Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តរតនគិរីស្វាគមន៍ ភ្ញៀវទេសចរចំនួន ១២,៤៥១ នាក់ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម

ខេត្តរតនគិរីទទួលភ្ញៀវទេសចរចំនួន១២,៤៥១នាក់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល៣ថ្ងៃ (៣១ មករា ១-២កុម្ភៈ ឆ្នាំ២០២២)។ នេះបើយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍។ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន៥១នាក់ ភ្ញៀវជាតិ១២,៤០១នាក់។ ចំនួននេះគឺមានការកើនឡើង១៧.១៦% ភ្ញៀវជាតិកើនឡើង១៦.៩៩% និងភ្ញៀវអន្តរជាតិ កើនឡើង៨២.១៤% បើប្រៀបធៀបនឹងបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២១ កន្លងមកមានចំនួន១០,៦២៨នាក់។ នេះបើយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានសម្តែងនូវសុទិដ្ឋិនិយមចំពោះកំណើនភ្ញៀវទេសចរ ដែលមានការហក់ឡើងគួរឲ្យកត់សម្គាល់ បើទោះបីចំនួនហក់ឡើងមិនច្រើនតាមការរំពឹងទុក តែនេះគឺជាសញ្ញាល្អបង្ហាញថាខេត្តរតនគិរី ចាប់ផ្តើមមានភ្ញៀវទេសចរមកលេងកម្សាន្តវិញហើយ បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញក្រោយវិបត្តិកូវីដ-១៩ រយៈពេលជិត២ឆ្នាំ។

លោកបន្តថា ចំនួនភ្ញៀវដែលមានការកើនឡើងនេះ ក៏បានបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព, ហេដ្ឋារចនាសម្ព័ន្ធមានការតភ្ជាប់បានល្អ គួបផ្សំនឹងសេដ្ឋកិច្ចប្រជាពលរដ្ឋផងដែរ។ ជាពិសេសនោះ គឺវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានស្រោចលើប្រជាពលរដ្ឋស្ទើរ១០០% ដូច្នេះ ពួកគាត់មានទំនុកចិត្តមិនសូវព្រួយបារម្មណ៍ ក្នុងការដើរលេងកម្សាន្តប៉ុន្មាននោះទេ។

គួរបញ្ជាក់ថាខេត្តរតនគិរីមានរមណីយដ្ឋាន ទេសចរណ៍រហូតដល់៣០កន្លែង សុទ្ធសឹងជារមណីយដ្ឋាន ធម្មជាតិ។ ហើយនៅថ្ងៃខាងមុខជាពិសេសបុណ្យចូលឆ្នាំខ្មែរ នឹងបង្វែទិសដៅភ្ញៀវទេសចរ ឲ្យទៅលេងតំបន់វាលខ្សាច់ និងទឹកជួរនៅស្រុកតាវែង និងស្រុកវើនសៃ៕

×