ព្រះសីហនុ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបែងចែករមណីយដ្ឋានឆ្នេរសមុទ្រជា៥ប្រភេទ រួមមាន៖ ឆ្នេរអភិរក្សស្នូល ឆ្នេរអេកូទេសចរណ៍ ឆ្នេរកម្សាន្តពិសេស ឆ្នេរកម្សាន្តសាធារណៈកម្រិតខ្ពស់ និងឆ្នេរកម្សាន្តសាធារណៈកម្រិតមធ្យម។
ការថ្លែងយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្តីពី វឌ្ឍនភាពនៃការអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ក្នុងនាមជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារឆ្នេរឯករាជ្យ ខេត្តព្រះសីហនុ ក្រោមវត្តមានលោកថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក និងមានការចូលរួមពីអភិបាលខេត្តតំបន់ឆ្នេរទាំង៤ រួមនឹងមន្ទីរពាក់ព័ន្ធក្នុងខេត្តជាប់សមុទ្រទាំង៤ មានខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង។
លោករដ្ឋមន្ត្រីបានលើកឡើងពីការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្តថា ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានស្នើឱ្យក្រសួងទេសចរណ៍រៀបចំអេកូឡាបិលឆ្នេរ ដើម្បីធានាឱ្យសកម្មភាពទេសចរណ៍នៅតាមបណ្តោយឆ្នេរសមុទ្រ គោរពតាមបទដ្ឋានបរិស្ថាន សំដៅធានាឲ្យឆ្នេរសមុទ្រកម្ពុជាកាន់តែស្រស់ស្អាត មានអនាម័យ និងសណ្តាប់ធ្នាប់ ប្រកបដោយភាពទាក់ទាញ ដើម្បីឆ្លើយតបនឹងការយកចិត្តទុកដាក់អំពីទស្សនទានបៃតងនៅកម្ពុជា។
លោករដ្ឋមន្ត្រីបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់បែងចែករមណីយដ្ឋានឆ្នេរសមុទ្រកម្ពុជា ៥ប្រភេទ៖ ឆ្នេរអភិរក្សស្នូល (Conversation Beach), ឆ្នេរអេកូទេសចរណ៍ (Eco-Beach), ឆ្នេរកម្សាន្តពិសេស (Luxury Beach), ឆ្នេរកម្សាន្តសាធារណៈកម្រិតខ្ពស់ (Leisure Popular Beach) និងឆ្នេរកម្សាន្តសាធារណៈកម្រិតមធ្យម (Local Beach)។
សូមជម្រាបថា នៅឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥,៦លាននាក់ កើន ១១,៨% និងនាំប្រាក់ចំណូលប្រមាណ ៣.៤០០លានដុល្លារ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងផ្តល់ការងារដោយផ្ទាល់ជាង ៦២ម៉ឺននាក់ និងដោយប្រយោលរាប់សិបម៉ឺននាក់ទៀត។ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិ ១,១លាននាក់ កើន ១១%។ តាមការព្យាករណ៍ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៦,១លាននាក់ នៅឆ្នាំ២០១៨ និងប្រមាណ ១០លាននាក់ នៅឆ្នាំ២០២៥។
នៅឆ្នាំ២០៣០ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ ជាមួយនឹងការផ្តល់ចំណូលប្រមាណ ១០ពាន់លានដុល្លារ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងផ្តល់ឱកាសការងារដោយផ្ទាល់ប្រមាណ ២លាននាក់ និងដោយប្រយោលរាប់លាននាក់បន្ថែមទៀត។
ដោយឡែក ក្នុងឆ្នាំ២០១៧ តំបន់ឆ្នេរសមុទ្រកម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៧៤ម៉ឺននាក់ កើន ១៥%។ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៨ តំបន់ឆ្នេរសមុទ្រកម្ពុជាទទួលបានភ្ញៀវទេសចរ ២.៣៨៥.៧៥៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមាន ២.០៥២.៣១៧នាក់ និងភ្ញៀវទេសចរអន្តរជាតិមាន ៣៣៣.៤៣៦នាក់ កើន ១៦,៣៧%។
តាមការព្យាករណ៍ តំបន់ឆ្នេរសមុទ្រកម្ពុជាទាំងមូលអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ២លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៦លាននាក់ នៅឆ្នាំ២០២០ និងនៅឆ្នាំ២០៣០ អាចទទួលបានទេសចរអន្តរជាតិប្រមាណ ៣លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៨លាននាក់៕ ដោយ៖បញ្ញាស័ក្តិ