ភ្នំពេញ៖ ក្នុងរយៈពេល ៣ខែ ឬត្រីមាសទី១ ដើមឆ្នាំ ២០២២នេះ ចំណូលពីការលក់បណ្ណទស្សនាអង្គរមានជាង ៨១ម៉ឺនដុល្លារ។ ក្នុងរយៈពេល៣ខែនេះដែរ ចំនួនទេសចរណ៍បរទេសមានសរុបចំនួន ១៩ ៨៤០នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះកើនឡើងជាង ៣០០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
បើយោងតាមការចេញផ្សាយរបស់គ្រឹះស្ថានអង្គរ តាមរយៈការលក់បណ្ណខាងលើនេះ ធ្វើឱ្យរកចំណូលបាន ៨១៥, ៥៧៥ ដុល្លារអាមេរិក កើនឡើងជាង ៣០០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២១។ គ្រឹះស្ថានអង្គរបានបង្ហាញទៀតថា ក្នុងខែ មីនាតែមួយ ទេសចរណ៍ ដែលទិញបណ្ណទស្សនារមណីយដ្ឋានអង្គរមានចំនួន ៨ ១៧៧នាក់ គិតជាទឹកប្រាក់ស្មើនឹង ៣៣៧,៤៩៩ដុល្លារ កើនឡើងខ្ពស់បើធៀបនឹងឆ្នាំទៅ។
គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៣ខែនេះដែរ ចំណូល ដែលគ្រឹះស្ថានអង្គរទទួលបាន ក៏មានការដកដើម្បីឧបត្ថម្ភដល់មូលនិធិ គន្ធបុប្ផាកម្ពុជា មានចំនួន ៣៩,៦៨០ ដុល្លារផងដែរ៕