ខេត្តព្រះសីហនុ៖ សាធារណជនទូទៅ និងមន្ត្រីរាជការថ្នាក់ទាបមួយចំនួនបង្ហាញចម្ងល់ថា តើការចាប់ខ្លួនប្រជាពលរដ្ឋក្រីក្ររងគ្រោះលើទំនាស់ដីធ្លីចំនួន ៤នាក់ រស់នៅសហគមន៍អូរខ្សាច់ ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ របស់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ទៅតាមបណ្តឹង របស់លោកឧកញ៉ា តាន់ តាត់ និង ឡុញ វណ្ណៈ ជាអ្នកមានអំណាច និងមានទ្រព្យស្តុកស្តមនាខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ តើអាចជាសកម្មភាពប្រមាថ ឬផ្គើនចំពោះបទបញ្ជា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឬយ៉ាងណា..? ។
ទាក់ទិនបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងទៅថ្មីៗនេះ មានប្រសាសន៍ដាក់គោលការណ៍ និងបទបញ្ជា ដល់មន្ត្រីក្រោមឱវាទ របស់សម្តេច នៅតាមរាជធានីខេត្តនានា ឲ្យបន្តសម្របសម្រួលដោះស្រាយវិវាទដីធ្លីរវាងភាគីទំនាស់ដោយសន្តិវិធី និងជៀសវាងចាប់ប្រជាពលរដ្ឋ ឬអ្នកមានទំនាស់ដីធ្លីដាក់ពន្ធនាគារជាបន្តទៀតទេ។
ទោះជាបែបនេះក្តី ងាកមកខេត្តព្រះសីហនុឯណោះវិញ គេកត់សម្គាល់ថា សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ពិសេសស្ថាប័នកងរាជអាវុធហត្ថខេត្តព្រះសីហនុ មិនត្រឹមមិនបានលើកយកប្រសាសន៍ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី យកមកអនុវត្តតាមឲ្យមានប្រសិទ្ធភាពទេ ប៉ុន្តែបែរជាបានផ្គើនបទបញ្ជា សម្តេច ទៅវិញ ដោយកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ បានបញ្ជូនកម្លាំងចុះចាប់ពលរដ្ឋមានទំនាស់ដីធ្លី ៦នាក់ ដាក់ខ្នោះ បញ្ជូនទៅតុលាការចោទប្រកាន់ដាក់គុកច្រវ៉ាក់ភ្លាមៗ ទៅតាមបណ្តឹង របស់ លោក តាន់ តាត់ និងលោក ឡុញ វណ្ណៈ ដោយភាគីទំនាស់ខាងលើនេះសំអាងថា ពួកគេមានប្លង់កម្មសិទ្ធិកាន់កាប់ដីទំនាស់ស្របច្បាប់។
ទាក់ទិនបញ្ហានេះ អ្នកយកព័ត៌មានគេហទំព័រ www.cen.com.kh ប្រចាំខេត្តព្រះសីហនុ មិនទាន់មានប្រភពទាក់ទង លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបំភ្លឺជុំវិញការចាប់ខ្លួនពលរដ្ឋមានទំនាស់ដីធ្លីដាក់ខ្នោះ បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ តាមបណ្តឹង របស់លោក តាន់ តាត់ និងលោក ឡុញ វណ្ណៈ បានទេនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។ ប៉ុន្តែកម្លាំងកងរាជអាវុធហត្ថ ដែលបានចូលរួមក្នុងសកម្មភាពចុះចាប់ខ្លួនពលរដ្ឋ នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ កាលពីល្ងាចថ្ងៃអាទិត្យ ទី៦ ខែឧសភា បានឲ្យដឹងថា កម្លាំងស្ថាប័នខ្លួនបានចុះអនុវត្តស្របតាមនីតិវិធីច្បាប់ត្រឹមត្រូវ។
យ៉ាងនេះក្តី មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋរងគ្រោះដីធ្លី នៅសហគមន៍អូរខ្សាច់ បានស្នើដល់ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិសេសសម្តេចតេជោ ហ៊ុន សែន ជួយបញ្ជូនមន្ត្រីឯករាជ្យចុះស៊ើបអង្កេតទៅលើប្លង់កម្មសិទ្ធិ ដែលភាគី លោក តាន់ តាត់ និងលោក ឡុញ វណ្ណៈ ទទួលបានប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លី នៅចំណុចដីមានទំនាស់ជាមួយពលរដ្ឋ ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដែលមន្ត្រីរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុអះអាងថា ជាដីគម្របព្រៃឈើឆ្នាំ២០០២ គ្រប់គ្រងដោយរដ្ឋ ឲ្យបានឆាប់ ដើម្បីរកយុត្តិធ៌មជូនពលរដ្ឋរងគ្រោះដីធ្លី និងរកឲ្យឃើញតើភាគីណាមួយជាម្ចាស់ដី ហើយបានមករស់នៅ និងអាស្រ័យផល លើកាន់កាប់ដីពិតប្រាកដ ស្របតាមច្បាប់ភូមិបាល របស់ព្រះរាជាណាចក្រកម្ពុជា។
បន្ថែមលើនេះ អ្នកស្រី លុច ទូច ពលរដ្ឋរងគ្រោះដីធ្លីម្នាក់ ស្ថិតក្នុងចំណោមពលរដ្ឋរងគ្រោះ ៤នាក់ រស់នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ បានលើកដៃសំពះអំពាវនាវឲ្យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឲ្យជួយអន្តរាកមន៍មុនពេលត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុន នាំខ្លួនចេញពីសាលាដំបូងខេត្តព្រះសីហនុ ទៅឃុំខ្លួននៅពន្ធនាគារខេត្តនេះ កាលពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨។
យ៉ាងនេះក្តី អ្នកយកព័ត៌មានគេហទំព័រ www.cen.com.kh ប្រចាំខេត្តព្រះសីហនុ មិនទាន់មានប្រភពទាក់ទងលោក តាន់ តាត់ និង លោក ឡុញ វណ្ណៈ ដើម្បីបំភ្លឺបន្ថែមជុំវិញ ពាក្យបណ្តឹង ដែលឈានដល់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជាប់ពលរដ្ឋមានទំនាស់ដីធ្លី រស់នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដាក់ខ្នោះបញ្ជូនទៅកាន់សាលាដំបូងខេត្តនេះ និងក្រោយមកត្រូវឃុំខ្លួនពលរដ្ឋចំនួន ៤នាក់ ដាក់ពន្ធនាគារបានទេ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។
កាលពីល្ងាចថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន ២រថយន្ត បានចុះចាប់ដាក់ខ្នោះពលរដ្ឋមានទំនាស់ដីធ្លីចំនួន ៦នាក់ នៅសហគមន៍អូរខ្សាច់ ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ បញ្ជូនទៅកាន់សាលាដំបូងខេត្តនេះ តាមបណ្តឹង របស់លោកឧកញ៉ា តាន់ តាត់– លោក ឡុញ វណ្ណៈ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ ក្រោយមកពលរដ្ឋក្រីក្រមានទំនាស់ដីធ្លីទាំងនោះ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនពលរដ្ឋចំនួន ៤នាក់ ក្នុងចំណោម ៦នាក់ បញ្ជូនទៅដាក់ក្នុងពន្ធនាគារខេត្តព្រះសីហនុ ជាបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ដោយចោទពីបទ « ប្រើហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ប្តឹងដោយ លោក តាន់ តាត់– លោក ឡុញ វណ្ណៈ និងអ្នកពាក់ព័ន្ធដ៏ទៃទៀត។
សំណុំរឿងដីធ្លី ដែលក្រុមអ្នកឃ្លាំមើលសង្គម និងពលរដ្ឋរងគ្រោះអះអាងថា មានភាពមិនប្រក្រតី និងអយុត្តិធ៌ម សម្រាប់ពលរដ្ឋជាម្ចាស់ដីពិតប្រាកដ ប៉ុន្តែបែរជាត្រូវជាប់គុកកច្រវ៉ាក់ទៅវិញនេះ នៅចុងបញ្ចប់នៃការសាកសួរពលរដ្ឋមានវិវាទដីធ្លីទាំង ៦នាក់ គឺត្រូវ លោក ឡូត ផារី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ ឲ្យឃុំខ្លួនប្រជាពលរដ្ឋមានទំនាស់ដីធ្លី ចំនួន ៤នាក់ ក្នុងចំណោម ៦នាក់ ឲ្យជាប់ពន្ធនាគារខេត្តព្រះសីហនុ ជាបណ្តោះអាសន្ន ចោទពីបទ «ប្រើហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ប្រព្រឹត្តនៅចំណុចភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨។
ដីកាបង្គាប់ឲ្យឃុំខ្លួន មានចុះហត្ថលេខា និងបោះត្រា លោក ឡូត ផារី ចៅក្រមចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តព្រះសីហនុ ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ បានសម្រេច៖
១– បញ្ជាជាឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ លុច ទូច ហៅទូច ភេទស្រី – ឈ្មោះ កៅ ហេង ហៅចិក ភេទប្រុស – ឈ្មោះ មែន ខេន ភេទប្រុស និងឈ្មោះ ញ៉ាញ់ ជាតិ ភេទប្រុស មានអាសយដ្ឋាននៅក្រុម៤ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជនត្រូវចោទទាំង ៤នាក់ ត្រូវតុលាការបង្គាប់ ឲ្យនាំខ្លួនទៅដាក់នៅពន្ធនាគារខេត្តព្រះសីហនុ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីនៃច្បាប់។
២– បង្គាប់ឲ្យប្រធានពន្ធនាគារខេត្តព្រះសីហនុ ទទួលជនត្រូវចោទ និងឃុំខ្លួនជនត្រូវចោទទាំង ៤នាក់ រហូតដល់មានដីកាសម្រេចផ្សេងពីនេះ។
៣– បង្គាប់ឲ្យភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់នៅពេលបានឃើញដីកានេះ ត្រូវសហការអនុវត្តឲ្យបានល្អ ក្នុងករណីចាំបាច់។
សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន២រថយន្ត កាលពីល្ងាចថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១៨ បានចុះចាប់ខ្លួន ប្រជាពលរដ្ឋមានទំនាស់ដីធ្លីចំនួន ៦នាក់ រស់នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុតាមបណ្ដឹង របស់ឧកញ៉ា តាន់ តាត់ និងលោក ឡុញ វណ្ណៈ ជាអ្នកមានអំណាច និងទ្រព្យធនដ៏ល្បីល្បាញ ដែលអះអាងមានប្លង់កម្មសិទ្ធិស្របច្បាប់លើដីមានវិវាទខាងលើ បានប្តឹងចោទពលរដ្ឋពីបទ «ប្រើហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត»។
មន្ត្រីសង្គមស៊ីវិលមួយចំនួន ដែលតាមឃ្លាំមើលសំណុំរឿងដីធ្លីខាងលើ សម្តែងការសោកស្តាយ និងរន្ធត់ចិត្ត នៅគ្រា លោក ឡូត ផារី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនពលរដ្ឋក្រីក្រមានទំនាស់ដីធ្លីចំនួន ៤នាក់ ក្នុងចំណោម ៦នាក់ ដាក់ពន្ធនាគារ ទៅតាមបណ្តឹង របស់ឧកញ៉ា តាន់ តាត់ និង លោក ឡុញ វណ្ណៈ ជាមន្ត្រីមានអំណាច និងអ្នកមានទ្រព្យស្តុកស្តម នាខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃអង្គារ៍ ទី៨ ខែឧសភា ឆ្នាំ២០១៨។
អ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម ប្រចាំខេត្តព្រះសីហនុ បានអះអាងថា សកម្មភាពចាប់ខ្លួនប្រជាពលរដ្ឋមានទំនាស់ដីធ្លី ដោយប្រើច្បាប់ព្រហ្មទណ្ឌមកអនុវត្ត ជាពិសេសប្រើទៅលើប្រជាពលរដ្ឋរងគ្រោះ ចំនួន ៤នាក់ រស់នៅសហគមន៍អូរខ្សាច់ ឃុំអូរត្រេះ ស្រុកស្ទឹងហាវខាងលើនេះ គឺបានកើតមានជាថ្មីទៀត ដោយភាគីអ្នកមានអំណាច និងមានទ្រព្យ បានប្រើកងកម្លាំងប្រដាប់អាវុធ ពិសេសកម្លាំងស្ថាប័នកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាប់ចងពលរដ្ឋ ដែលពួកគេទាំងនោះកំពុងតស៊ូមតិ និងស្វែងរកដំណោះស្រាយលើវិវាទដីធ្លីខាងលើនេះ ដោយសន្តិវិធីតាមរយៈប្រព័ន្ធតុលាការ និងតាមរយៈការសម្របសម្រួលរបស់ថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តព្រះសីហនុ ជាបន្តបន្ទាប់មកនេះ។
ការចាប់ខ្លួនពលរដ្ឋមានទំនាស់ដីធ្លី ៤នាក់ ដាក់គុកច្រវ៉ាក់ ដែលបានកើតមានជាថ្មី ផ្តើមដោយបណ្តឹង របស់ លោក តាន់ តាត់ និងលោក ឡុញ វណ្ណៈ អ្នកមានអំណាច និងមានទ្រព្យធន គឺបានកើតមាន ស្របពេលសកម្មភាព នៃការទិញលក់ដីនៅមូលដ្ឋានខេត្តព្រះសីហនុ កំពុងមានតម្លៃហាងឆេងខ្ពស់ ដោយសារកំណើនអ្នកវិនិយោគទុនចិន បានហូរចូលមកមូលដ្ឋាននេះមានចំនួនច្រើននាបច្ចុប្បន្ននេះ៕