Saturday, October 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចឃួន សុដារី ផ្តល់អនុសាសន៍ ៖ ត្រូវដោះស្រាយជាបន្ទាន់នូវផ្នត់គំនិតសង្គមដែលបង្កគ្រោះថ្នាក់ និងអំពើហិង្សាលើយេនឌ័រ ដែលបញ្ហាទាំងនេះនៅតែបន្តកម្រិតសិទ្ធិនយោបាយរបស់ស្ត្រី

វៀងច័ន្ទន៍ ៖ សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៤ បានអញ្ជើញថ្លែងសន្ទរកថាគន្លឹះក្នុងវេទិកាអ្នកដឹកនាំនយោបាយស្រ្តី WAIPA នៃមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ាលើកទី៤៥ ដែលរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវធ្វើជាម្ចាស់ផ្ទះ។

ដើម្បីពង្រឹងបន្ថែមទៀតនូវការចូលរួមរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្ត សម្តេចប្រធានរដ្ឋសភាកម្ពុជា បានផ្តល់អនុសាសន៍៥ចំណុចដល់មហាសន្និបាតអាយប៉ា ដែលនៅក្នុងនោះមាន៖
ទី១ -មេដឹកនាំនយោបាយនៅគ្រប់លំដាប់ថ្នាក់ត្រូវបង្ហាញពីឆន្ទៈនយោបាយពិតប្រាកដ ដើម្បីទទួលស្គាល់ថា ការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តពិតជាសំខាន់ចាំបាច់សម្រាប់ដោះស្រាយបញ្ហានិងការប្រឈមនៅក្នុងថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងសកលលោក។

ទី២- ត្រូវដោះស្រាយជាបន្ទាន់នូវផ្នត់គំនិតសង្គមដែលបង្កគ្រោះថ្នាក់ និងអំពើហិង្សាលើយេនឌ័រ ដែលបញ្ហាទាំងនេះនៅតែបន្តកម្រិតសិទ្ធិនយោបាយរបស់ស្ត្រី។
ទី៣- ត្រូវលុបបំបាត់នូវឧបសគ្គចំពោះការចូលរួមរបស់ស្ត្រីនៅក្នុងគណបក្សនយោបាយនិងតួនាទីដឹកនាំ។
ទី៤-ត្រូវបង្កើនការវិនិយោគឱ្យកាន់តែច្រើនថែមទៀតលើការកសាងសមត្ថភាព និងការអភិវឌ្ឍភាពជាអ្នកដឹកនាំសម្រាប់ស្ត្រីនៅគ្រប់កម្រិត និងគ្រប់វិស័យ។

ទី៥ -ត្រូវលើកកម្ពស់និងពង្រឹងបណ្តាញអន្តរជាតិ និងភាពជាដៃគូដែលគាំទ្រដល់ការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ។ តាមរយៈការបង្កើតវេទិកា និងឱកាសសម្រាប់កិច្ចសហការ យើងអាចពង្រីកសំឡេងរបស់មេដឹកនាំស្ត្រីនៅទូទាំងពិភពលោក។
សូមជម្រាបថា មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវ ធ្វើជាម្ចាស់ផ្ទះឆ្នាំនេះ បានបង្កើតឱ្យមានវេទិកាអ្នកដឹកនាំនយោបាយស្រ្តី WAIPA ជាលើកដំបូង ក្រោមប្រធានបទ“ពង្រឹងការចូលរួម និងភាពជាអ្នកដឹកនាំរបស់ស្ត្រី៖ ប្រែក្លាយការប្រឈមទៅជាឱកាសឆ្ពោះទៅអនាគត ប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា” ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×