ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានសហការជាមួយសមាគមជប៉ុនកម្ពុជា (JCA) រៀបចំវេទិកាជាលើកទី២ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ជាមួយពាណិជ្ជករកម្ពុជា និងជប៉ុន ដើម្បីស្វែងរកដៃគូវិនិយោគទៅវិញទៅមក ខណៈដែល រាជរដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងជំងឺកូវីដ១៩ បានល្អប្រសើរ។
វេទិកាផ្គូផ្គងពាណិជ្ជកម្មកម្ពុជា-ជប៉ុន ក្រុមអ្នកវិនិយោគជប៉ុនទាំង២៤ ក្រុមហ៊ុនរួមមាន ការអភិវឌ្ឍន៍លំនៅឋាន, សុខាភិបាល កាត់ដេរសម្លៀកបំពាក់ បច្ចេកវិទ្យា និងកសិកម្ម ជាដើម បានជួបជាមួយក្រុមហ៊ុនចម្រុះវិស័យរបស់កម្ពុជាចំនួន ២៩ក្រុមហ៊ុន ដើម្បីភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក ឈានដល់ការធ្វើពាណិជ្ជកម្មរួមគ្នា។
ចំណែកលោក Takahashi, Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) បានដឹកនាំអ្នកវិនិយោគជប៉ុនចំនួន ២៤ក្រុមហ៊ុន ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងប្រាប់វិនិយោគិនជប៉ុនថា ប្រទេសកម្ពុជា ត្រូវបានចាត់ទុកថា ជាលំដាប់ពិភពលោក ដែលគ្រប់គ្រងកូវីដ១៩បានល្អ ហើយសេដ្ឋកិច្ច មានភាពធន់។ ឥឡូវនេះ ប្រជាជនអាចធ្វើដំណើរដោយសេរី សកម្មភាពសេដ្ឋកិច្ចកំពុងវិលទៅរកភាពធម្មតាវិញ ជាបណ្តើរៗ ឥឡូវនេះជាពេលវេលាដ៏ល្អសម្រាប់ការវិនិយោគ។
លោកបណ្ឌិត បន្តថា កម្ពុជាជាប្រទេសសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយនឹងកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧.៨% មុនជំងឺរាតត្បាត ហើយត្រូវបានព្យាករណ៍ដោយធនាគារអភិវឌ្ឍន៍អាស៊ីថា នឹងស្ថិតក្នុងរង្វង់ ៥.៣% ក្នុងឆ្នាំ ២០២២ និង ៦.៥% នៅឆ្នាំ ២០២៣។ មូលដ្ឋានសម្រាប់សុទិដ្ឋិនិយមសម្រាប់កម្ពុជា គឺជាមួយនឹងអត្រាការចាក់វ៉ាក់សាំងខ្ពស់ និងអត្រាឆ្លងទាប ដូច្នេះប្រទេសអាចបើកព្រំដែន ប្រកបដោយសុវត្ថិភាព ដល់អ្នកដំណើរអន្តរជាតិ។
លោកបណ្ឌិត អ៉ិន ចាន់នី បន្តថា «ខ្ញុំជឿជាក់ថា ព្រឹត្តិការណ៍ផ្គូផ្គងធុរកិច្ចកម្ពុជា-ជប៉ុននេះ នឹងទទួលបានជោគជ័យខ្ពស់។ ទំនាក់ទំនងរវាងវិនិយោគិនក្នុងស្រុក និងបរទេសនឹងត្រូវបានបង្កើតឡើង។ ឱកាសវិនិយោគនឹងត្រូវបានកំណត់។ ចំណេះដឹង និងបទពិសោធន៍នឹងត្រូវបានចែករំលែក។ ទាំងអស់នេះនឹងនាំឱ្យទំនាក់ទំនងពាណិជ្ជកម្មកាន់តែមានភាពសកម្មរវាងកម្ពុជា និងជប៉ុន»។
ជាមួយគ្នានេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន ក៏បានកើនឡើងជាបន្តបន្ទាប់។ ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជា ជប៉ុន មានទឹកប្រាក់ ៤៨០ លានដុល្លារ កើនឡើង ៣.៥ភាគរយ ក្នុងនោះ កម្ពុជានាំចេញ ទៅជប៉ុន មានទឹកប្រាក់៣០៥លានដុល្លារ និងជប៉ុននាំចូលមកកម្ពុជា មានទឹកប្រាក់១៧៤លានដុល្លារអាមេរិក។
សូមរម្លឹកថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបើកវេទិកាជួបជុំជាលើកដំបូងជាមួយពាណិជ្ជករ និងភាគទុនិក ជប៉ុន ជាង ១០០នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ដើម្បីស្វែងរកវិធីសាស្ត្រថ្មីៗបន្ថែមទៀត ទាក់ទិននឹងការធ្វើប្រតិបត្តិការ និងផ្តល់សេវាកម្មផ្សេងៗរបស់ធនាគារ ជួនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង៕