ភ្នំពេញ៖ កម្លាំងនគរបាល បានបញ្ជូនជនជាតិវៀតណាម និងជនជាតិចិន ចំនួន១១នាក់ ដែលចូលមកធ្វើការ និងស្នាក់នៅដោយខុសច្បាប់ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធី។
ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ ចុះត្រួតពិនិត្យជនអន្ដោប្រវេសន៍ចំនួន២គោលដៅ ដើម្បីរកជនជាតិវៀតណាម និងជនជាតិចិន ដែលចូលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់ និងគ្មានប័ណ្ណការងារ ស្ថិតក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា គោលដៅដែលបានចុះត្រួតពិនិត្យរួមមាន សិប្បកម្មក្រដាស ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែករោម ខណ្ឌមានជ័យ បានពិនិត្យឃើញមានជនជាតិវៀតណាម ចំនួន៤នាក់ ស្រីម្នាក់ និងជនជាតិចិនចំនួនម្នាក់ បានលួចស្នាក់នៅនិងធ្វើការដោយខុសច្បាប់ ប្រើប្រាស់ឯកសារត្រឹមត្រូវ។ គោលដៅទី២ សិប្បកម្មឈើ ស្ថិតនៅផ្លូវ៩៧ ភូមិ៤ ក្រុម២៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានពិនិត្យឃើញមាន ជនជាតិវៀតណាម៦នាក់ ដែលបានលួចស្នាក់នៅ និងធ្វើការដោយខុសច្បាប់ ប្រើប្រាស់ឯកសារត្រឹមត្រូវ។ កម្លាំងនគរបាលជំនាញបានបញ្ជូនជនបរទេស ចំនួន១១នាក់ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ដ៕ ដោយ៖បញ្ញាស័ក្តិ