សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពីថ្ងៃទី០១ មេសា ឆ្នាំ២០២២ បានរួមគ្នាដាក់ឱ្យអនុវត្តកម្មវិធី«លទ្ធភាពទទួលបានហិរញ្ញប្បទាន» ដែលហៅឈ្មោះជាភាសាអង់គ្លេសថា “Access to Finance Program (AFP)” ។
កម្មវិធីផ្សព្វផ្សាយពីកម្មវិធី«លទ្ធភាពទទួលបានហិរញ្ញប្បទាន» នេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា, អមដោយ អនុប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេង ប្រធានសមាគធនាគារនៅកម្ពុជា, ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នាយិការប្រចាំប្រទេសអង្គការផេកកម្ពុជា និងមានការចូលរួមពីតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សហគ្រិនស្រ្តី និងម្ចាស់អាជីវកម្មប្រមាណជា ៨០រូប ដែលបានចូលរួមដោយផ្ទាល់នៅឯសណ្ឋាគារអូឡាំព្យារស៊ីធី ព្រមទាំងអ្នកចូលរួមតាមប្រព័ន្ធហ្ស៊ូមប្រមាណជាង ១៥០នាក់ផ្សេងទៀត។
កម្មវិធីនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលកំណត់គោលដៅ ៥០ភាគរយជាសហគ្រិនស្ត្រី ដើម្បីទទួលបានហិរញ្ញប្បទាន ពីស្ថាប័នហិរញ្ញវត្ថុចូលរួម និងការកសាងសមត្ថភាព រួមមានការផ្តល់វគ្គបណ្តុះបណ្តាលអំពីការគ្រប់គ្រងសាច់ប្រាក់ ទុនបង្វិល ពិសេសការស្វែងយល់អំពីរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសមីក្រូ ធុនតូច និងមធ្យម។ បន្ថែមលើនេះ សហគ្រិនដែលចូលរួមក្នុងកម្មវិធីនេះ នឹងទទួលជំនួយបច្ចេកទេសក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ប្រព័ន្ធហិរញ្ញវត្ថុផងដែរ។
ការដាក់ឱ្យអនុវត្តកម្មវិធី«លទ្ធភាពទទួលបានហិរញ្ញប្បទាន» គឺឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរួមគ្នា រវាងសមាគមសហគ្រិន
វ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀងភាពជាដៃគូ ក្នុងការចូលរួមចំណែកលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុក្នុងចំណោមសហគ្រិនវ័យក្មេង ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ។
លោកឧកញ៉ា ប៉ិច បូឡែន អនុប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងអំណរគុណចំពោះគណៈអធិបតី និងអ្នកចូលរួមទាំងអស់ ជាពិសេសដៃគូឧបត្ថម្ភគាំទ្រទាំងអស់ដែលបានបង្កើតកម្មវិធីនេះឡើង។ កម្មវិធីនេះ នឹងរួមចំណែកបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាព និងគាំទ្រដល់ការទទួលបានហិរញ្ញប្បទានកាន់តែប្រសើរសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងពិសេសសហគ្រិនស្ត្រីនៅកម្ពុជា។
លោក Raymond Sia ប្រធានសមាគមធនាគារកម្ពុជា បានលើកឡើងថា កម្មវីធីលទ្ធភាពទទួលបានហិរញ្ញប្បទាននេះគឺជាអាទិភាពដ៏សំខាន់មួយ ក្នុងចំណោមអាទិភាពសំខាន់ៗផ្សេងទៀត ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តជាតិស្តីពី
បរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩ – ២០២៥។ លោកបន្តថា កម្មវិធីថ្ងៃនេះ នឹងក្លាយជាវេទិកា ផ្សារភ្ជាប់គ្រឹះស្ថានហិរញ្ញវត្ថុ សហគ្រាសធុនមីក្រូ តូច និងមធ្យម និងពិសេសសហគ្រិនស្ត្រី ដើម្បីជួបគ្នា និងជជែកគ្នាអំពីតម្រូវការនានា ដែលពាក់ព័ន្ធនឹងកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្ប
ទាន។
ស្រដៀងគ្នានេះដែរ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយភាគីពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាល តាមរយៈការផ្តួចផ្តើមរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការបង្កើតធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា(SME Bank) ក៏ដូចជាសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលសុទ្ធតែមានគោលបំណង ជំរុញឱ្យសហគ្រាសនៅកម្ពុជាទទួលបានដើមទុនងាយស្រួលជាងមុន ក្នុងអត្រាការប្រាក់ទាប ដើម្បីស្តារ ចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។
លោកស្រី សាប៊ីន យ៉ៅគ្ក នាយិកាប្រចាំប្រទេសអង្គការផេកប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលបានសហការជាមួយ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការបង្កើតឲ្យមាន “កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន (Access to Finance Program)” នេះឡើង។ លោកស្រីបានមានចំណាប់អារម្មណ៍ថា៖« យើងត្រូវធ្វើការជាមួយគ្នា ដើម្បីគាំទ្រសហគ្រិន រួមទាំងសហគ្រិនស្ត្រីដែលមានប្រមាណ ៣៥០,០០០ នាក់ នៅក្នុងប្រទេសកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលពួកគេកំពុងជួបប្រទះ ជាពិសេសការមិនមានទ្រព្យបញ្ចាំ ដើម្បីទទួលបានប្រាក់កម្ចី។» លោកស្រីបន្តថា សហគ្រិនស្ត្រី ដែលស្ថិតក្នុងសហគ្រាសធុនមីក្រូ និងតូច គួរតែត្រូវបានផ្តោតកាន់តែច្រើន។
លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា ដែលបានផ្តល់កិត្តិយសចូលរួមជាគណៈអធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបានយកចិត្តទុកដាក់បង្កើតឲ្យមានកម្មវិធីនេះឡើង។ កម្មវិធី“លទ្ធភាពទទួលបានហិរញ្ញប្បទាន” ពិតជានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។
លោកជំទាវបានលើកឡើងថា កម្មវីធីលទ្ធភាពទទួលបានហិរញ្ញប្បទាននេះ ជាផ្នែកមួយនៃយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩ – ២០២៥ ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាព កាត់បន្ថយអត្រាស្រ្តីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុឲ្យបានពាក់កណ្តាល ពី២៧% មក១៣% និងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពី៥៩% ទៅ៧០% ត្រឹមឆ្នាំ២០២៥ ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពគ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ច។ លោកជំទាវ បានលើកទឹកចិត្តគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឲ្យយកចិត្តទុកដាក់ផ្តល់ឥណទានដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយពិចារណាលើលទ្ធភាពនៃការសង ជាជាងទ្រព្យធានា។
គួររំលឹកផងដែរថា កម្មវិធី AFP ដែលបានអនុវត្តកន្លងទៅ ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដែលក្នុងនោះរួមមាន សហ
គ្រិនចំនួន ៧៣ នាក់ ទទួលបានប្រាក់កម្ចី ដែលផ្តល់ដោយស្ថាប័នហិរញ្ញវត្ថុចូលរួម សហគ្រិន ២៣២នាក់ បានទទួលការ
កសាងសមត្ថភាពពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងសហគ្រិនចំនួន ២៧នាក់ បានទទួលជំនួយបច្ចេកទេសក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ប្រព័ន្ធហិរញ្ញវត្ថុ ដែលបានផ្តល់ដោយក្រុមហ៊ុនបញ្ជី។ ដោយផ្អែកលើលទ្ធផលនេះ សមាគមទាំងបី នឹងបន្តរអនុវត្តកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទានឆ្នាំ២០២២ ដើម្បីបន្តរគាំទ្រសហគ្រិនទទួលបានហិរញ្ញប្បទាន៕