ភ្នំពេញ ៖ ជាមួយនឹងការធ្វើពាណិជ្ជកម្មនៃផលិតផលកសិកម្មនាពេលខាងមុខឲ្យបានប្រសើរ និងការរឹតចំណងមិត្តភាពរវាងប្រជាជនកម្ពុជានិងអាមេរិក និងរដ្ឋាភិបាលយើងទាំងពីរ សំខាន់បំផុតនោះ សហរដ្ឋអាមេរិក ចង់ឃើញភាពខ្លាំងរបស់កម្ពុជា លើវិស័យសេដ្ឋកិច្ចនាពេលអនាគត។
នៅវេលាម៉ោង២និង៣០រសៀលថ្ងៃអង្គារ៍ ទី៨ ខែឧសភា ឆ្នាំ២០១៨ លោក វេង សាខុន បានអនុញ្ញាត ឲ្យលោក Doug Ericksen សមាជិកព្រឹទ្ធសភាអាមេរិក និងសហការី មកពីគណបក្សសាធារណរដ្ឋ របស់ លោក ដូណាល់ ត្រាំ ក្នុងរដ្ឋវ៉ាស៊ីនតោន ជួបពិភាក្សាកាងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ក្រសួងកសិកម្ម បានផ្សាយថា ការពិភាក្សាបានផ្តោតទៅលើ៖ ១) ការស្វែងយល់ពីការរីកចម្រើន លើវិស័យកសិកម្មនៅកម្ពុជានាពេលបច្ចប្បន្ន ក្រោយពីកម្ពុជាទទួលបានសុខសន្តិភាព និងស្ថិរភាពសង្គម តាមរយៈនៃការដាក់ចេញនយោបាយ ឈ្នះ ឈ្នះរបស់សម្តេចតេជោកន្លងទៅ ២) ការពិនិត្យមើលកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មរវាងប្រទេសយើងទាំងពីរកន្លងម និងពិនិត្យលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការកសាងសមត្ថភាពវិស័យកសិកម្មនៅកម្ពុជានាពេលខាងមុខ ៣) ការបោះទុនវិនិយោគលើវិស័យកសិកម្ម រួមទាំងការកែឆ្នៃស្របតាមវិធានភូតគាមអនាម័យ និងការវិចខ្ចប់ បំរើដល់ការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញផលិតផលកសិកម្មពីកម្ពុជា ក្នុងនោះរួមមាន ការចិញ្ចឹមគោយកទឹកដោះ ការនាំស្រូវអង្ករចេញពីកម្ពុជា និងផ្លែឈើមួយចំនួនផងដែរ ៤) ការពិនិត្យមើលពីសក្តានុពលក្នុងការពង្រីកទីផ្សាររបស់អាមេរិកនៅកម្ពុជាដើម្បីនាំចូលនូវផលិតផលកសិកម្មពីសហរដ្ឋអាមេរិក មកលក់នៅកម្ពុជា។
ទន្ទឹមនឹងនេះគណៈប្រតិភូក៏បានវាយតម្លៃខ្ពស់ចំពោះចំពោះការរីកចម្រើនលើវិស័យកសិកម្មនៅកម្ពុជាកន្លងមក ហើយបានសន្យាថា នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនេះឲ្យបានកាន់ខ្លាំងក្លាថែមទៀត ជាមួយនឹងការបង្កើនការផ្លាស់ប្តូរបទពិសោធន៍ និងការធ្វើពាណិជ្ជកម្មនៃផលិតផលកសិកម្មនាពេលខាងមុខឲ្យបានប្រសើរ ដើម្បីឈានទៅដល់ការបង្កើនបរិយាកាសជំនឿទុកចិត្ត និងការរឹតចំណងមិត្តភាពរវាងប្រជាជនយើងទាំងពីរ និងរដ្ឋាភិបាលយើងទាំងពីរ សំខាន់បំផុតនោះសហរដ្ឋអាមេរិក ចង់ឃើញភាពខ្លាំងរបស់កម្ពុជា លើវិស័យសេដ្ឋកិច្ចនាពេលអនាគត ៕ ដោយ ៖ បញ្ញាស័ក្តិ