Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា អាចផលិតមាសបានជាង ២តោន ក្នុងរយៈពេល ៩ខែ​ មកនេះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានមានប្រសាសន៍ថា កម្ពុជាអាចផលិតមាសបានចំនួន ២២៧៥ គីឡូក្រាម ឬស្មើនឹងជាង ២តោន ក្នុងរយៈពេល៩ខែ នៃដំណើរការអាជីវកម្មរ៉ែមាស នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ។​

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យើងចាប់ផ្តើមប្រើប្រាស់នូវធនធានធម្មជាតិរបស់យើងមួយចំណែក ដែលយើងបាន និងកំពុងរុករក ដើម្បីធ្វើអាជីវកម្មបម្រើឲ្យសេចក្តីត្រូវការរបស់ប្រទេសជាតិ។

ដោយឡែក បើតាមលោក អ៊ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ធ្លាប់បានឲ្យដឹងថា នៅឆ្នាំ២០២២នេះ នឹងមានក្រុមហ៊ុនរុករករ៉ែមាសចំនួន ៤ទៀត នឹងចាប់ផ្តើមធ្វើអាជីវកម្ម ចម្រាញ់រ៉ែមាសជាផ្លូវការរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ ៣ក្រុមហ៊ុន ត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន មានទីតាំងនៅខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី និងមួយទៀត ជាក្រុមហ៊ុនឥណ្ឌា Mesco Gold ដែលមានទីតាំង នៅខេត្តរតនគិរី។

គួរបញ្ជាក់ថា ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ជាក្រុមហ៊ុនអន្តរជាតិទី ១​ កំពុងធ្វើអាជីវកម្មចម្រាញ់រ៉ែម៉ាសដំបូងគេនៅកម្ពុជា ដែលអាចផលិតមាសបាន ប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុននេះ បានចាប់ផ្តើមចម្រាញ់រ៉ែមាស កាលពីថ្ងៃទី ២១ខែមិថុនា ឆ្នាំ ២០២១ ដែលស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕

×