ភ្នំពេញ៖ ដើម្បីជួយសម្រាលបន្ទុកដល់អ្នកពាក់ព័ន្ឋក្នុងវិស័យទេសចរណ៍ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច បន្តលើកលែងពន្ឋប្រចាំខែ ដល់ម្ចាស់អាជីវកម្មទេសចរណ៍នានា ដែលបានរងគ្រោះធ្ងន់ធ្ងរដោយសារវិបត្តិកូវីដ១៩។
ក្រសួងសេដ្ឋកិច្ច និងក្រសួងទេសចរណ៍ បានចេញប្រកាសអន្តរក្រសួងស្តីពី ការអនុវត្តវិធានការគោលនយោបាយគន្លឹះ សម្រាប់វិស័យទេសចរណ៍ ដោយបន្តលើកលែងការបង់ពន្ធប្រចាំខែ គ្រប់ប្រភេទចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ បន្តលើកលែងការបង់ពន្ធប៉ាតង់ ចំពោះក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករ ក្នុងវិស័យទេសចរណ៍ដទៃទៀត និងលើកលែងការបង់កម្រៃបន្តអាជ្ញាបណ្ណ ទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២។
យោងតាមប្រកាសនេះ បានអនុញ្ញាតឱ្យអនុវត្តនូវគោលនយោបាយគន្លឹះ សម្រាប់វិស័យទេសចរណ៍ឆ្នាំ២០២២ រដ្ឋាភិបាលបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិតនៃខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ សម្រាប់ឆមាសទី១ ឆ្នាំ២០២២។
សូមជម្រាបថា ប្រកាសអន្តរក្រសួងខាងលើនេះ ក៏បានអនុញ្ញាតឱ្យបន្តសុពលភាពនៃការអនុវត្តសេចក្តីជូនដំណឹងស្តីពី ការអនុវត្តគោលនយោបាយលើកទឹកចិត្តនៃការលក់បណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ផងដែរ៕