Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៖ កម្ពុជាអាចស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញបាន

ភ្នំពេញ៖ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា កម្ពុជាអាចស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ពីការធ្លាក់ចុះក្នុងអត្រា -៣,១% ក្នុងឆ្នាំ ២០២០ មកអត្រាវិជ្ជមានប្រមាណ ៣% ក្នុងឆ្នាំ ២០២១ ហើយកំណើននេះត្រូវបានព្យាករថា នឹងបន្តកើនឡើងខ្ពស់រហូតដល់ជាង ៥% ក្នុងឆ្នាំ ២០២២ នេះ ដោយសារតែការបើកប្រទេស និងការវិលត្រលប់ទៅរកកិច្ចដំណើរការជាប្រក្រតីឡើងវិញនៃសកម្មភាពសង្គម-សេដ្ឋកិច្ច តាមគន្លងប្រក្រតីភាពថ្មី ។ 

ការលើកឡើងរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក្នុងឱកាសដែលឯកឩត្តម​ជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តកណ្តាល ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។

រដ្ឋមន្ត្រីសេដ្ឋកិច្ច បានសង្កត់ធ្ងន់ថា វិបត្តិភូមិសាស្រ្តនយោបាយរវាងរុស្ស៊ី និង អ៊ុយក្រែន នៅតំបន់អឺរ៉ុប នាបច្ចុប្បន្ន ក៏កំពុងតែបង្កបញ្ហាធ្ងន់ធ្ងរដល់ការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ចលើសាកលលោក និងក្នុងតំបន់ ដែលតម្រូវឱ្យរាជរដ្ឋាភិបាល តាមដាន និងវាយតម្លៃជាប់ជាប្រចាំ ហើយ ដាក់ចេញនូវវិធានការចាំបាច់ សំដៅកាត់បន្ថយផលប៉ះពាល់អាក្រក់ពីសភាពការណ៍នេះ ឱ្យបានទាន់ពេល តាមលទ្ធភាពដែលអាចធ្វើទៅបាន ។

ទន្ទឹមនេះ ត្រូវខិតខំពង្រីកប្រព័ន្ធធារាសាស្រ្ត, បណ្តាញស្រោចស្រពដំណាំ, ការអភិវឌ្ឍបច្ចេក​ទេសដាំដុះឱ្យទទួលបានទិន្នផលខ្ពស់ និងមានតុល្យភាពស្របតាមតម្រូវការទីផ្សារ, ការស្វែងរកទីផ្សារថ្មីៗ ដែលមានសក្តានុពលបន្ថែមទៀត ព្រមទាំងគិតគូរពីវិធានការនានា ដើម្បីជួយការពារតម្លៃកសិផល និងដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋឲ្យមានស្ថិរភាព។

អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំគាំទ្រអង្គភាពប្រមូលចំណូល ក្នុងការកៀរគរប្រមូលប្រភពចំណូលចូលថវិកាជាតិ និងថវិកាខេត្ត ជាពិសេស ត្រូវខិតខំកៀរគរ និង លើកទឹកចិត្តដល់ការវិនិយោគ, អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម សម្រាប់បង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងកាលៈទេសៈនៃវិបត្តិដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩៕

×