ភ្នំពេញ៖ មន្រ្តីនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា ការចាប់ផ្តើមជើងហោះហើរឡើងវិញ គឺជាសញ្ញាល្អសម្រាប់វិស័យអាកាសចរណ៍កម្ពុជា ដែលនឹងបង្កើនចំនួនជើងហោះហើរជាបណ្តើរៗ ហើយអាចនាំទៅរកភាពប្រក្រតីនាពេលខាងមុខ។
លោក ស៊ិន ច័ន្ទសេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់សារព័ត៌មានក្នុងស្រុកថា កាលវិភាគជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា បានបង្ហាញថា ត្រឹមដំណាច់ ខែមករា ឆ្នាំ២០២២នេះ នឹងមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងអន្តរជាតិប្រមាណ ១០ កំពុងដំណើរការនៅកម្ពុជា ដោយមានក្រុមហ៊ុនអាកាសចរណ៍មួយចំនួនហោះហើររវាង ៣-៤ ដងក្នុងរយៈពេល ១ សប្តាហ៍។
សូមជម្រាប់ជូនថា ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air នៅថ្ងៃទី១ ខែកុម្ភៈ បានចាប់ផ្តើមជើងហោះហើរក្នុងស្រុកឡើងវិញ។ ក្រុមហ៊ុនអាកាសចរណ៍ នឹងចាប់ផ្តើមជើងហោះហើររវាងភ្នំពេញ-សៀមរាប និងភ្នំពេញ-ព្រះសីហនុ ចាប់ពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ តាមការគ្រោងទុករៀងរាល់ថ្ងៃសុក្រ និងថ្ងៃអាទិត្យ។
គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន Cambodia Airposts បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាម បានចាប់ផ្តើមជើងហោះហើរ មក រាជធានីភ្នំពេញឡើងវិញ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ហើយបានកំណត់ជើងហោះហើរ ៤ថ្ងៃ ក្នុងមួយសប្តាហ៍។ ឥឡូវនេះក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានបន្ថែមជើងហោះហើរចំនួនប្រាំមួយបន្ថែមទៀត សរុបមានចំនួន ១០ជើងក្នុងមួយសប្តាហ៍៕