ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ីកំពុងជួយធ្វើទំនើបកម្មនិងកែលម្អវិស័យស្រូវដែលធ្លាប់តែបង្កបង្កើនផលក្នុងកម្រិតតិចតួចឱ្យទៅជាឧស្សាហកម្មដែលអាចធ្វើពាណិជ្ជកម្មបានតាមរយៈការដាក់ឱ្យប្រើប្រាស់គម្រោងបង្កើនការធ្វើពាណិជ្ជកម្មស្រូវធន់នឹងអាកាសធាតុ។គម្រោងដែលនឹងជួយការពារដីនិងប្រភពទឹកដោយប្រើប្រាស់ជីសរីរាង្គនេះគឺមាននគោលបំណងជួយកសិករដែលធ្វើស្រូវជាលក្ខណៈគ្រួសារក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីឱ្យពួកគេគេចផុតពីភាពក្រីក្រនិងអាចឱ្យពួកគេទទួលបានទីផ្សារស្រូវកាន់តែប្រសើរទាំងក្នុងនិងក្រៅប្រទេស។គម្រោងនេះនឹងជួយដល់កសិករនៅក្នុងខេត្តដែលផលិតស្រូវច្រើនជាងគេក្នុងប្រទេសកម្ពុជាដែលមានខេត្តបាត់ដំបងកំពង់ធំនិងព្រៃវែងដើម្បីបង្កើនផលិតកម្មនិងប្រសិទ្ធភាពតាមខ្សែ សង្វាក់តម្លៃស្រូវ ហើយគម្រោងនេះវាក៏នឹងពង្រឹងការគ្រប់គ្រងធនធានកសិកម្មផងដែរ។
លោក Anthony Gill នាយកប្រចាំប្រទេសរបស់ ADB បានមានប្រសាសន៍ថា “គម្រោងពាណិជ្ជកម្មស្រូវដែលធន់នឹងអាកាសធាតុបានផ្តល់ហិរញ្ញប្បទានបន្ថែមដែលនឹងគាំទ្រកសិករខ្នាតតូចក្នុងប្រទេសកម្ពុជាឱ្យចាកចេញពីភាពក្រីក្រនិងអាចឱ្យពួកគេទទួលបានទីផ្សារអង្ករកាន់តែប្រសើរឡើងទាំងនៅក្នុងប្រទេសកម្ពុជា និងសម្រាប់ការនាំចេញ។”
នាយកប្រចាំប្រទេសរបស់ ADB បន្តថា “គម្រោង, ដូចជាគម្រោងច្រើនទៀតរបស់ ADB ឬគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនៅក្នុងប្រទេសកម្ពុជា យើងព្យាយាមកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពជាពិសេសសម្រាប់កសិករខ្នាតតូចនៅទូទាំងប្រទេសកម្ពុជា។គម្រោងហិរញ្ញប្បទានបន្ថែមនេះនឹងផ្តោតលើខេត្តបាត់ដំបង កំពង់ធំ និងព្រៃវែង។”
លោកបន្ថែមថា “គម្រោងនេះព្យាយាមដោះស្រាយឧបសគ្គដែលកសិករខ្នាតតូចជួបប្រទះ ពោលគឺកង្វះលទ្ធភាពទទួល បានវិធីសាស្រ្តក្នុងការធ្វើស្រែចម្ការដូចជាទាក់ទងទៅនឹងពូជស្រូវនិងកង្វះលទ្ធភាពភ្ជាប់ទៅកាន់ទីផ្សារដើម្បីលក់ស្រូវបានតម្លៃល្អ។”
លោកបានបន្ថែមទៀតថា “យើងក៏កំពុងណែនាំផងដែរនូវគម្រោងធានារ៉ាប់រងស្រូវដែលធន់នឹងអាកាសធាតុដែលអាចឱ្យកសិករខ្នាតតូចអាចទទួលបានការធានារ៉ាប់រងប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ប្រសិនជាការប្រែប្រួលនៃអាកាសធាតុបានធ្វើអោយផលប៉ះពាល់ដល់ទិន្នផលស្រូវនោះពួកគេនៅពេលណា នោះពួកគេនឹងទទួលបានសំណងដោយស្វ័យប្រវត្តិពីធានារាប់រងខាងលើដើម្បីជួយកាត់បន្ថយ នៃការខាតបង់របស់ពួកគេ ។”
នាយកប្រចាំប្រទេសរបស់ ADB បានបញ្ជាក់ទៀតថា “ហើយតាមរយៈគម្រោងនេះ វាគឺជាការចូលរួមទាំងពីរភាគីដែលត្រូវបង់ប្រាក់រួមគ្នាដូច្នេះកសិករនឹងផ្តល់ 50%នៃបុព្វលាភធានារ៉ាប់រងហើយគម្រោងនឹងផ្តល់50%ផ្សេងទៀតនៃបុព្វលាភធានារ៉ាប់រងហើយគម្រោងនេះនឹងជួយដល់ប្រជាកសិករកាត់បន្ថយការជំពាក់បំណុលនៅពេលដែលពួកគេខាតបង់នៅរដូវប្រមូលទិន្នផល។”
លោក និល សុភាព អ្នកដឹកនាំសហគមន៍ និងកសិករ បានឱ្យដឹងថា ទិន្នផលស្រូវឆ្នាំនេះមានការកើនឡើងល្អ ប្រសិនជាធៀបទៅឆ្នាំមុន ដោយសារតែឆ្នាំនេះមានភ្លៀង ប្រសើរជាងឆ្នាំមុនៗ។
លោក និល សុភាព បន្តថា សម្រាប់ប្រព័ន្ធធារាសាស្រ្ត ដែលមាននៅក្នុងតំបន់ដែលខ្ញុំរស់នៅគឺពិតជាផ្តល់នូវភាពងាយស្រួលក្នុងការ ធ្វើស្រែខ្លាំងណាស់ ហើយវាក៏ជាកត្តាធ្វើអោយទិន្នផលឆ្នាំនេះមានភាពល្អប្រសើរផងដែរ។
លោក យ៉ាត វុទ្ធី ជាកសិករ បាននិយាយថា ឆ្នាំនេះខ្ញុំធ្វើស្រែក្នុងទំហំតូចត្រឹមតែ 0.8 ហិកតា ប៉ុន្តែខ្ញុំទទួលបានផលចំណេញល្អប្រសើរជាឆ្នាំមុនៗ។ ខ្ញុំចំណេញបានជាង៥លានរៀល។ កត្តាដែលធ្វើអោយខ្ញុំចំណេញព្រោះខ្ញុំបានផ្លាស់ប្តូរពីប្រើជីគីមីមក ប្រើជីសរីរាង្គ និង ជីសុវត្តិភាពវិញ។
លោក យ៉ាត វុទ្ធី បានបញ្ជាក់ថា កាលពីមុន ខ្ញុំត្រលប់មកពីប្រទេសថៃវិញ ខ្ញុំធ្វើស្រែដោយប្រើតែជីគីមី ពេលដល់រដូវប្រមូលផលបានតិច ណាស់ គ្រាន់តែសងបំណុលថ្លៃទិញជីគីមីក៏សឹងតែមិនគ្រប់ផង៕ ប្រភព៖ A24