Saturday, October 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងព្រះបរមរាជវាំង ប្រកាសបដិសេធចំពោះបុគ្គលជាម្ចាស់គណនី Tik Tok មានឈ្មោះ ថា នរោត្តម សូរិយាវង្ស និង ស៊ីសុវត្ថិ សីណាក់វង្ស ដែលបានបង្ហោះចែកចាយក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ហើយប្រកាសអះអាងខ្លួនជាអនុជរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង

ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង សូមប្រកាសបដិសេធចំពោះបុគ្គលជាម្ចាស់គណនី Tik Tok មានឈ្មោះ ថា នរោត្តម សូរិយាវង្ស និង ស៊ីសុវត្ថិ សីណាក់វង្ស ដែលបានបង្ហោះចែកចាយក្នុងប្រព័ន្ធបណ្តាញទំនាក់ ទំនងសង្គម ហើយប្រកាសអះអាងខ្លួនជាអនុជរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ បុគ្គលខាងលើ មិនមែនជាសែស្រឡាយព្រះរាជវង្សានុវង្សដែលទទួលស្គាល់ ដោយព្រះបរមរាជវាំងឡើយ ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះអនុជ បង្កើតតែមួយព្រះអង្គគត់ គឺ សម្តេច នរោត្តម នរិន្ទ្រពង្ស ដែលបានយាងចូលព្រះទិវង្គតតាំងពី ឆ្នាំ២០០៣ មកម៉្លេះ ។

ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ជាថ្មីថា ព្រះបរមរាជវាំង មានវេបសាយតែ២ប៉ុណ្ណោះ ដែលជាការប្រើប្រាស់ផ្លូវការរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ក្រៅពីនោះព្រះអង្គទាំងទ្វេ ពុំមានបណ្តាញសង្គមផ្លូវការឡើយ។

វេបសាយទាំង២នោះរួមមាន៖

១៖ www.norodomsihamoni.org/ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

២៖ www.norodomsihanouk.info/ របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

តាមរយៈសេចក្តីថ្លែងការណ៍ ក្រសួងព្រះបរមរាជវាំង បានបញ្ជាក់ថា ក្រៅពីវេបសាយ(website) ទាំង២ខាងលើនេះ ពុំមានប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមជាផ្លូវការរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរបស់ក្រសួងព្រះបរមរាជវាំង ឡើយ។

ក្រសួងព្រះបរមរាជវាំង បានអំពាវនាវ និងក្រើនរំលឹកសាជាថ្មីដល់ស្ថាប័ន-អាជ្ញាធរមានសមត្ថកិទាំងអស់ ចាត់វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុត ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍របស់ ក្រសួងព្រះបរមរាជវាំងខាងលើ តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា និងសូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន។

ក្រសួងព្រះបរមរាជវាំង មានកិត្តិយស សូមជម្រាបជូនដល់ស្ថាប័ន-អាជ្ញាធរមានសមត្ថកិច្ច និង សាធារណជន មេត្តាជ្រាបថា មានតែវេបសាយ (website) ចំនួន ២ប៉ុណ្ណោះ ដែលបាននិងកំពុង ប្រើប្រាស់ជាផ្លូវការ ដូចមានក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងព្រះបរមរាជវាំង ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ។

ក្រៅពីវេបសាយ(website) ទាំង២ខាងលើនេះ ពុំមានប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមជាផ្លូវ ការរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរបស់ក្រសួងព្រះបរមរាជវាំង ឡើយ ។

ក្រសួងព្រះបរមរាជវាំង សូមអំពាវនាវ និងក្រើនរំលឹកសាជាថ្មីដល់ស្ថាប័ន-អាជ្ញាធរមានសមត្ថកិច្ច ទាំងអស់ ចាត់វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុត ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍របស់ ក្រសួងព្រះបរមរាជវាំងខាងលើ តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា និង សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×