Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពិព័រណ៍​ស្ថាបត្យកម្ម និង​ដេគ័រ​ដ៏​លេចធ្លោ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​បាន​វិលត្រឡប់​មក​វិញ​សម្រាប់​ជោគជ័យ​ក្នុង​ឆ្នាំ​ទី​៣

រាជធានី​ភ្នំពេញ​៖ ជាមួយនឹង​ប្រទេស​ដែល​មាន​ភាពរឹងមាំ​ក្នុង​វិស័យ​សំណង់ ពិព័រណ៍​ស្ថាបត្យកម្ម និង​ដេគ័រ​កម្ពុជា​ឆ្នាំ 2018 សន្យាថា​នឹង​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​នា​ពេលបច្ចុប្បន្ន​នេះ​។ នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៨ ពិព័រណ៍​ស្ថាបត្យកម្ម និង​ដេគ័រ​កម្ពុជា​ដែល​ជា​ពិព័រណ៍​អន្តរជាតិ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន ICVeX Co Ltd សហការ​ជាមួយ​សមាគម​ស្ថាបត្យករ​កម្ពុជា បាន​វិលត្រឡប់​មក​វិញ​សារ​ជា​ថ្មី​សម្រាប់​ភាពជោគជ័យ​ក្នុង​ឆ្នាំ​ទី 3 ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៤​ដល់ ២៦ ខែ​ឧសភា នៅ​ឯ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​​ រាជធានី​ភ្នំពេញ​។​

 

​ពិព័រណ៍​ដែល​មាន​រយៈពេល​បី​ថ្ងៃនេះ នឹង​នាំមក​នូវ​យីហោ​ល្បីៗ​ឈាន​មុខ​គេ​ជាង​១៥០ ទាំង​ក្នុងស្រុក និង​អន្តរជាតិ​ដើម្បី​ដាក់​បង្ហាញ​ពី​ផលិតផល និង​ភាព​ច្នៃប្រឌិត​ថ្មី​បំផុត​របស់​ពួកគេ​ដល់​អ្នកចូលរួម​ទស្សនា​មក​ពី​វិស័យ​ស្ថាបត្យកម្ម ការ​រចនា​ផ្ទៃ​ខាងក្នុង ការអភិវឌ្ឍ​អចលនទ្រព្យ និង​សំណង់​ក៏​ដូច​ជា​ម្ចាស់ផ្ទះ និង​អ្នកជំនាញ​ផ្នែក​ឧស្សាហកម្ម​មួយ​នេះ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​៩​ខែ​ឧសភា​ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សូហ្វីតែ​ល លោក Chinakit Viphavakit ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន ICVeX បាន​មានប្រសាសន៍ថា “​សម្រាប់​ពិព័រណ៍​លើក​ទី 3 ក្នុង​ឆ្នាំនេះ យើង​នឹង​ផ្តល់ឱកាស​ជាច្រើន​ដល់​អ្នកចូលរួម​ក្នុង​ការសិក្សា​រៀនសូត្រ​។ យើង​ចង់​បំផុសគំនិត​ដល់​ប្រជាជន​កម្ពុជា និង​ផ្តល់​គំនិត​និង​ចំណេះដឹង​ដល់​ពួកគេ​នូវ​វិធីសាស្ត្រ​ក្នុងការ​រចនា​កន្លែងធ្វើកា​រ និង​ការរស់នៅ​របស់​ពួកគេ​បាន​កាន់តែ​ល្អប្រសើរ “​។​

 

ពិព័រណ៍​ស្ថាបត្យកម្ម និង​ដេគ័រ​កម្ពុជា​ឆ្នាំ 2018 ក្រោម​ប្រធានបទ “​ការ​រចនា​កន្លែងធ្វើកា​រ និង​ការរស់នៅ​កាន់តែ​ប្រសើរ​” ដែល​មាន​ក្រុមហ៊ុន​ថ្នាំ​លាប Jotun ជា​អ្នក​ឧបត្ថម្ភ​ការតុបតែង អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​តាំងពិព័រណ៍​​ទាំងអស់​មាន​ឱកាស​ដើម្បី​ធ្វើ​ការទំនាក់ទំនង និង​ចែករំលែក​ចំណេះដឹង​ដោយផ្ទាល់​ជាមួយ​អ្នកចូលរួម​ទស្សនា​ជាច្រើន​កុះករ​។ ក្នុង​ឆ្នាំ​២០១៧​ការតាំងពិព័រណ៍​នេះ​បាន​ស្វាគមន៍​ភ្ញៀវ​ចំនួន​៤.៣០៩ នាក់​ដែល​តួលេខ​នេះ​មាន​ការកើនឡើង ២៣ ភាគរយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

​ព្រឹត្តិការណ៍​នេះ​ក៏​នឹង​ជា​ម្ចាស់ផ្ទះ​នៃ​សិក្ខាសាលា​ដ៏​មាន​សក្តានុពល​រយៈពេល 3 ថ្ងៃ​ក្រោម​ការគាំទ្រ​ដោយ​សមាគម​ស្ថាបត្យករ​កម្ពុជា​ដោយ​មាន​ការរៀបចំ និង​ធ្វើ​បទ​បង្ហាញ​ដែល​មាន​គោលបំណង​អប់រំ និង​ការកំសាន្ត រួម​ទាំង​ការប្រកួតប្រជែង​លើ​ការ​រចនា​សម្រាប់​សិស្សានុសិស្ស និង​សកម្មភាព​ផ្សេងៗ​ទៀត​ផង​ដែរ​។

ការបង្ហាញ​ក្រោម​ប្រធានបទ “​ស្ថាបត្យកម្ម​សម្រាប់​មនុស្ស​” ជាមួយ​លក្ខណៈ​ពិ​សេ​សេ​នៃ​សិក្ខាសាលា​នេះ រួមបញ្ចូល​ទាំង​ចំណុច​សំខាន់ៗ​មួយចំនួន​ទៀត​ដោយ លោក ទូ​ស សា​ភឿន អគ្គលេខាធិការរង គណៈ​វិស្វករ​កម្ពុជា លោក ហ៊ុន ចាន់​សាន ស្ថាបនិក និង​ស្ថាបត្យករ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Re-Edge Architecture + Design និង​លោក Takashi Niwa ស្ថាបនិក​នៃ​ក្រុមហ៊ុន Takashi Niwa Architects ។​

កម្មវិធី​នេះ​ក៏​ផ្តល់​ឱកាស​ផ្តាច់មុខ​ផងដែរ​ដើម្បី​ជជែក​ពិភាក្សា​ជាមួយ​ភ្ញៀវ វី​អាយ​ភី វាគ្មិន និង​ក្រុមហ៊ុន​តាំងពិព័រណ៍​នៅ​ក្នុង​ពិធី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​របស់​ស្ថាបត្យករ​កម្ពុជា​ឆ្នាំ ២០១៨ នៅ​ថ្ងៃ​ទី ២៤ ខែ​ឧសភា​នៅ​ឯ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។ កម្មវិធី​នេះ​សមស្រប​សម្រាប់​អ្នក​អភិវឌ្ឍន៍ អ្នក​រចនា ស្ថាបត្យក​រ និង​អ្នក​តុបតែង​សម្រាប់​សំបុត្រ​ចូលរួម​មាន​តម្លៃ ៤០ ដុល្លារ​ក្នុង​ម្នាក់​។ សំបុត្រ​អាច​ជាវ​បាន​តាមរយៈ​គេហទំព័រ cambodiaarchitectdecor.com ។

 

ជាមួយ​នឹង​ចំនួន​អ្នកទិញ​អចលនទ្រព្យ​កម្ពុជា​កាន់តែ​ច្រើនឡើង ៗ ដែល​បង្ហាញ​ពី​តម្រូវការ​សម្រាប់​គម្រោង​លំនៅដ្ឋាន​ដែល​មាន​គុណភាព​ខ្ពស់ និង​មាន​ក្រុមហ៊ុន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជាច្រើន​កំពុង​សម្លឹង​រកមើល​ការផ្លាស់ប្តូរ​ទីតាំង​ថ្មី​ទៅ​ការិយាល័យ​កម្រិត A ហើយ​ឆ្នាំ​២០១៨ សន្យាថា​នឹង​ក្លាយ​ជា​ការរំពឹងទុក និង​ភាពទាន់សម័យ​បំផុត សម្រាប់​ពិព័រណ៍​ស្ថាបត្យកម្ម និង​ដេគ័រ​កម្ពុជា​។
​លោក វ៉ា វីរៈ សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​នៃ​ភ្នាក់ងារ​មូលប័ត្រ​ក្នុងស្រុក Century 21 Fortuna Investment បាន​មានប្រសាសន៍ថា “​វិស័យ​ពាណិជ្ជកម្ម អគារ​លំនៅដ្ឋាន ឧស្សាហកម្ម និង​បដិសណ្ឋារកិច្ច​កំពុង​មាន​ភាព​រីកចម្រើន​ខ្លាំង​នៅ​កម្ពុជា​ហើយ​កន្លែង​ទាំងនោះ​សុទ្ធសឹងតែ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​កន្លែង​ដែល​យើង​ធ្វើការ និង​រស់នៅ​”​។ តួនាទី​ដ៏​សំខាន់​របស់​ស្ថាបត្យករ អ្នក​រចនា និង​អ្នក​តុបតែង នឹង​ត្រូវ​បាន​បន្ថែម​តម្លៃ​ដល់​អគារ​ដោយ​ធ្វើឱ្យ​អាគារ​ទាំងនោះ​កាន់តែ​មាន​ភាព​ទាក់ទាញ មានតម្លៃ និង​ប្លែក​ពី​គេ​។​

​សូមបញ្ជាក់​ថា ក្រុមហ៊ុន ICVeX Co Ltd គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Index Creative Village PCL (ICV) ជា​ក្រុមហ៊ុន​ជំនួញ​មាន​ភាព​ច្នៃប្រឌិត​ក្នុង​ការបង្កើត​អាជីវកម្ម​នៅ​ប្រទេស​ថៃ​ដែល​ផ្តល់ជូន​នូវ​សេវាកម្ម​ប្រាស្រ័យ​ទាក់ទង​ផ្នែក​ទីផ្សារ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត ក៏​ដូចជា​ការផ្គត់ផ្គង់​ច្រកចេញចូល​តែ​មួយ​ខាង​សកម្មភាព​ទីផ្សារ និង​គ្រឿង​​បរិក្ខា​រ។ ក្រុមហ៊ុន ICV ទទួលបាន​ការកោតសរសើ​រថា​ជា​ភ្នាក់ងារ​លំដាប់ថ្នាក​ទី ៧ លើ​ពិភពលោក​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​ព្រឹត្តិការណ៍​ពិសេស (Special Events Magazine)​។​

ក្រុមហ៊ុន ICVeX បាន​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​នានា​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា មានដូចជា ពិព័រណ៍ FoodBev មី​យ៉ាន់​ម៉ា​, HoReCa មី​យ៉ាន់​ម៉ា​, MediHealth មី​យ៉ាន់​ម៉ា​, Retail Sourcing និ​​ង Build & Decor មី​យ៉ាន់​ម៉ា និង​ពិព័រណ៍​ស្ថាបត្យក​រ និង​ការតុបតែង​កម្ពុជា ឆ្នាំ ២០១៦ លើកទីមួយ​។​ ជាមួយនឹង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន និង​បុគ្គលិក​ដែល​មាន​បទពិសោធ​ន៏​វិជ្ជាជីវៈ​ខ្ពស់ បន្ថែម​ពីលើ​បណ្តាញ​ជំនួញ​ដ៏​ធំ​ទូលាយ ក្រុមហ៊ុន ICVeX ផ្តល់​វេទិកា​ពាណិជ្ជកម្ម​ប្រកបដោយ​គុណភាព​ខ្ពស់​តាមរយៈ​ការតាំង​ពិ​ពណ៌​របស់​​ខ្លួន​។​

​ចំណែក​សមាគម​ស្ថាបត្យករ​កម្ពុជា (CSA) ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ២០០៨ និង​បាន​ចុះបញ្ជី​ការ​តាម​ផ្លូវ​ច្បាប់​នៅ​ឆ្នាំ ២០១៦ ជា​អង្គការ​វិជ្ជាជីវៈ​មិន​រក​ប្រាក់ចំណូល ដើម្បី​លើកស្ទួយ​វិជ្ជាជីវៈ​ផ្នែក​សា្ថប​ត្យ​កម្ម​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​កិច្ចសហការ​ជាមួយ​គណៈ​ស្ថាបត្យករ​កម្ពុជា​។

CSA ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​ស្ថាបត្យករ​ខ្មែរ​ដែល​មាន​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ជាមួយនឹង​ប្រវត្តិ​ផ្សេងៗ​ក្នុង​វិស័យ​អប់រំ និង​បទពិសោធន៍​ក្នុង​វិស័យ​ស្ថាបត្យកម្ម និង​ការអនុវត្ត​ជំនាញ​។ នៅ​ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​អភិវឌ្ឍ​ខ្លួន​ឱ្យទៅ​ជា​សង្គម​ទំនើប​មួយ CSA មាន​គោលបំណង​ក្លាយខ្លួន​ជា​ប្រភព​នៃ​សាមគ្គីភាព​សម្រាប់​​បណ្តា​ស្ថាបត្យករ​ទាំងអស់​នៅក្នុង​ប្រទេស​។

បច្ចុប្បន្ន នៅក្នុង​ប្រទេស​កម្ពុជា​មាន​ស្ថាបត្យករ​ចំនួន​ជាង ៣.០០០ នាក់ ដែល​ក្នុងនោះ​មាន​ស្ថាបត្យករ​ចំនួន ៥០០ នាក់ ជា​សមាជិក CSA៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×