្នុងរាត្រីដ៏សែនតក់ស្លុតនោះ ប៉ុន្តែទិដ្ឋភាពពោរពេញដោយការស្លាប់និងរបួសធ្វើឲ្យយើងខ្ញុំពុំអាចបំភ្លេចបាន”។
គូស្វាភរិយាលោក Dennis Carver និងអ្នកស្រី Lorraine Carver បានបាត់បង់ជីវិតក្រោយពីរថយន្តរបស់ពួកគេបុកចំទ្វារដែកមួយ រួចផ្ទុះឆេះ
ប្រយោគនៃចម្លើយក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតខាងលើស្តីពី “សំណាង” ប៉ុន្តែមិនបានពាក់កណ្តាលខែផងមច្ចុរាជបានតាមឆក់យកជីវិតរបស់អ្នកទាំង២ក្នុងវ័យ៥២ឆ្នាំ។ កងកម្លាំងសង្គ្រោះឲ្យដឹងថា “ពួកគេជិះរថយន្តចេញពីផ្ទះប្រមាណ៨០០ម៉ែត្រ ពុំដឹងហេតុអ្វីស្រាប់តែរថយន្តបើកបុកទ្វារដែកជាហេតុធ្វើឲ្យរថយន្តផ្ទុះឆេះជាខ្លាំង។ យើងខ្ញុំបានប្រឹងប្រែងពន្លត់អគ្គិភ័យនោះ តែត្រូវចំណាយពេលជិត១ម៉ោង ទើបអគ្គិភ័យត្រូវបានពន្លត់។
ទោះបីរួចផុតពីសោកនាដកម្មនៅឡាវេហ្គាស ប៉ុន្តែភ័ព្វសំណាងពុំបន្តសើចជាមួយអ្នកទាំង២ប៉ុន្មានឡើយ
នាង Brooke Carver អាយុ២០ឆ្នាំ បានចែករំលែកថា ៖ “ឪពុកម្តាយខ្ញុំពុំអាចរស់នៅដោយខ្វះនរណាម្នាក់បានឡើយ ។ នៅរាត្រីកើតឡើងសោកនាដកម្មនៃការបាញ់រះឪពុករបស់ខ្ញុំបានប្រឹងយកខ្លួនដើម្បីបាំងគ្រាប់ឲ្យភរិយា។ សំណាងល្អដែលពួកគាត់បានរួចផុតពីគ្រោះថ្នាក់ ហើយនរណាៗដែលមកសួរសុខទុក្ខសុទ្ធតែស្ងើចសរសើរចំពោះក្តីស្រឡាញ់ដែលឪពុកខ្ញុំផ្តល់ឲ្យម្តាយខ្ញុំនៅអំឡុងពេលប្រឈមនឹងការស្លាប់”។
ក្រោយព្រឹត្តិការណ៍នោះអ្នកទាំង២ កាន់តែស្រឡាញ់គ្នាឡើង ប៉ុន្តែគួរឲ្យស្តាយពេលវេលាសម្រាប់ពួកគេនៅសល់ពេល២សប្តាហ៍យ៉ាងខ្លីប៉ុណ្ណោះ។ ខ្ញុំក៏មានអារម្មណ៍ធូរស្រាលមួយផ្នែកគ្រាដែលឪពុកម្តាយខ្ញុំអាចចាកចេញទៅជាមួយគ្នាក្នុងពេលតែ១ ព្រោះពុំនោះសោតវាពិតជាលំបាកខ្លាំងណាស់ប្រសិនបើក្នុងចំណោមពួកគេមានម្នាក់នៅមានជីវិតឯកោនៅក្នុងពិភពលោកនេះ៕ ដោយ ៖ សូយន