ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យដែលជាបក្ខពួកក្រុមចោរឆ.ក់ម្នាក់ទៀតហើយ ដែលបណ្តាលឲ្យស្ត្រីម្នាក់ ដែលជាម្ចាស់កាបូបបានបាត់បង់ជីវិតចោលប្តីនិងកូនៗ ឲ្យនៅកំព្រានៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៩និង៣០នាទីព្រឹក។ ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះដែលមានឈ្មោះ អ៊ុក កាន់នី អាយុ៤១ ឆ្នាំ មុខរបរលក់ដូរ បានបាត់ជីវិតនៅក្នុងមន្ទីរពេទ្យព្រះកុសុមះ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។
ក្រោយពេលសមត្ថកិច្ចប៉ុស្តិ៍នគរបាលកាកាប១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានទទួលពាក្យបណ្តឹង ពីក្រុមគ្រួសាររបស់ជនរងគ្រោះ រួចរាល់ហើយនោះ ក្រោមការបញ្ជាផ្ទាល់ពីលោកឩត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំពីលោកវរសេនីយ៍ឯក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ជុំ សុខបញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ចាប់ខ្លួននៅថ្ងែទី២៩ ខែមករា ឆ្នាំ២០២២។
តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានសារភាពថា រូបគេនិងបក្ខពួកម្នាក់ទៀត ពិតជាបានធ្វើសកម្មភាពឆ.ក់កាបូបពីស្ត្រីរងគ្រោះ ដែលបានបាត់បង់ជីវិតពិតប្រាកដមែន បច្ចុប្បន្នជនល្មើសខាងលើ ត្រូវបានចៅក្រមចេញដីកា សម្រេចឲ្យឃុំខ្លួននៅពន្ធនាគារព្រៃស ។
លុះនៅវេលាម៉ោង៥និង៣០នាទីរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានបើកការស្រាវជ្រាវ និងឃាត់ខ្លួនបានបក្ខពួកក្រុមចោរឆ.ក់បានម្នាក់ទៀត ដែលមានឈ្មោះ ប៉ា សុវណ្ណារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងតែឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបញ្ជូនសំណុំរឿង ទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សួង សាម