Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងការងារ៖ វិស័យឯកជន រួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតឱកាសការងារ និងធានាសុខដុមនីយកម្មរបស់កម្មករនិយោជិត និងនិយោជក

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ក្នុងគោលបំណង ដើម្បីពិនិត្យ មើលអំពីវឌ្ឍនភាពការងារប្រចាំឆ្នាំ ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩ ២០២៣។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍នានា អង្គការវិជ្ជាជីវៈ និងវិស័យឯកជន ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហការល្អជាមួយក្រសួង ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលកន្លងមក ដែលសម្រេចបានជោគជ័យ ក្នុងការបង្កើតឱកាសការងារ និងធានាបាននូវសុខដុមនីយកម្មរវាងកម្មករនិយោជិត និងនិយោជក។

សន្និបាតនេះ ដំណើរការក្រោមរូបភាពចូលរួមដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់របស់ក្រសួង ដោយអនុវត្តតាមវិធានសុខាភិបាល ហើយក្រៅពីនោះគឺមានការចូលរួមតាមរយៈប្រព័ន្ធវីឌីអូខនហ្វឺរិន (ZOOM) ដែលការរៀបចំបែបនេះជាភាសាអង់គ្លេសគេហៅថាហាយប្រីត ដែលជារបៀបថ្មីដែលប្រើប្រាស់សម្រាប់កិច្ចប្រជុំក្នុងបរិបទនៃជំងឺកូវីដ-១៩។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩ ២០២៣  រយៈពេល១ឆ្នាំនេះ ប្រកបដោយជោគជ័យស្របតាមផែនការគួរជាទីមោនៈ ជាពិសេសការចូលរួមអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់រាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រួមទាំងការចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនកម្មករនិយោជិត ទាំងក្នុងក្របខណ្ឌអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង និងក្រោមឆត្រកងទ័ព។

ជាមួយគ្នានេះក៏បានចូលរួមជម្រុញការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ជាពិសេសការខិតខំអនុវត្តកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលទាំង១០ជុំ ដែលបានដាក់ចេញសំដៅដោះស្រាយផលប៉ះពាល់ ក្នុងការធានាបាននូវប្រក្រតីភាពនៃអាជីវកម្ម ពាណិជ្ជកម្ម ផលិតកម្ម វិនិយោគ ការងារ និងមុខរបរ ប្រាក់ចំណូល និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ដោយផ្តោតទៅលើមុខព្រួញចំនួន ៤គឺ៖ ១-ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដើម្បីទប់ទល់ការឆ្លង និងការការពារអាយុជីវិតរបស់ប្រជាជន, ២-ការរក្សាលំនឹងជីវភាពប្រជាជន ពិសេសសម្រាប់ប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ព្រមទាំងអ្នកបាត់បង់ការងារធ្វើ ដើម្បីធ្វើឱ្យពួកគេអាចមានលទ្ធភាពវិលទៅរកជីវភាពធម្មតាវិញនៅពេលផុតពីជំងឺនេះ, ៣-ការខិតខំជួយឱ្យអស់លទ្ធភាព ដើម្បីធ្វើឱ្យធុរកិច្ច និងអាជីវកម្មអាចរស់បាន និងរក្សាការងារ ពិសេសរក្សា និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការត្រៀមខ្លួនក្រោយពេលដែលជំងឺ COVID-19 ស្រាកស្រាន្ត ដើម្បីជ្រោងសេដ្ឋកិច្ចឱ្យរស់ឡើងវិញបានឆាប់រហ័ស, និង៤-ការរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងស្ថេរភាពសង្គម។ ក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19  រាជរដ្ឋាភិបាល បានបែងចែកសមរភូមិប្រយុទ្ធជាបីមុខព្រួញ គឺ ទី១-ការប្រយុទ្ធនឹងការឆ្លងចូលពីខាងក្រៅ, ទី២-ការប្រយុទ្ធទប់ស្កាត់មិនឱ្យឆ្លងពីអ្នកមានជំងឺទៅអ្នកមិនមានជំងឺ, និងទី៣-ការបន្តចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាទូទាំងប្រទេស។

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងទាំងអស់ ដែលបានរួមចំណែកខិតខំប្រឹងប្រែងសម្រេចបាននូវលទ្ធផលជាផ្លែផ្កា គួរជាទីមោទនភាពជូនជាតិមាតុភូមិ និងបានផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់បន្តទៀត ព្រមទាំងបញ្ជាក់ថា៖ «អ្វីដែលយើងសម្រេចបាន គឺពិតជាមិនអាចកាត់ផ្តាច់ ពីការចូលរួមរបស់យើងទាំងអស់គ្នា ជាពិសេស កិច្ចសហប្រតិបត្តិការល្អរបស់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធនានា និងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ អភិក្រមទាំង៥ គឺ ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនា២ គឺ “កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ” ដើម្បីបង្កើនប្រសិទ្ធភាពនៃកំណែទម្រង់ទាំង៥ របស់យើង» ។

ឯកឧត្តមបណ្ឌិត ក៏បានស្នើដល់សមាជិក សមាជិកា អង្គសន្និបាតទាំងមូលបន្តយកចិត្តទុកដាក់បន្ថែមទៀតអំពីមូលហេតុនៃការខ្វះកម្លាំងពលកម្ម ដើម្បីដាក់ចេញនូវទិសដៅឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបឲ្យបានទៅនឹងតម្រូវការកម្លាំងពលកម្មនេះ សម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុន រោងចក្រ សហគ្រាសនៅក្នុងស្រុកឲ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញដល់អង្គសន្និបាតទាំងមូល ត្រូវលើបញ្ហាប្រឈមនានា និងកិច្ចការងារមួយចំនួន ដែលមិនទាន់សម្រេចបាននាឆ្នាំកន្លងមកនេះ មកពិភាក្សាឱ្យបានផុលផុស និងដាក់ចេញនូវដំណោះស្រាយសមស្របនានា សម្រាប់ធ្វើជាទិសដៅក្នុងការអនុវត្តបន្ត សំដៅធ្វើឱ្យប្រសើរឡើងនូវឱកាសការងារ និងការផ្តល់មុខជំនាញវិជ្ជាជីវៈ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការស្តារឡើងវិញ នូវសេដ្ឋកិច្ចជាតិយើងពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ សំដៅចូលរួមស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី៕

×