ភ្នំពេញ៖ ឯកឩត្តមបណ្ឌិតហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថា គិតរហូតមកដល់ចុងឆ្នាំ២០២១ ប្រព័ន្ធធនាគារនៅកម្ពុជា នៅបន្តមានវឌ្ឍនភាព និងចូលរួមចំណែកជំរុញសកម្មភាពនានានៃសេដ្ឋកិច្ចជាតិ បើទោះបីមានបញ្ហាប្រឈមខ្លះដោយសារជំងឺកូវីដ១៩ក៏ដោយ។ គិតត្រឹមចុងឆ្នាំ២០២១ មានធនាគារពាណិជ្ជកម្ម ៥៥ ធនាគារឯកទេស១០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៨៤ គ្រឺះស្ថានឥណទានជនបទ ២៣២។
ឯកឩត្តម បន្តថា កំណើនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។ ឯកឩត្តមហ៊ុន ម៉ាណែតបានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីសម្ភោធសាខាធនាគារវីង នៅខណ្ឌសែនសុខ។
ឯកឩត្តមបណ្ឌិតបានមានប្រសាសន៍ថា “បរិយាប័ន្នហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ថា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកផ្តល់លទ្ធភាពដល់ប្រជាជន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម ឲ្យទទួលបានសេវាហិរញ្ញវត្ថុលឿនរហ័ស ងាយស្រួល និងមានតម្លៃសមរម្យ ជាការធានាបាននូវការពង្រីកសក្តានុពលសកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យ និងការកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម”។
ឯកឩត្តម ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរចំពោះជោគជ័យ និងសមិទ្ធផលទាំងឡាយ ដែលក្រុមហ៊ុននឹងខិតខំសម្រេ ចបានក្នុងរយៈពេល១៣ឆ្នាំ កន្លងមកនេះ ដែលជាដំណើរជោគជ័យគួរជាទីមោទនៈ មួយទៀតរបស់ក្រុមហ៊ុនក្នុងស្រុក។ ឯកឩត្តម បានបន្ដទៀតថា ការពង្រីកខ្លួនបន្ថែមទៅជាធនាគារពាណិជ្ជ និងការដាក់ឲ្យដំណើរការសាខាចំនួនពីរ ដែលត្រូវបានប្រកាសជាផ្លូវការក្នុងថ្ងៃនេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញផងដែរអំពីស្ថិរភាព ភាពធន់ និងសក្តានុពលទីផ្សារ នៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសក្នុងបរិការណ៍នៃការរាតត្បាតសាកលនៃជំងឺកូវីដ-១៩ ដែលបានបង្កផលប៉ះពាល់ ដល់ស្ថានភាពសេដ្ឋកិច្ច-សង្គមទាំងក្នុងកម្រិតសាកល, តំបន់ និងជាតិនីមួយៗ៕