Saturday, October 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ ឈ្មោះ កាម៉ារូទីន ស៊ូហៃមី ត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារព្រៃស ក្រោយចោទប្រកាន់ ២បទល្មើស ពាក់ព័ន្ធការចាប់រំលោភ ក្មេងស្រីសិស្សសាលាខ្មែរឥស្លាម

ភ្នំពេញ៖ជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី អ្នកគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ អនាម័យ និងសុខភាពនៅអន្តេវាដ្ឋានស្រី របស់សាលាឥស្លាមមួយ ត្រូវបានចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ។

ពាក់ព័ន្ធជនសង្ស័យ ឈ្មោះ កាម៉ារូទីន ស៊ូហៃមី សំណុំរឿងនេះ​ តំណាងអយ្យការបានបេីកការស៊េីបសួរលេីជនសង្ស័យពីបទ​ ៖ ១-​ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនល្មេីស​ តាមមាត្រា​ ២៤០​ នៃក្រមព្រហ្មទណ្ឌ​ និង២-​ ប្រទូស្តកេរខ្មាសមានស្ថានទម្ងន់ទោសទាក់ទងនឹងចារី​ និង​ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ​ តាមមាត្រា​ ២៤៧​ និងមាត្រា​ ២៤៨​ នៃក្រមព្រហ្មទណ្ឌ​ ។ នេះជាការបញ្ជាក់ពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ។
ជនសង្ស័យជាជនជាតិខ្មែរឥស្លាម ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ម១) ពីបទ ប្រទូស្តកេរ្តខ្មាសមានស្ថានទម្ងន់ទោសទាក់ទងនឹងចារី និងស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ ប្រព្រឹត្តចំណុចនៅវិទ្យាស្ថានអាន់នៀកម៉ះអាល់ឥស្លាមីយ៉ះភ្នំពេញ II ស្ថិតនៅក្រុម១ ភូមិ០៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីកំឡុងខែមីនា ខែកញ្ញា និងក្នុងខែតុលា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានបញ្ញត្តិចែងឲ្យផ្តន្ទាទោសតាមមាត្រា២៤៧ និងមាត្រា២៤៨ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវចាប់ខ្លួននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ពាក់ព័ន្ធការប្រព្រឹត្តអំពើប្រទូស្តកេរ្ដិ៍ខ្មាស និងរំលោភសេពសន្ថវៈលើកុមារីជាសិស្សសាលាខ្មែរឥស្លាម។

ការឃាត់ខ្លួននេះ បានធ្វើឡើងក្រោមការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក មួង សុធា និងលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា កម្លាំងជំនាញបានស្រាវជ្រាវរកឃើញកុមារីសិស្សសាលាខ្មែឥស្លាមរងគ្រោះចំនួន៤នាក់ (អាយុ១៣ឆ្នាំ០១នាក់, អាយុ១៤ឆ្នាំ០១នាក់ និងអាយុ១៥ឆ្នាំ០២នាក់) ត្រូវបានជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី អាយុ៣៣ឆ្នាំ បានប្រព្រឹត្តបទល្មើសប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ: ក្នុងនោះដាក់បណ្តឹង០២នាក់ មិនដាក់បណ្តឹង០២នាក់ និងសាក្សី០៤នាក់ផ្សេងទៀត បានបំភ្លឺផ្តល់ព័ត៌មាន។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានសូមអំពាវនាវដល់ក្រុមគ្រួសារ នៃកុមារីរងគ្រោះក្នុងករណីខាងលើនេះ មកដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឬដាក់ពាក្យបណ្តឹង អនឡាញតាមរយៈក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីផ្តល់ព័ត៌មាន និងភស្តុតាងបន្ថែម ដល់សមត្ថកិច្ចជំនាញ ក្នុងការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×