សង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីកំពុងតែបន្សល់ទុកអ្នករបួសនិងស្លាប់ជាច្រើននាក់នៃជនស្លូតត្រង់ដែលកំពុងសម្ងំស្នាក់នៅក្នុងផ្ទះ ដើម្បីការពារអាយុជីវិត។ ទោះយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងដូចគ្នាទេ ដែលអាចរួចជីវិតពីសង្រ្គាមនេះ។
ជាក់ស្តែងកីឡាករបាល់ទាត់ Dima Martynenko នៃក្រុម FC Hostomel ក្នុងលីកស្ម័គ្រចិត្តអ៊ុយក្រែន និងម្ដាយរបស់គាត់ ត្រូវបានសម្លាប់ ពេលគ្រាប់បែកទាហានរុស្សី ទម្លាក់ចូលផ្ទះរបស់ពួកគេ ក្នុងអំឡុងពេលកំពុងឈ្លានពានអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
Dima គឺជាកីឡាករបាល់ទាត់ស្ម័គ្រចិត្តនៅក្នុងប្រទេសអ៊ុយក្រែន ដែលត្រូវបានជ្រើសរើសជាកីឡាករបាល់ទាត់ល្អបំផុត នៅក្នុងការប្រកួតជើងឯក និងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុងការប្រកួត។
FIFA កាលពីថ្ងៃអាទិត្យមុនបានប្រកាសតាមរយៈកំណត់សម្គាល់ផ្លូវការ ដោយបានប្រកាសអំពីការផ្តល់បន្ថែមទៀតទាក់ទងនឹងប្រទេសរុស្ស៊ី។ នៅថ្ងៃចន្ទនេះ ស្ថាប័នគ្រប់គ្រង FIFA និង UEFA បានបញ្ជាក់ពីការផ្អាកសកម្មភាពកីឡាបាល់ទាត់ ដែលមានទំនាក់ទំនងជាមួយជនជាតិរុស្ស៊ី។
FIFA និង UEFA ថ្ងៃនេះ បានសម្រេចចិត្តរួមគ្នាថា ក្រុមរុស្ស៊ីទាំងអស់មិនថាពួកគេជាក្រុមតំណាងជាតិ ឬក្រុមក្លឹប នឹងត្រូវបានព្យួរពីចូលរួមក្នុងការប្រកួត FIFA និង UEFA រហូតដល់មានការជូនដំណឹងបន្ថែម។
ការចាត់វិធានព្យួរប្រទេសរុស្ស៊ីដោយគ្មានកំណត់សម្រាប់ការចូលរួមប្រកួតបាល់ទាត់នេះ FIFA បាននិយាយថា នេះជាសកម្មភាពឆ្លើយតបទៅនឹងទង្វើបង្កមហន្តរាយដ៏ធំធេងរបស់លោក Vladimir Putin។
ស្ថាប័នដែលដឹកនាំដោយ Gianni Infantino បានបញ្ជាក់ជាថ្មីពីការបដិសេធរបស់ខ្លួន ចំពោះសកម្មភាពប្រដាប់អាវុធដែលផ្តួចផ្តើមដោយរុស្ស៊ី និងបង្ហាញពីសាមគ្គីភាពរបស់ខ្លួនជាមួយប្រទេសដែលរងផលប៉ះពាល់។ ព្រោះថា បាល់ទាត់ត្រូវបានរួបរួមយ៉ាងពេញលេញនៅទីនេះ និងនៅក្នុងសាមគ្គីភាពពេញលេញជាមួយប្រជាជនដែលរងផលប៉ះពាល់ទាំងអស់នៅអ៊ុយក្រែន។ ហើយជាមួយគ្នានេះផងដែរ គេសង្ឃឹមថាប្រធានាធិបតីទាំងពីររួមតុចរចា ដើម្បីឲ្យស្ថានការណ៍នៅអ៊ុយក្រែននឹងប្រសើរឡើងគួរឱ្យកត់សម្គាល់ និងឆាប់រហ័ស ដូច្នេះបាល់ទាត់អាចក្លាយជាវ៉ិចទ័រនៃឯកភាព និងសន្តិភាពរវាងមនុស្សម្តងទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង