ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួង តាមរយៈតំណាងរបស់ខ្លួនប្រចាំនៅសហរដ្ឋអាមេរិក កំពុងពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីតវ៉ានឹងការស៊ើបអង្កេតរបស់អាមេរិក ដែលអាចបណ្តាលឱ្យមានការដំឡើងពន្ធលើបន្ទះថាមលពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ (បន្ទះសឡា) ដែលនាំចូលពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៤ ក្នុងនោះ មានប្រទេសកម្ពុជាផងដែរ។
ឯកឧត្តម ប៉ែន សុជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះ ក្រសួងពាណិជ្ជកម្មកម្ពុជា តាមរយៈតំណាងរបស់ខ្លួនប្រចាំនៅសហរដ្ឋអាមេរិក កំពុងតែពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក ដើម្បីការពារផលប្រយោជន៍អ្នកវិនិយោគនៅកម្ពុជាពីការចោទប្រកាន់នេះ។
ឯកឧត្តមបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មកម្ពុជា ក៏កំពុងពិភាក្សាជាមួយភាគី ថៃ វៀតណាម និងម៉ាឡេស៊ី ដើម្បស្វែងរកមធ្យោបាយក្នុងការដោះស្រាយបញ្ហានេះជាមួយភាគីសហរដ្ឋអាមេរិកផងដែរ។
ការស៊ើបអង្កេតនេះ ត្រូវបានផ្តួចផ្តើមឡើងដោយសារតែសំណើរបស់ក្រុម Auxin Solar Inc ទៅកាន់ក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ កាលពីថ្ងៃទី ២៨ ខែមីនា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា គ្រោងនឹងបើកការស៊ើបអង្កេត ថាតើបន្ទះសឡា ដែលផលិតក្នុងប្រទេសកម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម ដោយប្រើសមាសធាតុផ្សំ និងគ្រឿងបន្លាស់ពីប្រទេសចិន ហើយនាំចេញទៅសហរដ្ឋអាមេរិក ឬយ៉ាងណានោះ កំពុងគេចពីការប្រឆាំង។ ការនាំចេញផលិតផលបន្ទះសឡារបស់កម្ពុជា គឺស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធ MSN ដែលស្ថិតក្នុងពន្ធសូន្យ។ យោងតាមទិន្នន័យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការនាំចេញផលិតផលបន្ទះសឡារបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក មានតម្លៃទឹកប្រាក់សរុប ២៥៦,៨៩លានដុល្លារ បានកើនឡើង ៩៣,៦៦ភាគរយ បើធៀបនឹងឆ្នាំ ២០២០ ដែលកាលនោះ មានតម្លៃទឹកប្រាក់ ១៣២,៦៥លានដុល្លារ៕